• 2019-04-27 00:11:00
  • ព័ត៌មាន

វាសនា​មនុស្ស​ពិត​ពិបាក​ទាយ! ​ដើម​ឡើយ​ជា​អ្នក​រាំ​អម​ឆាក តែ​ឥឡួវ​ពួក​គេ​ក្លាយ​​តារា​អាជីព​រៀង​ៗ​ខ្លួន​អស់​ហើយ!

  • 2019-04-27 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​បុព្វហេតុ​ជា​ច្រើន នៅ​ពី​ក្រោយ​សភាព​បច្ចុប្បន្ន​របស់​សិល្បករ​យើង ក្នុង​នោះ​ អ្នក​ខ្លះ​បាន​ក្លាយ​ជា​អ្នក​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​ប្រជែង ខ្លះ​ទៀត វិវត្ត​តាម​ឱកាស​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ដូច​ជា​តារា​ចម្រៀង​ប៉ុន្មាន​ដួង​ខាង​ក្រោម​នេះ ដើម​ឡើយ​ជា​អ្នក​រាំ​អម​ឆាក ឬ​អម​តារា​ចម្រៀង​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​ពួក​បាន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​ខ្លួន​ឯង​រៀង​ៗ​ខ្លួន​អស់​ហើយ។ ពួក​គេ​ទាំង​នោះ​មាន៖

វណ្ណា ស័ក្ដ ៖ កូន​ប្រុស​យាយ ណយ សំណាង គឺ​ជា​អតីត​អ្នក​រាំ​អម​ឆាក​ប៉ុស្ដិ៍​លេខ​៥ ប៉ុន្តែ​ក្រោយ​មក លោក​ក៏​បាន​វិវត្ត​ខ្លួន​មក​ជា​តារា​ចម្រៀង ដោយ​បាន​ចូល​រួម​ជា​ផលិតកម្ម M កាល​ពី​ប្រមាណ​៥-៦​ឆ្នាំ​មុន បន្ត​មក​ដល់​បច្ចុប្បន្ន។ កាល​ណោះ បទ​ដែល​ធ្វើ​ឲ្យ​លោក​មាន​គេ​ស្គាល់​ច្រើន គឺ​បទ "ពេល​​ផឹក​ស្រវឹង​ទើប​ដឹង​ថា​នឹក​អូន​ជាង​គេ"។

វីវី ៖ នាង​គឺ​ជា​សមាជិក​ក្រុម​រាំ​របស់ ឱក សុគន្ធ​កញ្ញា ប៉ុន្តែ​នៅ​ឆ្នាំ ២០១៨ នេះ អ្វី​ៗ​បាន​ផ្លាស់​ប្ដូរ​ស្ទើរ​១៨០ ដឺក្រេ ពោល​គឺ​នាង​បាន​ក្លាយ​ជា​តារា​ចម្រៀង​រ៉េប ក្នុង​ក្រុម AskTeam របស់ ឱក សុគន្ធ​កញ្ញា ផ្ទាល់​តែ​ម្ដង ក្រោម​ការ​ផ្ចុងផ្ដើម​របស់​តារា​ស្រី​ជួរ​មុខ​របស់​ហង្សមាស។ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ថ្មី​​នេះ គេ​ឃើញ វីវី បាន​ឡើង​ឆាក​កាន់​ក្បាល​មីក្រូហ្វូន ច្រៀង​ក្នុង​ការ​ប្រគំ​តន្ត្រី​ជា​ច្រើន។

ស្រីតី៖ មិន​ខុស​ពី វីវី ដែល​ដើម​ឡើយ​មិន​សូវ​មាន​គេ​ស្គាល់ ឬ​ចាប់​អារម្មណ៍ ក្នុង​នាម​ជា​អ្នក​រាំ​អម​ឆាក ឬ​អម​តារា​ចម្រៀង ប៉ុន្តែ​នៅ​ដើម​ឆ្នាំ ២០១៨ នេះ នាង​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន ក្នុង​ប្រភេទ​សិល្បៈ​ថ្មី ពោល​គឺ ក្រៅ​ពី​អាជីព​ជា​អ្នក​រាំ​អម តារា​ចម្រៀង មាស សុខ​សោភា នាង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​នាម​ជា​តារា​ចម្រៀង។ ស្រីតី ដែល​មាន​ឈ្មោះ​ថា កែវ ពុធ​វត្តី ប្រិយមិត្ត​ចាប់​ផ្ដើម​ស្គាល់ តាម​រយៈ​បទ "ប្រយ័ត្ន​មី​តី​វៃម៉ាលុយ"។

Deeo ៖ តារា​ប្រុស​រូប​នេះ គឺ​ជា​សមាជិក​ក្រុម​រាំ​អម​របស់​តារា​ចម្រៀង សាន់ដេ អ៊ីណូ ប៉ុន្តែ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ នេះ រូប​គេ​បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​មួយ​ដូច ស្រីតី និង វីវី ដែរ គឺ​ទៅ​ជា​តារា​ចម្រៀង ដោយ​លោក​ទើប​បាន​បញ្ចេញ​បទ​ស្នាដៃ​និពន្ធ​ថ្មី​មួយ​បទ​ថ្មី​ៗ​នេះ មាន​ចំណង​ជើង​ថា "ទេពធីតា" ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន។

ឃើញ​ការ​ផ្លាស់​ប្ដូរ របស់​សមាជិក​ក្រុម​រាំ​របស់​ខ្លួន អ៊ីណូ ប្រាប់​ថា លោក​ភ្ញាក់​ក្រញាង ព្រោះ​បើ​ទោះ​បាន​រួម​ការងារ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ហើយ ក្ដី លោក​មិន​នឹក​ស្មាន​ថា Deeo អាច​ច្រៀង​បាន ថែម​ទាំង​ចេះ​និពន្ធ​បទ​ចម្រៀង​ខ្លួន​ឯង​ដូច្នេះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់