• 2018-06-20 04:10:11
  • ជីវិតតារា

ជារឿងកម្រ ត្រឹម១ថ្ងៃ តារាល្បី៣គូ ធ្លាយដំណឹងស្នេហ៍វិជ្ជមាន តែសាមីខ្លួនមិនបកស្រាយសូម្បី១ម៉ាត់

  • 2018-06-20 04:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អាច​ចាត់​ទុក​ជា​រឿង​គួរឲ្យ​ចាប់​អារម្មណ៍​មួយ កាល​ពី​ថ្ងៃ១៨ ខែ មិថុនា ឆ្នាំ ២០១៨ បាន​ធ្លាយ​ដំណឹង​​ជា​វិជ្ជមាន​​​លើ​ស្នេហា​របស់​អ្នក​សិល្បៈ​រហូត​ដល់​​៣គូ​ក្នុង​ថ្ងៃ​តែ​១ តែ​ម្ដង។ ក្នុង​នោះ​មាន លោក ប៉ែន ចំរ៉ុង ជា​មួយ កញ្ញា ហ៊ុន ម៉ាណេ លោក ញ៉ែម សុគន្ធ និង ​កញ្ញា ​នួន កែវ មល្លិកា និង កញ្ញា ឱក សុគន្ធ​​​កញ្ញា ជា​មួយ លោក អ៊ឹង សុខលី ប្អូន​ប្រុស​ថៅ​កែ​ហង្សមាស។

១.លោក ប៉ែន ចំរ៉ុង ជា​មួយ កញ្ញា ហ៊ុន ម៉ាណេ៖

ដំណឹង​ដែល​បែក​​ធ្លាយ​មុន​គេ​នោះ គឺ​លោក ប៉ែន ចំរ៉ុង ជា​មួយ កញ្ញា ហ៊ុន ម៉ាណេ ដោយ​វីដេអូ​​ខួប​កំណើត​មួយ​របស់ លោក ប៉ែន ចំរ៉ុង ដែល​កញ្ញា ហ៊ុន ម៉ាណេ បាន​ធ្វើ​ឲ្យ​នោះ បាន​បែក​ធ្លាយ​លើ​បណ្ដាញ​សង្គម ​កាល​កាល​ពី​ថ្ងៃ១៨ ខែ មិថុនា ឆ្នាំ ២០១៨ ។ ក្នុង​វីដេអូ​នោះ​ពួក​គេ​ទាំង​ពី​រ​បាន​ហៅ​គ្នា ជា​ប្ដី​ប្រពន្ធ​ពេញៗ​មាត់ និង​បាន​សន្យា​ថា ស្រលាញ់​គ្នា​​ជា​រៀង​រហូត ជា​មួយ​គ្នា​នោះ​​កញ្ញា ហ៊ុន ម៉ាណេ ក៏​បាន​ស្នើ​ទៅ លោក ប៉ែន ចំរ៉ុង​ថា ឈប់​មាន​ស្រី​តទៅ​​ទៀត។ កញ្ញា ហ៊ុន ម៉ាណេ ត្រូវ​បាន​គេ​ដឹង​ថា មិនមែន​ជា​អ្នក​សិល្បៈ​នោះ​ទេ ហើយ​អ្នក​ទាំង​ពីរ​មាន ស្រុក​កំណើត​មក​ពី​ខេត្ត បាត់​ដំបង​ជា​មួយ​គ្នា។

នេះ​ជា​លើក​ទី១​ហើយ​ដែល លោក ប៉ែន ចំរ៉ុង បាន​​បង្ហាញ​មុខ​គូស្នេហ៍​ថ្មី​បន្ទាប់​ពី​ចែក​ផ្លូវ​គ្នា​ជា​មួយ អ្នក​នាង ភិន សុដាលីស កូន​ស្រីថៅកែ​ផលិតកម្ម​មហាហង្ស ហើយ​វីដេអូ​របស់​ពួក​គេ​ត្រូវ​បាន​អ្នក​លេង​​បណ្ដាញ​សង្គម បញ្ជូន​ចែក​គ្នា​មើល​ជា​​ច្រើន។

