• 2018-08-02 04:00:47
  • ព័ត៌មាន

មិន​ធម្មតា បន្ទាប់​ពី ព្រាប សុវត្ថិ ឥឡូវ​ល្បី​ថា អ៊ីណូ ម្នាក់​ទៀត ក៏​ចូល​ប្រឡូក​ជំនួញ​ដីឡូ​ដែរ?

  • 2018-08-02 04:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ព្រាប សុវត្ថិ បាន​វិវត្ត​ខ្លួន​មក​ជា​វិនិយោគិន​ដីឡូ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពី​ខែ​មុន ឥឡូវ​ក៏​មាន​តម្រុយ​លេច​ចេញ​មក​ថា មាន​តារា​ចម្រៀង​ម្នាក់​ទៀត គឺ​លោក អ៊ីណូ ក៏​បាន​ហក់​ចូល​មក​ប្រឡូក​ក្នុង​ជំនួញ​ពុះដីឡូ​លក់​កំពុង​ពេញ​និយម​នេះ​ដែរ។

តម្រុយ​នេះ បាន​លេច​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​នា​មួយ​រយៈ​ថ្មី​ៗ ក្រោយ​ពេល​គេ​ឃើញ តារា​ចម្រៀង​សាន់ដេ បាន​បង្ហោះ​ព័ត៌មាន​ពី​ការ​លក់​ដីឡូ​បន្ត​បន្ទាប់ ដែល​គេ​កម្រ​ឃើញ​ពី​មុន​មក។ ជាមួយ​គ្នា ប្រិយមិត្ត​លោក​ជា​ច្រើន បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល។ សកម្មភាព​នោះ បាន​នាំ​ឲ្យ​មាន​ការ​ចោទ​​ជា​សំណួរ​ថា តើ​ម្ចាស់​បទ "កើត​ជា​មនុស្ស​ដូច​គ្នា តែ​សំណាង​ខុស​គ្នា" គ្រាន់​ជា​អ្នក​លក់​ទទួល​ប្រាក់​កុំមីស្យុង​ពី​ថៅកែ​ដីឡូ​រូប​ណា​មួយ ឬ​ក៏​លោក​វិនិយោគ​ដោយ​ផ្ទាល់?

បន្ថែម​ពី​លើ​នេះ មាន​ប្រភព​មួយ​ក៏​បាន​អះអាង ពី​វត្តមាន​របស់ អ៊ីណូ ញឹក​ញាប់​នា​រយៈ​កាល​ចុង​ក្រោយ​នេះ ទៅ​កាន់​តំបន់​ភ្នំ​បាសិត ទីកន្លែង​ដែល​សកម្មភាព​ពុះដីឡូ​លក់ កំពុង​ផុសផុល​ខ្លាំង។ វត្តមាន​នេះ ត្រូវ​បាន​ប្រភព​ពី​អ្នក​ស្រុក​ភ្នំ​បាសិត បច្ចុប្បន្ន​បម្រើ​ការ​នៅ​ភ្នំ​ពេញ​ម្នាក់ បង្ហើប​ថា តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ បាន​វិនិយោគ​ទិញ​ដីឡូ​ដោយ​ផ្ទាល់ មិន​មែន​ជា​ការ​ផ្សព្វផ្សាយ​លក់​បន្ត​ដើម្បី​ប្រាក់​កម្រៃ​ជើង​សារ​នោះ​ទេ។

"កម្រៃ​ជើង​សារ​អី​បង តាម​ដឹង គេ​(អ៊ីណូ) ទិញ​ខ្លួន​ឯង ពុះ​លក់​ខ្លួន​ឯង​តើ...ហើយ​លឺ​ថា គេ​មិន​មែន​ទិញ​តែ​មួយ​កន្លែង​ទេ អាច​មាន​ច្រើន​​នៅ​បាសិត​ហ្នឹង”។ ប្រភព​ថ្លែង។

ទំហំ​វិនិយោគ​ជំនួញ​ដី​ធ្លី​របស់​តារា​ចម្រៀង​ខាង​លើ ប្រភព​ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា អាច​មាន​ទំហំ​ច្រើន​ជាង ១០​​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ យ៉ាង​ណា​ក៏​ដោយ រូប​គេ​ពិត​មិន​ដឹង​ថា អ៊ីណូ បាន​ប្រាក់​ពី​ប្រភព​ណា​ខ្លះ ទៅ​វិនិយោគ​ធំ​ដុំ​មួយ​នេះ​ទេ។

ពាក់ព័ន្ធ​ដំណឹង​នេះ អ៊ីណូ បាន​ឆ្លើយ​ប្រាប់​តាម​សារ​អេឡិចត្រូនិក​យ៉ាង​ខ្លី​ថា លោក​ពិត​ជា​បាន​វិនិយោគ​ខ្លះ​ៗ​លើ​គម្រោង​ដីឡូ​នោះ​មែន។ "បាទ​...បាទ​ ប្អូន​ទិញ​មែន​តើ​បង...!”។ យ៉ាង​នេះ​ក្ដី លោក​មិន​បាន​ឆ្លើយ​តប​បន្ត​ទៀត​ទេ ចំពោះ​ការ​ចោទ​សួរ​ជុំវិញ​ចំនួន​ទុន រួម​ទាំង​ប្រភព​ទុន​ដែល​ត្រូវ​បាន​យក​ប្រើ​ប្រាស់​ក្នុង​ការ​វិនិយោគ​នេះ​ដូច​គ្នា ដោយ​លោក​សុំ​សិទ្ធិ​មិន​អធិប្បាយ​លើ​ចំណុច​នេះ។

រូបភាព៖ ហ្វេសប៊ុក អ៊ីណូ

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល អ៊ីណូ បាន​បង្ហាញ​វត្តមាន​ក្នុង​ជំនួញ​លក់​អចលនទ្រព្យ ពោល​គឺ​កាល​ពី​ប្រមាណ ២​ឆ្នាំ​មុន​លោក ក៏​ធ្លាប់ប្រឡូក​ក្នុង​វិស័យ​នេះ​ដែរ ប៉ុន្តែ​ថា កាល​ណោះ គឺ​លោក​ឈរ​ឈ្មោះ​ឲ្យ​សាច់​ញាតិ​ម្នាក់ លក់​សំណង់​ផ្ទះ​ល្វែង។

ប៉ុន្តែ​លោក​បាន​ឈប់​ពី​ការងារ​នោះ​វិញ ដោយ​សារ​តែ​លោក​រវល់​នឹង​ការងារ​សិល្បៈ​ខ្លាំង​ពេក។ ដោយ​ឡែក​ការ​វិនិយោគ​ថ្មី​នេះ គឺ​ជា​ការ​វិនិយោគ​ខ្លួន​ឯង ក្រោយ​មើល​ឃើញ​ថា ជំនួញ​នេះ កំពុង​ផុសផុល​ខ្លាំង ហើយ​ទីផ្សារ​កំពុង​មាន​តម្រូវ​ការ៕

អត្ថបទ៖ ទារិកា

មតិយោបល់