• 2018-11-08 04:15:43
  • ភាពយន្ត

ស្រីស្អាត សួង សាខារ៉ានីត ភ័យតក់ស្លុតមិនបាត់ត្រង់ឈុតឆាកគេវះយកកូនទៅធ្វើកូនក្រក

  • 2018-11-08 04:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ សួង សាខារ៉ានីត បាន​បង្ហាញ​អារម្មណ៍​ភ័យ​តក់​ស្លុត​មិន​ទាន់​បាត់​ត្រង់​ឈុត​ឆាក​​ចោរ​មក​វះ​យក​​កូន​ពី​​ផ្ទៃ​នាង ពុំ​ទាន់​គ្រប់​ខែ​យក​ទៅ​ធ្វើ​ជា​កូន​ក្រក​ក្នុង​រឿង​"កូន​ក្រក" ដែល​បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​រោង​ភាព​យន្ត​ Major Cineplex By Smart ផ្សារ​ទំនើប​អ៊ី​អន​១​កាល​ពី​ល្ងាច​មិញ។

សួង សាខារ៉ានីត រៀប​រាប់​ថា ត្បិត​​ពេល​សម្ដែង​​​គេ​មិន​បាន​មក​វះ​កាត់​​យក​កូន​ចេញ​ពោះ​ក៏​ពិត​មែន​ តែ​នាង​មាន​អារម្មណ​ស្រៀវ​ឆ្អឹង​ខ្នង​ និង​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ ​ខណៈ​​តួ​អង្គ​ក្នុង​រឿង​យក​កាំបិត​ពិត​មុខ​ឡើង​ស្រួចឈ្លែម​មក​គ្រលរ​រក​ចាក់​ទម្លាយ​ពោះ​​នាង ដើម្បី​បាន​កូន​យក​ទៅ​ធ្វើ​កូន​ក្រក។

អ្វី​ដែល​កាន់​តែ​​គួរ​ឲ្យ​ខ្លាច​ជាង​នេះ​​ត្រង់​ឈុត​ឆាក​នេះ​ សាខារ៉ានីត សម្ដែង​ពេល​យប់​ទៀត​​ទើប​នាង បារម្ភ​ខ្លាច​មាន​ផ្លូវ​ងងឹត​ណា​មួយ​​មក​លេង​សើច​​​ហើយ​ចូល​សណ្ឋិត​ជ្រុល​ដៃ​ចាក់​មក​លើ​ខ្លួន​មែន​ទែន។ តែ​មិន​​មាន​បញ្ហា​​អ្វី​កើត​ឡើង​ឡើយ ព្រោះ​មុន​ពេល​ថត​ក្រុម​ការងារ​ក៏​ដូច​ជា​តួ​សម្ដែង​ក្នុង​រឿង​ទាំង​អស់​បាន​អុជ​ធូប​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​រួច​រាល់​ហើយ។

ជាមួយ​គ្នា​នេះ​ដែរ​លោក លៀក លីដា​ ចាងហ្វាង​ផលិតកម្ម​ LD ឲ្យ​ដឹង​ថា​រឿង ​"កូនក្រក"​ស្នាដៃ​ថ្មី​របស់​នាយ ពែកមី គឺ​បាន​សម្រិតសម្រាំង​គុណភាព ខ្លាំង​ជាង​​មុន ហើយ​ស្នាដៃ​នេះ​គឺ​បង្ហាញ​ពី​ឈុត​ឆាក និង​ភាព​ភ័យ​រន្ធត់​ខ្លាំង​ជាង​​បណ្ដា​ភាពយន្ត​មុន​ៗ។ ដូច្នេះ​ហើយ​លោក សង្ឃឹម​​​ថា​​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​ នៅ​ពេល​​រឿង​នេះ​ដាក់​បញ្ចាំង​នៅ​រោង​កុន​នា​ពេល​ខាង​មុខ។

រឿង​"កូន​ក្រក" ចូល​រួម​សម្ដែង​ដោយ សុខ សោម៉ាវត្ដី នាយគ្រឿន ហេង ចន្ថា ងួន សុបិន សួង សាខារ៉ានីត និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នៅ​ថ្ងៃ​ទី៩ ខែ វិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ហើយ៕​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់