• 2017-11-23 03:06:19
  • ព័ត៌មាន

ពែកមី បញ្ចេញ​​ស្នាដៃ​ទី​១​នៅ​ផលិតកម្ម​ថោន​ទាំង​ព្រួយ​បារម្ភ​

  • 2017-11-23 03:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ថោន​ បាន​សម្ពោធ​​ភាពយន្ត​ខ្នាត​ធំ​​រឿង​​ "អ្នក​បម្រើ​០០៧" ​ជា​ស្នាដៃ​​ទី​១​ របស់​នាយ ពែកមី កាល​ពី​ល្ងាច​មិញ​នៅ​រោង​ភាព​យន្ត​ Prime Cineplex ផ្សារ​ទំនើប​ សុវណ្ណា ។ ក្នុង​នោះ​នាយ ពែកមី ជា​តួ​ឯក​ប្រុស​​ ​ ដឹកនាំ​សម្ដែង និង​និពន្ធ​ភាព​យន្ត​ខាង​លើ​ បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ខ្លះ​នៅ​ពេល​រឿង​មួយ​នេះ​ដាក់​បញ្ចាំង​នៅ​រោង​កុន​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​រឿង "អ្នក​បម្រើ​០០៧​" នាយ ពែកមី បាន​និយាយ​ថា ​តាម​ការ​ស្ទាប​ស្ទង​ពី​ផលិតករ​មុន​​ៗ​ ​ដែល​បាន​ដាក់​បញ្ចាំង​​រឿង​នៅ​ក្នុង​អំឡុង​ខែ​តុលា និង​ដើម​ខែ វិច្ឆិកា​ កន្លង​ទៅ​​បាន​ឲ្យ​​ប្រាប់​ឲ្យ​នាយ​ដឹង​ថា ចំនួន​អ្នក​ទស្សនា​មាន​ការ​ធ្លាក់​ចុះ​​​បើ​ប្រៀប​ធៀប​ជាមួយ​រឿង​មុន​ៗ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​មាន​ក្ដី​ព្រួយ​បារម្ភ​​​ខ្លះ​ៗ​ នៅ​ពេល​ដាក់​បញ្ចាំង​ស្នាដៃ​ទី​១​របស់​ខ្លួន​ក្នុង​ផលិតកម្ម​ថោន​ ខ្លាច​មាន​អ្នក​មក​ទស្សនា​តិច​ ។

ពែកមី​ ថា៖​" ឥឡូវ​នេះ​កុន​បរទេស​​បរទេស​ចូល​មក​ខ្មែរ​​យើង​ច្រើន ហើយ​កុន​ខ្មែរ​យើង​បើ​ប្រៀប​ធៀប​ជាមួយ​កុន​បរទេស​នៅ​មាន​កម្រិត។ មួយ​វិញ​ទៀត​អាកាស​ធាតុ​មិន​អំណោយ​ផល​ដាក់​បញ្ចាំង​ទៅ​ចំ​ពេល​ភ្លៀង​អ្នក​ទស្សនា​គាត់​ មិន​អាច​មក​ទស្សនា​បាន​ ​បើ​ពួក​គាត់​មក​មើល​រឿង​ក៏​មក​​បាន​តិច​នាក់​ដែរ​"។

ទោះ​បី​ជា​​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ៗ​ក្ដី​ ​​ពែកមី នៅ​តែ​សង្ឃឹម​ នឹង​ជឿជាក់​យ៉ាង​មុត​មាំ​ថា​រឿង​របស់​ខ្លួន​ នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​ ព្រោះ​រឿង​ "អ្នក​បម្រើ​០០៧" ជា​រឿង​មនោសញ្ចេតនា​​ស្នេហា​បែប​កំប្លែង​រវាង​អ្នក​បម្រើ​ និង​ចៅហ្វាយ​ស្រី​។

រឿង​ "អ្នក​បម្រើ​០០៧​" បាន​ចំណាយ​ដើម​ទុន​ក្នុង​ការ​ផលិត​អស់​ ៥ ម៉ឺន​ដុល្លារ​ជា​វណ្ណកម្ម​ទី​២​ ក្នុង​ផលិតកម្ម​ថោន​ បន្ទាប់​ពី​រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" ។ រឿង​នេះ​គ្រោង​នឹង​ដាក់​បញ្ចាំង​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជធានី​ ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ថ្ងៃ​ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាង​មុខ​នេះ​ហើយ​៕​​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់