• 2018-07-13 12:06:36
  • ព័ត៌មាន

Hacker ថ្លើម​ធំ! បន្ត​មក​គំរាម អ៊ីណូ ក្រោយ Hack យក​គណនី​របស់ ខាន់ ជេមស៍ បានហើយ

  • 2018-07-13 12:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ​បទ​ល្មើស​បច្ចេកវិទ្យា មួយ​បាន​ធ្វើ​ឲ្យ​កក្រើក​ក្នុង​សង្គម​សិល្បៈ ព្រោះ​តែ​មាន​អ្នក Hack គណនី​ហ្វេសប៊ុក​របស់​តារា​ចម្រៀង ខាន់ ជេមស៍ បាន​ហើយ ហើយ​បន្ត​មក​គំរាម​តារា​ចម្រៀង​ក្នុង​ទ្រនំ​សាន់ដេ​តែ​មួយ អ៊ីណូ ថែម​ទៀត។

តាម​ព័ត៌មាន គណនី​ហ្វេសប៊ុក​របស់​តារា​ចម្រៀង ខាន់ ជេមស៍ ត្រូវ Hack យក​ទៅ​ប្រើ​ប្រាស់​បាន​តាំង​ពី​ល្ងាច​ម្សិលមិញ ដោយ​ជន​អនាមិក​បាន​យក​ទៅ​ប្រើ​ផ្ញើ​សារ​ខ្ចី​លុយ​មិត្តភ័ក្ដិ​ក្នុង​សិល្បៈ​របស់​លោក ជេមស៍ ជា​ច្រើន​នាក់ ហើយ​អ៊ីណូ គឺ​ជា​ម្នាក់​ក្នុង​ចំណោម​នោះ ដែល​ត្រូវ​ជន​អនាមិក​ប្រើ​ហ្វេសប៊ុក ខាន់ ជេមស៍ មក​ខ្ចី​លុយ។

អ៊ីណូ ប្រាប់​ថា លោក​ទទួល​បាន​សារ​ខ្ចី​លុយ​ពី​ហ្វេសប៊ុក​នៅ​ខ្ទង់​ម៉ោង​១១​ថ្ងៃ​ត្រង់។ ប៉ុន្តែ​លោក​បាន​ដឹង​មុន​ទៅ​ហើយ​ថា ហ្វេសប៊ុក​មិត្ត​សិល្បៈ​របស់​លោក ត្រូវ​គេ Hack យក​ទៅ។ ដូច្នេះ​ហើយ លោក​ប្រាប់​ទៅ​ជន​អនាកមិក​ដែល​កំពុង​គ្រប់​គ្រង​គណនី​ហ្វេសប៊ុក ខាន់ ជេមស៍ ឲ្យ​ប្រគល់​មក​ឲ្យ​ម្ចាស់​ដើម​វិញ។ "ដល់​ខ្ញុំ​និយាយ​អីចឹង គេ​ឆ្លើយ​វិញ​ថា ទាល់​តែ​ឲ្យ ៥០០​ដុល្លារ ទើប​គេ​ព្រម​ឲ្យ​វិញ"។

ដោយ​សារ​តែ​បែប​នេះ អ៊ីណូ ក៏​បាន​យក​សាច់​រឿង​ខាង​លើ ទៅ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​លោក។ "បន្ទាប់​ពី​ខ្ញុំ​បង្ហោះ​លើ​ហ្វេសប៊ុក​ខ្ញុំ​ហើយ លេង​គេ​ឆាត​មក​គំរាម​ខ្ញុំ​ទៀត​បង គេ​ថា កុំ​អស្ចារ្យ​ពេក ម៉េច​ចង់​ឲ្យ​គេ Hack គណនី​អ្នក(អ៊ីណូ)​ទៀត​មែន!”។

តាម អ៊ីណូ បន្ត​ពី​នោះ ជន​អនាមិក​បាន​ផ្ញើ​សារ​ជា​រូប "មេដៃ" មក​លោក​រហូត។ លោក​ប្រាប់​ទៀត លោក​មិន​បាន​តប​សារ​ទៅ​ជន​អនាមិក​នោះ​ទៀត​ទេ ក្រោយ​ទទួល​ការ​គំរាម។ ប៉ុន្តែ​បែប​នេះ​ក្ដី ម្ចាស់​បទ "កើត​ជា​មនុស្ស​ដូច​គេ ប៉ុន្តែ​គ្មាន​សំណាង​ដូច​គេ" បញ្ជាក់​ថា លោក​បាន​ទំនាក់​ទំនង​ជាមួយ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ​រួច​ហើយ។

រូបភាព៖ ហ្វេសប៊ុក អ៊ីណូ

ដោយ​ឡែក​ករណី​របស់ ខាន់ ជេមស៍ វិញ​សាមី​ខ្លួន មិន​ទាន់​អាច​ភ្ជាប់​ទំនាក់ទំនង​បាន។ ប៉ុន្តែ​តាម អ៊ីណូ បញ្ជាក់​តារា មិត្ត​រួម​អាជីព​របស់​លោក ដូច​ជា​មិន​ទាន់​ទទួល​បាន​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​មក​ប្រើ​នៅ​ឡើយ គិត​ត្រឹម​ម៉ោង​៦​ល្ងាច​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់