• 2019-02-01 06:20:00
  • ព័ត៌មាន

រឿង​កម្រ! ខាត់ សុឃីម ជួប​មិត្ត​ពី​កុមារភាព លេង​បបួល​គ្នា​វិនិយោគធំ​នៅ​លើ​ដី​កំពង់សោម​តែ​ម្ដង

  • 2019-02-01 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ល្បី​ថា​គ្រប់​គ្រង​ទ្រព្យ និង​អចលនទ្រព្យ​ច្រើន​កន្លែង​ទាំង​នៅ​រាជធានី និង​បណ្ដា​ខេត្ត ឥឡូវ ខាត់ សុឃីម ស្រាប់​តែ​វិនិយោគ​ដី​ធ្លី​យ៉ាង​ចេញ​មុខ​ចេញ​មាត់​នៅ​ទឹកដី​ខេត្ត​កំពង់សោម ដោយ​ចាប់​ដៃ​ជាមួយ មិត្ត​ពី​កុមារភាព​នាង​ម្នាក់ បូក​រួម​នឹង​លោក ឆាយ វីរៈយុទ្ធ ផង។

មិត្ត​ពី​កុមារភាព​របស់ ខាត់ សុឃីម មាន​ឈ្មោះ​ថា ហ្គានី ជា​បុគ្គល​ជិត​ដិត​បំផុត​ម្នាក់​របស់​នាង​តាំង​ពី​នៅ​តូច​ក្រូច​ឆ្មា និង​ធ្លាប់​រត់​លេង​ក្រោម​ទឹក​ភ្លៀង​ជាមួយ​គ្នា​ទៀត​ផង។ ក្រោយ​ពី​បែក​គ្នា​រាប់​សិប​ឆ្នាំ ដោយ​មិន​ដឹង​ថា​នរណា​ទៅ​ណា ពួក​គេ​ទើប​នឹង​បាន​ជួប​គ្នា​វិញ ប្រមាណ​៣​ឆ្នាំ​ចុង​ក្រោយ និង​ព្យាយម​ទំនាក់ទំនង​គ្នាតាម​ហ្វេសប៊ុក។

"បន្ទាប់​ពី Add គ្នា​ទៅ​មក​ហើយ យើង​ក៏​ចាប់​ផ្ដើម​ទាក់​ទង​គ្នា ដំបូង​សួរ​សុខ​ទុក្ខ​គ្នា និង​បន្ត​បន្ទាប់​ក៏​ពិភាក្សា​គ្នា​រកសី​ទៅ"។ សុឃីម ថ្លែង។

មិត្ត​ពី​កុមារភាព​របស់ ខាត់ សុឃីម បាន​បបួល​នាង​រកស៊ី​ជំនួញ​ដី​ធ្លី ដែល​ដំបូង​ឡើយ​ប្រុង​ធ្វើ​នៅ​តំបន់​ភ្នំ​បាសិត ប៉ុន្តែ​ក្រោយ​មក​បាន​សម្រេច​បែរ​គោល​ដៅ​មក​ខេត្ត​ព្រះសីហនុ ក្រោយ​មើល​ឃើញ​ថា តំបន់​នោះ ទីផ្សារ​ដី​កំពង់​ពុះ​កញ្ជ្រោល បន្ទាប់​ពី​រាជធានី​ភ្នំពេញ។ ដោយ​សារភាព​ជិត​ដិត និង​ទុក​ចិត្ត​គ្នា ពួក​គេ​បាន​សម្រេច​វិនិយោគ​លើ​ដី​ទំហំ​ជាង ១០ហិកតា​នៅ​តំបន់​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ បើក​លក់​ផ្លូវ​ការ​ព្រឹក​នេះ។

ជាមួយ​គ្នា ឆាយ វីរៈយុទ្ធ ត្រូវ​បាន​ឲ្យ​ដឹង​ថា ជា​ដៃគូ​សំខាន់​ម្នាក់​របស់​តារា​ចម្រៀង​ប្រជាប្រិយផង ដែល​នៅ​មុន​នេះ ក៏​ធ្លាប់​ធ្លាយ​ព័ត៌មាន​តារា​ចម្រៀង​សាន់ដេ ចាប់​ដៃ​គ្នា​ជាមួយ ខាត់ សុឃីម រក​ស៊ី​ដីធ្លី​នេះ​ដែរ​កាល​ពី​ប្រមាណ​១​ខែ​មុន។ សុឃីម ថ្លែង​ថា ដោយ​សារ​កាវិនិយោគ​មាន​ទំហំ​ធំ ទើប​ត្រូវ​ការ​ដៃគូ​បន្ថែម ចុង​ក្រោយ​ក៏​សម្រេច​ចាប់​ដៃ​គ្នា​ជាមួយ ម្ចាស់​បទ "ទឹក​លុយ​សម្លាប់​ទឹក​ចិត្ត​ខ្ញុំ​ហើយ" ដែល​នាង​មាន​ទំនុក​ចិត្ត​ថា ជា​ដៃគូ​ល្អ។

ជុំវិញ​បញ្ហា​នេះ ឆាយ វីៈយុទ្ធ បញ្ជាក់​ថា លោក​ក៏ធ្លាប់​គិត​ពី​គម្រោង​រកស៊ី​ដី​ឡូតិ៍​នេះ​ដែរ ដោយ​សារ​ឃើញ​ឱកាស​ល្អ​មួយ​ចំនួន​នៅក្នុង​ជំនួញ​នេះ។ ស្រប​ពេល ខាត់ សុឃីម ទាក់​ទង លោក​ក៏​ហក់​ចូល​តែ​ម្ដង ក្នុង​នោះ ពួក​គេ​វិនិយោគ​រួម​គ្នា ៥០% និង​មិត្ត​ជិត​ស្និទ្ធ​របស់ សុឃីម គឺ​លោក ម៉េន ហ្គានី គឺ​ជា​ម្ចាស់​ហ៊ុន​ធំ កាន់​កាប់​ភាគហ៊ុន​ដែល​នៅ​សល់។

ជំនួញ​ដី​ធ្លី ខាត់ សុឃីម មិត្ត​ពី​កុមារភាព និង​ឆាយ វីរៈយុទ្ធ វិនិយោគ​លើ​ដី​ទំហំ​ជាង ១០ហិកតា ស្មើ​នឹងជាង ៧០០ឡូតិ៍។ ដោយ​ឡែក​ទុន​វិនិយោគ​លើ​គម្រោង​នេះ ដល់​ទៅ​ជាង​២លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។ នេះ​បើ​តាម​លោក ហ្គានី ម្ចាស់​ភាគហ៊ុន​ធំ។

ខាត់ សុឃីម បញ្ជាក់​ថា ទន្ទឹម​នឹង​ដំណើរ​គម្រោង​ដំបូង ពួក​នាង គ៏​បាន​រៀប​គម្រោង​ទី​២​បណ្ដើរ​ៗ​ទៀត​ហើយ ក្រោយ​ពី​គម្រោង​ទី​១ចាប់​ផ្ដើម​មាន​ផ្លែ​ផ្កា​ទៅ​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់