• 2018-11-26 04:31:05
  • ព័ត៌មាន

ជក់​ខ្យល់​នឹង​ការ​រិះគន់​ជា​ច្រើន​ខែ ស្រាប់​តែ​ថ្មី​ៗ​នេះ ថ្នាក់​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ អេនឌី រំភើប​ចង់​ហោះ

  • 2018-11-26 04:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង អេនឌី បាន​ប្រាប់​ឲ្យដឹង​ថា លោក​មាន​ចិត្ត​រំភើប​ខ្លាំង​ណាស់ បន្ទាប់​ពី​ថ្មី​ៗ​នេះ លោក​ស្រាប់​តែ​ទទួល​បាន​ចាប់​អារម្មណ៍​ពី​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កម្មវិធី​សិល្បៈ​មួយ បន្ទាប់​ពី​រង​ការ​រិះគន់​ជា​ច្រើន​ខែ ពី​រឿង​សិចស៊ី។

គណនី​សម្ដេច នាយករដ្ឋមន្ត្រី​ត្រូវ​បាន​គេ​ឃើញ​បាន​ចូល​ទៅ​តាម​ដាន​កម្មវិធី "ចម្រៀង​គ្រួសារ" នៅ​លើ​ហ្វេសប៊ុក កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍ វេលា​ដែល​លោក អេនឌី និង​លោក ឯក ស៊ីដេ និង​តារា​ចម្រៀង​ស្រី​ម្នាក់​ទៀត បាន​ចូល​រួម​ជា​កិត្តិយស។ គ្រា​នោះ សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​ថា "ទើប​តែ​ដឹង​ថា អេនឌី ចេះ​ច្រៀង និង​ថែម​ទាំង​ចេះ​ច្រៀង​បទ​ខ្ញុំ​និពន្ធ​ទៀត​ផង!”។

សម្ដេច​នៅ​បាន បន្ថែម​ថា តាម​ការ​សង្កេត​ទៅ​លើ​តារា​ចម្រៀង​ជា​វាគ្មិន​ទាំង​៣ និយាយ​ខុស​ច្រើន ទំនង​ជា​ភ័យ​ដោយ​សារ​ដឹង​ថា សម្ដេច​បាន​ចូល​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នេះ និង​បាន​ស្នើ​សុំ​បទ​ចម្រៀង​ផង ដែល​បទ​នោះ​មាន​ចំណង​ជើង​ថា "ទំនួញ​កម្សត់​ប្រវត្តិ​វិទ្យាល័យ"។

បញ្ហា​នេះ អេនឌី ប្រាប់​ថា លោក​ពិត​ជា មាន​អារម្មណ៍​ភ័យ​មែន រួម​ទាំង​ភ្ញាក់​ផ្អើល​ផង។ "ខ្ញុំ​រំភើប​ណាស់​បង និង​មិន​ជឿ​សោះ​ថា សម្ដេច​គាត់​ចូល​មើល​ផ្ទាល់​អីចឹង ថែម​ទាំង Comment ឈ្មោះ​ខ្ញុំ​ចំ​ៗ​ទៀត​ដូច្នេះ​សោះ រំភើប​មែន​ទែន​បង ភ័យ​ផង អរ​ផង!” ។

អេនឌី ទើប​តែ​បាន​ចូល​រួម​ជា​លើក​ទី​១ ក្នុង​កម្មវិធី "ចម្រៀង​គ្រួសារ​ខ្មែរ" នៅ​យប់​ថ្ងៃ​​ទី​៣​នៃ​ព្រះ​រាជពិធី​បុណ្យ​អុំ​ទូក លយ​ប្រទីប អក​អំបុក​សំពះ​ព្រះខែ​កន្លង​ទៅ​ថ្មី​ៗ។ កម្មវិធី​នេះ បង្កើត​ឡើង​ធ្វើ​ជា​វេទិកា លើក​យក​បទ​ចម្រៀង​ពី​ដើម​ៗ​មក​ច្រៀង និង​ផ្ដល់​ឱកាស​ដល់​សិល្បករ​ចាស់ៗ​មិន​សូវ​មាន​ឱកាស បាន​ឡើង​បង្ហាញ​មុខ ដែល​រៀប​ចំ​ដោយ​លោក អ៊ុក ណារីម និង​ភរិយា ឆោម ឆពុំ ដែល​គេ​ដឹង​ថា គូ​ស្វាមី​ភរិយា​សិល្បៈ​មួយ​គូ​នេះ គឺ​ជា​កូន​ធម៌​សម្ដេច​នាយក​រដ្ឋមន្ត្រី​ផង។

ដូច្នេះ​ហើយ សម្ដេច​នាយក​រដ្ឋ​មន្ត្រី រមែង​ចូល​ទស្សនា​កម្មវិធី​ជា​រឿយៗ ដូច​ដែល​លោក អេនឌី បាន​ពើប​ប្រទះ។ តារា​ចម្រៀង​និយម​ច្រៀង​បទ​មរតក​ដើម​លើក​ឡើង​ថា លោក​ពិត​ជា​ភ័យ​ពិត​មែន​​នា​ពេល​នោះ។ "និយាយ​មែន​បង ពេល​នោះ គ្រាន់​តែ​ដឹង​ថា សម្ដេច​ចូល​មើល និង Comment ឈ្មោះ​ខ្ញុំ​ចំ​ៗ ភ័យ​ញ័រដៃ​ញ័រ​ជើង​អស់​ហើយ ព្រោះ​មិន​នឹក​ស្មានថា លោក​នៅ​ចាំ​សោះ!”។

រូបភាព៖ ផ្ដល់​ដោយ អេនឌី

ក្រៅ​ពី​ជា​កន្លែង​គាស់​រំលើង​បទ​ចម្រៀង​មរតក​ដើម កម្មវិធី "ចម្រៀង​គ្រួសារ​ខ្មែរ" ក៏​ជា​កន្លែង​ជជែក​គ្នា​ពី​រឿងរ៉ាវ​ខ្លះ​របស់​សង្គម​ផង មាន​ដូច​ជា ចរាចរណ៍ ទេសចរណ៍ សីលធម៌ និង​វប្បធម៌​ផង។ កម្មវិធី​មាន​ផ្សាយ​ជូន​នៅ​រៀងរាល់​យប់​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​សុក្រ ចាប់​ពី​ម៉ោង ៨យប់ រាល់​សប្ដាហ៍៕

អត្ថបទ៖ ទារិកា

មតិយោបល់