២.លោក ញ៉ែម សុគន្ធ និង ​កញ្ញា នួន កែវ​មល្លិកា៖

រូប​ថត​ និង​វីដេអូ​គូស្នេហ៍​មួយ​គូ​នេះ បាន​បែក​ធ្លាយ​នៅ ព្រឹក​ថ្ងៃ១៨ ខែ មិថុនា ឆ្នាំ ២០១៨ ដូច​គ្នា ដោយ​ពួក​គេ​បាន​​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ ធ្វើ​ឲ្យ​មាន​​ការ​​ភ្ញាក់ផ្អើល​ជា​ខ្លាំង ត្បិត​អី​កន្លង​មក លោក ញ៉ែម សុគន្ធ មិន​ដែល​ធ្លាប់​ទម្លាយឲ្យ​ដឹង​ថា លោក​មាន​ស្នេហា​​ជា​មួយ​អ្នក​ណា​ឡើយ។

រូបភាព៖ ប្រណិតពិធីសម្អាងការ

ការ​​ភ្ជាប់​ពាក្យ​របស់​លោក ញ៉ែម សុគន្ធ បាន​ធ្វើឲ្យ​បញ្ចប់​ការ​សង្ស័យ​ទៅ​លើ​លោក​ទាំង​ស្រុង​ជុំ​វិញ ថា លោក​ស្ថិត​ក្នុង​ចង្កោម​តារា​ស្រលាញ់​ប្រុស​ដូច​គ្នា។ អនាគត​ភរិយា​របស់​លោក មិនមែន​ជា​អ្នក​សិល្បៈ​ឡើយ ហើយ​អ្នក​ទាំង​២​គ្រោង​ចូល​រោង​ការ​នៅ​ថ្ងៃ​ទី១៨ ខែ ធ្នូ ឆ្នាំ ២០១៨​ ខាង​មុខ​នេះ។

រូបភាព៖ ហ្វេសប៊ុក សាយ​ សៀរ៉ា

៣.កញ្ញា ឱក សុគន្ធ​​​កញ្ញា ជា​មួយ លោក អ៊ឹង សុខលី៖

រូប​ថត​ជា​ច្រើន​​សន្លឹក​​របស់​កញ្ញា ឱក សុគន្ធ​​​កញ្ញា ជា​មួយ លោក អ៊ឹង សុខលី​ មាន​ទាំង​ផ្លែ​ឈើ​ជា​ច្រើន​កន្ត្រក​ផង​នោះ ត្រូវ​បាន​បែក​ធ្លាយ​ចេញ​​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ ទី១៨ ខែ ធ្នូ ឆ្នាំ ២០១៨ ដូច​គ្នា។ តាម​រយៈ​រូបភាព​នោះ ត្រូវ​បាន​ប្រភព​ច្បាស់​ការ​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា គឺ​​ជា​ពិធី​នៃ​ការ​ចូល​ស្ដី​ដណ្ដឹង​ជា​ផ្លូវ​ការ​​របស់​​ក្រុម​គ្រួសារ​លោក អ៊ឹង សុខលី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្អូន​ប្រុស​ថៅ​កែ​ហង្សមាស ទៅ​ក្រុម​គ្រួសារ​ ឱក សុគន្ធ​​​កញ្ញា។

រូបភាព៖ ហ្វេសប៊ុកផេក លោកជំទាវ បាន ស្រីមុំ

តាម​ប្រភព​នោះ​​បញ្ជាក់​ថា ​ក្នុង​ពិធី​នោះ​ដែរ​ក៏​ជា ការ​​ឡើង​គេហដ្ឋាន​ថ្មី​របស់​អ្នក​ទាំង​ពីរ​ដែល​ទិញ​រួម​គ្នា​ផង​ដែរ ក្នុង​តម្លៃ​ជា​ច្រើន​ម៉ឺន​ដុល្លារ។ នៅ​មិន​ទាន់​ដឹង​ថា អ្នក​ទាំង​ពីរ​គ្រោង​ចូល​រោង​ការ​នៅ​ពេល​ណា​ឡើយ។

រូបភាព៖ ហ្វេសប៊ុកផេក លោកជំទាវ បាន ស្រីមុំ

ទោះបី​ជា​ការ​បែក​ធ្លាយ​​ដំណឹង​ស្នេហ៍​ដូច​បាន​រៀបរាប់​ខាង​លើ នៅ​មិន​ទាន់​មាន​ការ​បក​ស្រាញ​ឲ្យ​ស៊ី​ជម្រៅ​ណា​មួយ ពី​គូស្នេហ៍​ទាំង​៣គូ​ខាង​លើ​នៅ​ឡើយ​នោះ​ទេ៕

​​

អត្ថបទៈ ស៊ុនហួត

មតិយោបល់