• 2017-07-06 03:34:31
  • ព័ត៌មាន

ណូម័រ​ ជិះ Range Rover បាន ​១អាទិត្យ ​បង្ខំ​លក់​យ៉ាង​​តក់ក្រហល់

  • 2017-07-06 03:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Range Rover ស៊េរី​ឆ្នាំ ២០១២ ដែល​កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ​ ណូម័រ ទិញ​កាល​ពីពេល​ថ្មីៗនេះ​​បាន​លក់​ចេញ​វិញ​ហើយ បន្ទាប់​ពី​​តារា​ស្រី​រូប​នេះ​ជិះ​​​បាន​ត្រឹម​​តែ​១សប្ដាហ៍។ ការ​លក់​យ៉ាង​តក់ក្រហល់​​​​បែប​នេះ ណូម័រ បញ្ជាក់​ប្រាប់​ថា ក៏​ព្រោះ​តែ​​ខ្លួន​ភ័យ​ខ្លាំង​ពេក ត្បិត​អី​​ក្នុង​អារម្មណ៍​​ហាក់​ដូច​ជា​មាន​​អ្នក​តាម​រហូត។

"អត់​ដែល​ជិះ​អា​ស៊េរី​ខ្ពស់​អ៊ីចឹង ដល់​ពេល​​ជិះ​ទៅ​ដូច​ភ័យៗ​ដូច​​ជា​មាន​អ្នក​តាម​ពី​ក្រោយ​ម៉េចមិន​ដឹង​ទេ ខ្ញុំ​ទៅ​ណា​មក​ណា​តែ​២នាក់​ម៉ាក់​ផង អ៊ីចឹង​​បង​អើយ​លក់​វិញ​ទៅ" ណូម័រ ថ្លែង​មក​កាន់​ Sabay។ រថយន្ត Range Rover នោះ​នាង​ទិញ​ក្នុង​តម្លៃ​ ៥១ ០០០​ដុល្លារ ហើយ​លក់​ចេញ​វិញ​នាង​ប្រាប់​ថា ខាត​តិចតួច។

ដោយសារ​​មិន​ហ៊ាន​ជិះស៊េរី​ខ្ពស់​ដូច​បាន​លើក​ឡើង​ដូច​នេះ ណូម័រ​ បាន​សម្រេច​ចិត្ត​ទិញ Lexus RX300 ក្នុង​​ក្នុង​តម្លៃ​ជាង​ ១ម៉ឺន​ដុល្លារ ហើយ​សល់​ប្រាក់​នាង​សន្សំទុកដើម្បី​ទិញ​ផ្ទះ​វិញ។

ចាប់​តាំង​ពី​បោះជំហាន​ចូល​សិល្បៈតារាសម្តែង ណូម័រ​ ប្រាប់​ថា ខ្លួន​បាន​ប្ដូរ​រថយន្ត​អស់ ៣គ្រឿង​មក​ហើយ ដោយ​រថយន្ត​ដែល​នាង​ជិះ​ដំបូង​គេ ម៉ាក​កូរ៉ូឡា ​តម្លៃ​ជាង ​៥ពាន់​ដុល្លារ។

ណូម័រ ទើប​តែ​បោះជំហាន​ចូល​សិល្បៈ​ជាង ​៣ឆ្នាំ​នេះ​ទេ ប៉ុន្តែ​​តារា​សម្ដែង ​​និង​ជា​ពិធី​ការិនី​តូច​ច្រឡឹង​រូប​នេះ​ហាក់​ដូច​ជា​រាសី​ឡើង​​ខ្លាំង​គួរឲ្យ​កត់សម្គាល់។ មុន​ទិញ​ឡាន ណូម័រ ទើប​តែ​ទិញ​ផ្ទះ​១ល្វែង​កាល​ពី​ជាង​១ឆ្នាំ​មុន។​ នាង​បាន​បញ្ជាក់​ថា ប្រាក់​ទាំង​អស់​នោះ​មិន​មាន​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​ឡើយ គឺ​កើត​​ចេញ​ពី​កម្លាំង​​ញើស​ឈាម​ក្នុង​សិល្បៈ និង​ការ​រកស៊ី​បន្តិចបន្តួច​របស់​នាង​ប៉ុណ្ណោះ៕

រូបភាពៈ ផ្តល់ឲ្យ​

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទថ្មី