• 2017-09-28 04:57:06
  • ជីវិតតារា

ក្មួយ​ស្រី​ ខាន់ ជេមស៍ មាន​ទីផ្សារ​ក្រៅ​ផលិតកម្ម​​ច្រើន​ តែ​មិន​អាច​ប្រឡូក

  • 2017-09-28 04:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្លក​ថ្មី​របស់​ផលិត​កម្ម​ សាន់ដេ ដែល​ប្រិយមិត្ត​ច្រើន​ស្គាល់​ថា​ជា​ក្មួយ​ស្រី​របស់​លោក ខាន់ ជេមស៍​ បាន​ប្រាប់​សប្បាយ​ថា តាំង​ពី​ប្រឡូក​សិល្បៈ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ នាង​​ត្រូវ​បាន​​គេ​​ទាក់​ទង​ឲ្យ​ទៅ​សម្ដែង​ និង​ច្រៀង​ជា​ច្រើន​កន្លែង​ តែ​រូ​បនាង​មិន​អាច​ប្រឡូក។

វីរៈ និច ប្រាប់​ថា ការងារ​សិល្បៈ​ដែល​ខ្លួន​កំពុង​ប្រឡូក​សព្វ​ថ្ងៃ​ គឺ​មាន​តែ​ច្រៀង​ក្នុង​ផលិត​កម្ម​ និង​ចេញ​ទៅ​ការ​ប្រគំ​តន្ត្រី​នានា​​តាម​ខេត្ត​ និង​នៅប៉ុស្តិ៍​ទូរទស្សន៍​ប៉ុណ្ណោះ បើ​សម្រាប់​ការ​ថត​ភាពយន្ត​ និង​ចេញ​ច្រៀង​តាម​ភោជនីយដ្ឋាន​នានា​​ ធ្លាប់​មាន​គេ​ទាក់​ទង​មក​ដែរ​ តែ​នាង​មិន​អាច​បំពេញ​ការងារ​បាន។

"ធ្លាប់​មាន​គេ​ហៅ​ថត​កុន​ច្រើន​ដែរ​បង តែ​ខ្ញុំ​មិន​មាន​ពេល​គ្រប់​គ្រាន់ ហើយ​មិន​សូវ​ស្រឡាញ់​ខាង​ផ្នែក​សម្ដែង​ផង ណា​មួយ​ខ្ញុំ​កុង​ត្រា​ជាមួយ​ផលិតកម្ម​ បើ​សិន​ជា​ថត​ ក៏​ថត​ឲ្យ​តែ​ផលិតកម្ម​ដែរ។ សម្រាប់​ការចេញ​ទៅ​ច្រៀង​នៅ​តាម​ភោជនីយដ្ឋាន​ផ្សេងៗ​ដើម្បី​រក​ចំណូល​បន្ថែម​​ មាន​គេហៅ​ច្រើន​ដូច​គ្នា​ តែ​​ប៉ា​ម៉ាក់​មិន​ឲ្យ​ទៅ​ទេ"។ ស្រី​ស្អាត​វ័យ​១៩​ឆ្នាំ​បញ្ជាក់។ ​

នាង​បា​ន​ឲ្យ​ដឹង​ទៀត​ថា រូប​នាង​​មិន​ទាន់​គិត​គូ​ស៊ី​ជម្រៅ​ទៅ​លើ​ការ​រក​ប្រាក់​ផ្គត់​ផ្គង់​ជីវភាពឡើយ​ ពោល​គឺ​ នាង​មិន​មែន​ជា​ជំហរ​ធំ​ក្នុង​គ្រួសារ​នោះ​ទេ​។ ម៉្យាង​ទៀត ​នៅ​ក្នុង​វ័យ​នេះ​ នាង​ចង់​ផ្ដោត​​អារម្មណ៍​លើ​ការ​សិក្សា​ឲ្យ​បាន​ច្រើន​ ចំណែក​សិល្បៈ​ នាង​ឆ្លៀត​​បំពេញ​ការងារ​នៅ​ពេល​ទំនេរ​ ដើម្បី​ទទួល​​បាន​បទពិសោធន៍​ថ្មីៗ និង​ពង្រីក​ប្រជាប្រិយភាព​តាម​ដែល​អាច​ធ្វើ​បាន​ ព្រោះ​វា​ជា​ការងារ​​​ដែល​ខ្លួន​ស្រឡាញ់​។

សព្វ​ថ្ងៃ​ ក្មួយ​ស្រី​តារា​ល្បី​រូប​នេះ ជា​និស្សិត​ឆ្នាំ​ទី២​ នៃ​ "សាកល​វិទ្យា​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច" សិក្សា​លើ​ជំនាញ​​ច្បាប់។ នាង​បាន​​ក្លាយ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​ សាន់ដេ​ ជា​ផ្លូវ​ការ​កាល​ពី​អំឡុង​ដើម​ឆ្នាំ​២០១៦ តាម​រយៈ​លោក​ ខាន់ ជេមស៍ ដែល​ជា​ពូ​បង្កើត។

វីរៈ និច បាន​សាង​ប្រជាប្រិយភាព​​របស់​ខ្លួន​តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន​ដូច​ជា "មនុស្ស​ស្រី​មាន​​សង្សារ​ច្រើន ​មិន​មែន​សុទ្ធ​តែ​សាវា" “ជាតិ​នេះ​ឆា​ចោល" “ដល់​ម៉ោង​ខូច​ចិត្ត​ហើយ" និង​​ ចង់​ឲ្យ​មនុស្ស​ប្រុស​សាវា​ក្លាយ​ជា​ខ្ទើយ"៕

អត្ថបទ៖ សុខណា

មតិយោបល់