• 2018-10-30 03:10:06
  • ព័ត៌មាន

មិន​ធម្មតា ឆាយ វីរៈយុទ្ធ បង្ហាញ​មហិច្ឆតា​ធំ​ក្នុង​ជំនួញ​មាស​ស

  • 2018-10-30 03:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​មិត្ត​រួម​អាជីព​ចម្រៀង​ជា​ច្រើន​បាន និង​កំពុង​វក់វី​រកស៊ី​ពុះ​ដីឡូតិ៍​លក់ លោក ឆាយ វីរៈយុទ្ធ ឯណេះ​រួម​ជាមួយ​ភរិយា វក់​វី​នឹង​មុខ​ជំនួញ​មាស​ស ឬ​អង្ករ ដែល​បាន​ប្រាប់​ថា លោក​មាន​មហិច្ឆតា​ធំ​ក្នុង​ជំនួញ​នេះ។

មហិច្ឆតា​របស់​តារា​ចម្រៀង​សាន់ដេ គឺ​លោក​ចង់​ធ្វើ​ជា​អ្នកជំនួញ​ផ្គត់ផ្គង់​អង្ករ​ដ៏​ធំ​មួយ​ក្នុង​ស្រុក ខណៈ​បច្ចុប្បន្ន​កំពុង​បាន និង​កំពុង​ពង្រីក​ខ្លួន​បន្តិច​ម្ដងៗ។ លោក ឆាយ វីរៈ​យុទ្ធ បាន​ចាប់​ផ្ដើម​ចេញ​រក​ស៊ី​ជំនួញ​យ៉ាង​ចេញ​មុខ ក្រោយ​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​រៀប​ការ​ជាមួយ​អ្នក​នាង សែ ចាន់ឌី កូន​ថៅកែ​ម៉ាស៊ីន​ស្រូវ ហាក់ សែ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៧។

យ៉ាង​ណា តារា​ចម្រៀង​បាន​បញ្ជាក់​ថា លោក បាន​រក​ស៊ី​ជំនួញ​នេះ តាំង​ពី​លោក និង​ភរិយា​នៅ​ជា​គូ​ដណ្ដឹង​ម្ល៉េះ ប៉ុន្តែ​ទើប​តែ​លូក​ដៃ​ខ្លាំង​ក្រោយ​រៀបការ។ ជំនួញ​មាស​ស​នេះ គូ​ស្វាមី​តារា​ចម្រៀង​បាន ដាក់​ឈ្មោះ​ថា "ស្ដេច​អង្ករ" ដែល​បើក​ដំណើរ​ដំបូង​មាន​ត្រឹម​២​ទី​តាំង​ប៉ុណ្ណោះ​នៅ​រាជធានី​ភ្នំពេញ​ គឺ​នៅ​​ម្ដុំ កាំកូស៊ីធី និង​តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី។ ប៉ុន្តែ​បច្ចុប្បន្ន​លោក​បាន ពង្រីក​បាន​រហូត​ដល់​៤​ទីតាំង​ហើយ។

“បាទ...ឥឡូវ​យើង​ពង្រីក​បាន​៤ទី​តាំង​ហើយ​នៅ​រាជធានី​យើង​នេះ ហើយ​តាម​សាមី​ខ្លួន អាជីវកម្ម​មួយ​នេះ គ្រោង​បើក​សាខា​១​ទី​តាំង​បន្ថែម​ទៀត ឆាប់​ៗ​ខាង​មុខ​នេះ...តាម​ពិត​មិន​ទាន់​បាន​បង្ហើប​ទេ ដល់​ឥឡូវ​ហើយ​សួរ​ហើយ​ប្រាប់​តែ​ម្ដង គឺ​បើក​ថែម​មួយ​ទៀត​ឆាប់​ៗ​នេះ​ហើយ ហើយ​ខ្ញុំ​នៅ​មាន​មហិច្ឆតា​បន្ថែម​ទៀត"។

តាម​ម្ចាស់​បទ "ទឹក​លុយ​សម្លាប់​ទឹក​ចិត្ត​ខ្ញុំ​ហើយ" ដំណាក់​កាល​ទី​១​នេះ លោក​នឹង​ខិត​ខំ​ពង្រីក​ខ្លួន​នៅ​រាជធានី​សិន ជំហាន​បន្ទាប់​នឹង​ទៅ​តាម​បណ្ដា​ខេត្ត​ទៀត។ "ឥឡូវ​យើង​វ៉ៃ​នៅ​ភ្នំ​ពេញ​សិន ទៅ​មុខ​ទៀត អាច​នឹង​ទៅ​ខេត្ត​នានា​ទៀត ពិសេស​ខេត្ត​ដែល​មាន​សក្ដានុពល...រាល់​ថ្ងៃ​កំពុង​តែ​សិក្សា​មើល​សិន!”។ ឆាយ វីរៈយុទ្ធ បន្ថែម។

អ្នក​នាង សែ ចាន់ឌី ជា​ភរិយា ក៏​លូក​ដៃ​ខ្លាំង​ដែរ​ក្នុង​ជំនួញ​ជួញ​ដូរ​អង្ករ​ខាង​លើ ហើយ​ថ្មី​ៗ​នេះ អ្នក​នាង​ទើប​នឹង​ត្រូវ​បាន​អញ្ជើញ​ដោយ​សហរដ្ឋ​អាមេរិក ទៅ​ទទួល​ការ​បណ្ដុះបណ្ដាល​បន្ថែម​ជំនាញ​សហគ្រិន​ថែម​ទៀត​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់