• 2018-07-31 04:22:14
  • ព័ត៌មាន

លេង​សើច​ម៉េច​បាន ទោះ​វ័យ​ជ្រេ តែ ទេព រិន​ដារ៉ូ ឡើង​ជា​តួឯក​ក្នុង​រឿង​ខ្នាត​ធំ​តែ​ម្ដង

  • 2018-07-31 04:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា វ័យ​កាន់​តែ​ជ្រេ ប៉ុន្តែ ទេព រិន​ដារ៉ូ នៅ​តែ​អាច​ក្ដាប់​ឱកាស​ជា​តួឯក​យ៉ាង​កម្រ ក្នុង​ការ​សម្ដែង​ក្នុង​រឿង​ខ្នាត​ធំ "វិញ្ញាណ​ទីងមោង" ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ចុង​ខែ​សីហា​នេះ។

តាម​លោក ទេព រិន​ដារ៉ូ តំណែង​​ក្នុង​ភាពយន្ត​​ខាង​លើ គឺ​តំណែង​ខ្ពស់​តែ​២-៣​ប៉ុណ្ណោះ ក្នុង​អាជីព​ភាពយន្ត​របស់​លោក​ក្នុង​វ័យ​ចាស់។ "ដោយ​សារ​រឿង​ហ្នឹង គេ​តម្រូវ​តួឯក​ដែល​មាន​អាយុ ៥០ជាង​ហ្នឹង អីចឹង​វា​ត្រូវ​ហ្នឹង​ខ្ញុំ​ហ្នឹង​ហ្មង វា​ជា​តំណែង​ថ្មី​មួយ តែ​ពី​មុន​មក​ធ្លាប់​លេង​តួឯក​បាន​ប៉ុន្មាន​រឿង​ដែរ"។ ភាពយន្ត ដែល​លោក​ធ្លាប់​ទទួល​តំណែង​ជា​តួឯក​មុន​ៗ​នោះ មាន​ដូច​ជា "គង់​ហ៊ាន" និង​រឿង "ក្រមុំ​៣១ កំលោះ៥២" ជា​ដើម។

វិល​មក​រឿង "វិញ្ញាណ​ទីង​មោង" វិញ តារា​រៀមច្បង ត្រូវ​បាន​រើស​ដោយ នាយ គ្រឿន ដែល​ជា​អ្នក​ដឹកនាំ​រឿង​នេះ​ផ្ទាល់​តែ​ម្ដង។ លោក ទេព រិន​ដារ៉ូ បញ្ជាក់​ថា តារា​កំប្លែង​ដែល​វិវត្ត​ខ្លួន​មក​ជា​អ្នក​ដឹកនាំ​រឿង បាន​ច្នៃ​លោក​ទៅ​កាន់​ការ​សម្ដែង​បែប​ថ្មី និង​ប្លែក​មួយ ក្នុង​នោះ សូម្បី​តែ​លោក​ខ្លួន​ឯង ក៏​មិន​នឹក​ស្មាន​ដែរ។

យ៉ាង​នេះ​ក្ដី លោក ដារ៉ូ ប្រាប់​ទៀត​ថា លោក​ពេញ​ចិត្ត​នឹង​ការ​សម្ដែង​របស់​ខ្លួន​ឯង ជា​តួឯក​ដែល​មាន​ចរិត​លក្ខណៈ​កំប្លែង​ស្ងួត ដែល​នាយ​គ្រឿន​ច្នៃ​ទៅ​លើ​សាច់​រឿង។ "តាម​តែ​សាច់​រឿង វា​បែប​កម្សត់​ទេ ប៉ុន្តែ​នាយ​គ្រឿន​ដែល​គាត់​មាន​ទេពកោសល្យ​ខាង​ហ្នឹង(កំប្លែង​ស្ងួត) គាត់​ធ្វើ​ឲ្យ​សាច់​រឿង​ឲ្យ​ទៅ​ជា​រឿង​បែប​កំប្លែង​ស្ងួត...និយាយ​ទៅ​ចាំ​ទៅ​មើល​ទៅ ដឹង​តែ​សើច​ហៀរ​ទឹក​ភ្នែក​ហើយ!”។

នៅ​ក្នុង​សាច់​រឿង លោក ទេព រិនដារ៉ូ បាន​តាម​ស្រឡាញ់​កញ្ញា សាឡាត់ ស្រីឡាង យ៉ាង​វក់វី។ ប៉ុន្តែ​យ៉ាង​ណា ស្នេហា​របស់​លោក​ជួប​ឧបសគ្គ ហើយ​មនុស្ស​ស្រី​ដែល​លោក​បាន​ស្លាប់​ថែម​ទៀត ហើយ​ព្រលឹង​ត្រូវ​បាន​ឃុំ​ទុក​នៅ​ហ្នឹង​រូប​ទីងមោង​មួយ។ នៅ​មាន​សាច់​រឿង​ជា​ច្រើន ប៉ុន្តែ​តារា​សម្ដែង​ជើង​ចាស់ សុំ​អធិប្បាយ​ខ្លី​ប៉ុណ្ណេះ ដោយ​ស្នើ​ឲ្យ​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ក្នុង​ពេល​មិន​យូរ​ខាង​មុខ។

“វិញ្ញាណ​ទីងមោង" ជា​ប្រភេទ​រឿង​អប្បិយជំនឿ ខ្មោច និង​កំប្លែង​ស្ងួត ផលិត​ដោយ​ផលិតកម្ម LD។ រឿង​នេះ ត្រៀម​នឹង​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​នា​ថ្ងៃ​ទី ២៣ ខែ​សីហា​ខាង​មុខ។ សាច់​រឿង​ ចូល​រួម​សម្ដែង​ដោយ លោក ទេព រិន​ដារ៉ូ សាឡាត់ ស្រីឡាង នាយ គ្រឿន ប៊ីអាយជី និង​តារា​ពេញ​និយម​ជា​ច្រើន​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់