- 2019-12-30 07:35:11
- ភាពយន្ត
សម្រុកយកតែម្ដង! ផលិតកម្មក្នុងស្រុកមួយ ប្រកាសភាពយន្ត៤រឿង សម្រាប់ ២០២០
- 2019-12-30 07:35:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រុកយកតែម្ដង! ផលិតកម្មក្នុងស្រុកមួយ ប្រកាសភាពយន្ត៤រឿង សម្រាប់ ២០២០
ចន្លោះមិនឃើញ
ខណៈឆ្នាំថ្មី ២០២០ នឹងឈានជើងមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ ផលិតកម្មក្នុងស្រុកមួយ បានប្រកាសពីផែនការបញ្ចេញភាពយន្តដល់ទៅ៤រឿង សម្រាប់វាយសម្រុកឧស្សាហកម្មភាពយន្តក្នុងស្រុក។ នេះបើតាមលោក ស៊ុម ភារិន ចាងហ្វាងផលិតកម្ម “បដិហារ្យភាពយន្ត”។
លោក ភារិន បញ្ជាក់ថា ស្នាដៃទាំង៤នោះរបស់ផលិតកម្មលោក គឺនឹងចេញបន្តបន្ទាប់ចាប់ពីដើមឆ្នាំទៅដែរម្ដង ក្នុងនោះ រឿង ”វិញ្ញាណតៃហោង” ត្រៀមនឹងឡើងលើរោងភាពយន្តមុនគេ។ ដោយឡែក ៣រឿងផ្សេងទៀត ក៏នឹងចេញជាបន្តបន្ទាប់ដែរ ដែលបានសម្រិតសម្រាំង សាច់រឿង គុណភាព និងបច្ចេកទេសជាងជាងមុន។ ថ្លែងនៅក្នុងឱកាសចូលរួមក្នុងកម្មវិធីភាពយន្តប្រចាំឆ្នាំ ២០១៩ របស់រោងភាពយន្ត លេចិនកាលពីពេលថ្មីៗ លោកលើកឡើងថា ៖”ឆ្លងកាត់ការផលិតកន្លងមកយើងមើលឃើញពីការចង់បានរបស់ទស្សនិកជន។ អីចឹងហើយបានជាឆ្នាំ២០២០ទៅនេះ បាដិហារ្យភាពយន្តយើងថ្មីៗ៤រឿងដែលយើងយកចិត្តទុកដាក់ខ្ពស់បំផុតលើការផលិត”។
លោកបន្តថាបច្ចុប្បន្នវិស័យភាពយន្តបាននឹងកំពុងមានការរីកចម្រើន និងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ។ លោកថាការចាប់អារម្មណ៍នេះក៏ស្របពេលដែលផលិតករក្នុងស្រុកបាននឹងកំពុងពង្រីក និងពង្រឹងសមត្ថភាពផលិត ដើម្បីបង្កើតស្នាដៃដែលមានគុណភាពប្រកួតប្រជែងឡើង។ ដូច្នេះហើយ នៅឆ្នាំ២០២០នេះលោកពង្រឹងទៅលើផ្នែកបច្ចេកទេសដោយបំពាក់ឧបករណ៍ផលិតថ្មីទំនើបស្របតាមស្តង់ដា បូករួមទាំងពង្រឹងសមត្ថភាព ការជ្រើសរើសតួសម្តែង និងសាច់រឿងដែលល្អស្របតាមទីផ្សារភាពយន្តបច្ចុប្បន្នផង។
លោកថាភាពយន្តថ្មីរឿង “វិញ្ញាណតៃហោង” បានបញ្ចេញជា Poster និងប្រកាសត្រៀមចាក់បញ្ចាំងរួចហើយប៉ុន្តែមិនទាន់កំណត់បានថ្ងៃចាក់បញ្ចាំងនៅឡើយ។ លោកថាជាភាពយន្តមានគ្រប់រសជាតិ កម្សត់ស្នេហាព្រាត់ប្រាស់ ភ័យរន្ធត់ អមដោយភាពកំប្លុកកំប្លែង។ ដោយឡែកភាពយន្តថ្មីមួយទៀត ដែលគ្រោងចំណាយការផលិតខ្ពស់ គឺរឿង ”ទ្រពិឃាទ” ដែលជាប្រភេទភាពយន្តថ្មីមិនធ្លាប់មានផលិតករក្នុងស្រុកផលិតនោះទេ។ ផលិតកររូបនេះលើកឡើងដែរថា ការហូរចូលផលិតកម្មបរទេសជាច្រើនហូរហៀបានធ្វើឲ្យម៉ោងចាក់បញ្ចាំងភាពយន្តខ្មែរមានភាពចង្អៀត។ ទោះជាយ៉ាងណាបញ្ហានេះ ទាំងភាគីពាក់ព័ន្ធទាំងអស់ បាន និងបន្តការជជែកគ្នាបន្ថែមទៀតដើម្បីចំណុចល្អប្រសើរសម្រាប់ភាពយន្តខ្មែរ៕