• 2017-12-21 11:21:00
  • ជីវិតតារា

តាម​បាន​ដឹង អ៊ីណូ តម្លៃ​ខ្លួន​ប្រែ​ប្រួល​៣​ដំណាក់​កាល​តាំង​ពី​ចាប់​ផ្ដើម​មក​ដល់​បច្ចុប្បន្ន

  • 2017-12-21 11:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​អស់​ពេល​ជិត​១០​ឆ្នាំ មក​ទល់​បច្ចុប្បន្ន​តារា​ចម្រៀង​សាន់ដេ លោក អ៊ីណូ មាន​ការ​ប្រែ​ប្រួល​ខ្លាំង​លើ​តម្លៃ​ខ្លួន​តាំង​ពី​ពេល​ចាប់​ផ្ដើម​រហូត​ដល់​បច្ចុប្បន្ន។

តាម​ការ​បង្ហើប​របស់​លោក អ៊ីណូ ផ្ទាល់ គឺ​ចាប់​ចូល​សិល្បៈ​នៅ​ឆ្នាំ ២០០៨ ក្រោយ​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ផ្នែក​ចម្រៀង​ ក្នុង​កម្ម​វិធី​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នោះ លោក​ទទួល​បាន​ថ្លៃ​ពលកម្ម​ជិត​១ពាន់​ដុល្លារ គឺ​ចន្លោះ​ពី ៤០០-៥០០ដុល្លារ​អាមេរិក។ តម្លៃ​ឈ្នួល​នេះ គឺ​សម្រាប់​ការ​ចេញ​ច្រៀង​តាម​កម្មវិធី​តន្ត្រី​នានា។

ក្រោយ​មក ប្រែ​ប្រួល​តាម​ទីផ្សារ លោក​ថា​តម្លៃ​អត់​នឿយ​របស់​លោក បាន​ឡើង​មក​ដល់​ចន្លោះ ៧០០ ទៅ ៨០០ដុល្លារ​អាមេរិក​អំឡុង។ ដោយ​ឡែក​តម្លៃ​ខ្លួន​ចុង​ក្រោយ ដែល​បាន​ប្រែ​ប្រួល​តាំង​ពី​ចុង​ឆ្នាំ ២០១៦ មក​ទល់​បច្ចុប្បន្ន​វិញ​នោះ គឺ​ចន្លោះ​ពី ១៣០០ ទៅ ១៥០០​ដុល្លារ សម្រាប់​ការងារ​ចម្រៀង​តាម​កម្មវិធី​តន្ត្រី​នានា តាម​បណ្ដា​ខេត្ត រាជធានី​ក្នុង​ប្រទេស​កម្ពុជា។

បើ​ទោះ​តម្លៃ​ខ្លួន​ប្រែប្រួល​ដូច្នេះ​ក៏​ដោយ ប៉ុន្តែ អ៊ីណូ ប្រាប់​ថា ទីផ្សារ​ការងារ​របស់​លោក​នៅ​ល្អ​ណាស់ ដោយ​មួយ​ខែ​ៗ​រក​ពេល​សម្រាក​គ្មាន។ ចំណុច​សំខាន់ គឺ​លោក​មាន​ទម្លាប់​ផ្ទាល់​ខ្លួន​មួយ។ "តម្លៃ​ខ្លួន​ប៉ុណ្ណឹង ខ្ញុំ​អត់​មាន​កំណត់​បទ​ចម្រៀង​ទេ អោយ​តែ​បាន​ចាប់​កាន់​ក្បាល​មេក្រូហ្វូន​ហើយ ខ្ញុំ​ដឹង​តែ​ច្រៀង​ហើយ អត់​ខ្លាច​អត់​បទ​ទេ អោយ​តែ​បង​ប្អូន​សប្បាយ។ បទ​ក៏​អត់​កំណត់ ម៉ោង​ក៏​អត់​កំណត់ ខ្ញុំ​ចង់​ឲ្យ​ម្ចាស់​កម្មវិធី ម្ចាស់​ឧបត្ថម្ភ​មាន​ពេល​ច្រើន​ក្នុង​ការ​ផ្សព្វផ្សាយ ឬ​លក់​ផលិតផល​របស់​គាត់"។

ទម្លាប់​ផ្ទាល់​ខ្លួន​មួយ​នេះ អ៊ីណូ ប្រាប់​ថា ប្រកាន់​ខ្ជាប់​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ដោយ​សារ​តែ​បែប​នេះ លោក​ថា ម្ចាស់​កម្មវិធី ក៏​ដូច​ជា​ម្ចាស់​ឧបត្ថម្ភ​ពេញ​ចិត្ត​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​លោក​ណាស់។ ដូច្នេះ​ហើយ ទើប​លោក​នៅ​អាច​រក្សា​ទីផ្សារ​ការងារ​បាន​ល្អ​មក​ទល់​បច្ចុប្បន្ន។

ក្រោយ​ចូល​សិល្បៈ​ឆ្នាំ ២០០៨ លោក​បាន​តស៊ូ​​ច្រៀង​នៅ​តាម​ក្លឹប​កម្សាន្ត​នានា​ជា​ច្រើន​ឆ្នាំ មុន​ពេល​លោក​បាន​ក្លាយ​ជា​តារា​ចម្រៀង​ ផលិតកម្ម​សាន់ដេ​អំឡុង​ឆ្នាំ ២០១៣។ ក្នុង​នាម​ជា​តារា​ចម្រៀង​អាជីព​របស់​ផលិតកម្ម​មួយ​នេះ អ៊ីណូ បាន​ចេញ​បទ​ចម្រៀង​ច្រើន។ បទ​ដែល​ពេញ​និយម​មាន​បទ "ប្រុស​ក្រញ៉ាញ់​ខូច​ចិត្ត" “ក្បាច់​គុន​មនុស្ស​ស្មោះ" “អូន​កុំ​យំ កុំ​យំ" និង​បទ "កំពង់​សោម​បង​នឹក​អូន​ជា​ដើម"។

នៅ​ចុង​ឆ្នាំ ២០១៧ នេះ​លោក​ទើប​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ទៀត គឺ "ឈ្មោះ​ជា​ពលករ" ដែល​កំពុង​ពេញ​និយម​ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់