• 2018-06-05 00:25:00
  • ព័ត៌មាន

នៅក្មេងសោះ មានគំនិតច្នៃប្រឌិតគូរគំនូរ បង្ហាញពីម៉ូដសម្លៀកបំពាក់តំណាងខេត្តនីមួយៗ

  • 2018-06-05 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន ធឿន សុជាតិ និស្សិតឆ្នាទី៣ ជំនាញស្ថាបត្យកម្ម នៃសាលកវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ បានបង្កើតរូបភាព​ច្នៃប្រឌិត បង្ហាញពីម៉ូដសម្លៀកបំពាក់តំណាងខេត្តនីមួយក្នុងប្រទេសកម្ពុជា ហើយថែមទាំងមានបំណងចង់ឱ្យមានការ​រៀបចំការប្រកួតបរវកញ្ញាខ្មែរ តំណាងខេត្តនីមួយៗថែមទៀតផង។

សុជាតិ បានប្រាប់ Sabay ឱ្យដឹងថា រូបគេបង្កើតរូបភាពសិល្បៈទាំងនេះ ដោយចង់បង្ហាញពីម៉ូដសម្លៀកបំពាក់របស់បវរកញ្ញាពិភពលោក តែដោយមានសិល្បករជាច្រើនបានគូរច្នៃហើយ សុជាតិក៏មានគំនិតថា គួរតែធ្វើអ្វីសម្រាប់ផ្សព្វផ្សាយ​ពីខ្មែរល្អជាង។ ក្រោយមកវិចិត្រកររូបនេះក៏ផ្តើមស្រាវជ្រាវពីលក្ខណៈពិសេសតំណាងខេត្តនីមួយៗ ដូចជា ពណ៌តំណាងខេត្ត ផ្លែឈើ ផ្កា នំចំណី សត្វ ក្បាច់រចនា និងសិល្បៈបុរាណ ជាដើម រយៈពេល៣ខែ។

ការស្រាវជ្រាវនេះធ្វើឡើងដោយយោងលើឯកសារចងក្រងរបស់អ្នកប្រាជ្ញខ្មែរ និងរឿងរ៉ាវជាប់ទាក់ទងក្នុងខេត្តនីមួយៗផងដែរ។ បន្តមកទៀត សុជាតិ យុវជនវ័យ ២២ ឆ្នាំ រូបនេះ ក៏ចាប់ផ្តើមគូរបង្ហាញពីម៉ូដច្នៃប្រឌិតនោះលើរូបតំណាង ជាង២ខែទៀត ដោយឆ្លៀតពេលទំនេរពីការសិក្សា។ សុជាតិ លើកយកការច្នៃប្រឌិតគំនូរនេះ គឺសង្ឃឹមថា​អាចចូលួមផ្សព្វផ្សាយ​ពីកម្ពុជាបាន និងជារូបភាពតំណាង​មួយសម្រាប់ជនជាតិខ្មែរតាមខេត្តអាចបានស្គាល់ពីសិល្បៈខ្មែរ និងដឹងថាខ្លួនមានអ្វីជាតំណាងឱ្យខេត្តរបស់ខ្លួន។

យុវជនរូបនេះ បន្តទៀតថា រូបគេមានបំណងយករូបភាពទាំងនេះជាគំរូច្នៃសម្លៀកបំពាក់ជាក់ស្តែង ដែលអាចប្រើប្រាស់បាន​ក្នុងកម្មវិធី​បង្ហាញម៉ូដថ្នាក់ជាតិ បវរកញ្ញា តំណាងខេត្តខ្មែរនីមួយៗជាដើម ហើយបច្ចុប្បន្នយុវជនរូបនេះក៏ស្វែងរកជំនួយ​ណាមួយដែលអាចយកម៉ូដដែលគូរហើយនេះ មកបង្កើតជាសម្លៀកបំពាក់ពិតៗផងដែរ៕

អត្ថបទ៖ Sunny

រូបភាពកម្មសិទ្ធ ដោយ ធឿន សុជាតិ

មតិយោបល់