• 2018-10-18 03:21:08
  • ព័ត៌មាន

អេនឌី ដាក់​ប៉ុន្មាន​ម៉ាត់ ឈឺ​ៗដែរ ក្រោយ​វីដេអូ​ចម្រៀង​ខ្លួន​ចុង​ក្រោយ​មួយ គ្មាន​ការ​គាំទ្រសោះ!

  • 2018-10-18 03:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក អេនឌី បាន​ធ្លោយ​នូវ​ពាក្យ​ប៉ុន្មាន​ម៉ាត់ ក្រោយ​ពី​វីដេអូ​ចម្រៀង​មរតក​ដើម​របស់​លោក​មាន​ចំណង​ជើង​ថា "លា​ហើយ​ភ្នំពេញ" ចេញ​ជាង​១​ខែ​មក​ហើយ ប៉ុន្តែ​គ្មាន​ការ​គាំទ្រ​ទាល់​តែ​សោះ ខុស​ពី​វីដេអូ​មុនៗ។

តាំង​ពី​ចេញ​ផ្សព្វផ្សាយ​លើ​យូធូប កាល​ពី​ថ្ងៃ​ទី ២៨ កញ្ញា ២០១៨ មក​ទល់​ថ្ងៃ​នេះ ដែល​មាន​រយៈ​ពេល​ប្រមាណ​ជិត​១​ខែ​នោះ មាន​អ្នក​ទស្សនា​មិន​ដល់ ៥០ដង​ផង។ អេនឌី អះអាង​ថា វា​ជា​ចំនួន​ចូល​ទស្សនា​តិច​បំផុត ស្ទើរ​មិន​គួរ​ជឿ ខុស​ពី​បទ "មន្ត​ស្នេហ៍​ព្រះ​ច័ន្ទ" របស់​លោក ចេញ​ពី​ដើម​ឆ្នាំ ក្នុង​រយៈ​ពេល​ប្រហាក់​ប្រហែល​គ្នា មាន​អ្នក​ចូល​ទស្សនា​ជាង ១០​លាន​ដង​ឯណោះ។

ប៉ុន្តែ​ជាមួយ​ចំនួន​ចូល​ទស្សនា​ដ៏​ច្រើន​នៃ​បទ​ពី​ដើម​ឆ្នាំ​នោះ លោក​ក៏​ទទួល​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ដែរ ទៅ​លើ​ការ​សម្ដែង​បែប​សិចស៊ី ស្រើប​ស្រាល ជាមួយ ពេជ្រ អាវីហ្សា។ សាមី​ខ្លួន បញ្ជាក់​ថា បាក់​ស្បាត​ជាមួយ​ការ​វាយ​ប្រហារ​មិន​សំចៃ​ដៃ​លើ​ភាព​សិចស៊ី​នោះ​ហើយ ទើប​លោក​ក៏​បក​មក​ធ្វើ​បទ​បែប​រម្យទម​វិញ ប៉ុន្មាន​បទ​ចុង​ក្រោយ​តាម​ការ​រិះគន់។ ប៉ុន្តែ​លទ្ធផល រឹត​តែ​គួរ​ឲ្យ​ខក​ចិត្ត​ថែម​ទៀត។

“បង​ឯង​ឃើញ​ហើយ MV អត់​មាន​អ្នក​ចូល​មើល​ទេ...ព្រោះ​អត់​មាន​កន្លែង​ចាប់​កំហុស បែប​នេះ តើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឯណា​ធ្វើ​បន្ត​ទៀត...ហ៊ឺ...និយាយ​មិន​ចេញ​ទេ​បង​អ្ហើយ!”។ អេនឌី ថ្លែង។

ប៉ុន្មាន​ខែ​មុន លោក អេនឌី បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ផ្ទាល់​ខ្លួន​ជា​ច្រើន មាន​ទាំង Original Song និង Cover បទ​មរតក​ដើម​ផង មាន​ដូច​ជា "មនុស្ស​សំខាន់​សម្រាប់​ថ្ងៃ​ថ្មី" "ទី​បំផុត​ទើប​ដឹង​ថា​គេ​កុហក" "វិល​វិញ​អូន" និង​បទ ""មន្ត​ស្នេហ៍​ព្រះច័ន្ទ" ជា​ដើម។ ដែល​បទ​​សម្ដែង​ជាមួយ ពេជ្រ អាវីហ្សា "មន្ត​ស្នេហ៍​ព្រះច័ន្ទ" មាន​អ្នក​ចូល​មើល​ដូច​ទឹក​បាក់​ទំនប់។

យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ងាក​មក​ធ្វើ​បទ​បែប​រម្យទម ហើយ​មិន​មាន​ការ​គាំទ្រ​ដូច្នេះ មិន​ទាន់​ដឹង​ទេ​ថា លោក​នឹង​បន្ត​ការងារ​ធ្វើ​បទ​ថ្មី និង​បន្ត Cover បទ​មរតក​ដើម តាម​និស្ស័យ​របស់​លោក​ទៀត ឬ​យ៉ាង​ណា​ឡើយ ខណៈ សាមី​ខ្លួន បញ្ជាក់​ថា មិន​ទាន់​ច្បាស់​ដូច​គ្នា៕

ខាង​ក្រោម​នេះ គឺ​បទ "លា​ហើយ​ភ្នំពេញ" ដែល​អេនឌី បញ្ជាក់​ថា ខ្វះ​ការ​គាំទ្រ​មិន​គួរ​ឲ្យ​ជឿ!​

អត្ថបទ៖ ទារិកា

មតិយោបល់