• 2019-04-09 07:07:57
  • ព័ត៌មាន

តោះ! មក​មើល​ទិដ្ឋភាព​ការ​សម្ដែង​របស់​ឪពុក-កូន ព្រាប សុវត្ថិ ដែល​សំបុត្រ​លក់​អស់​លឿន​បំផុត

  • 2019-04-09 07:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក-កូន ព្រាប សុវត្ថិ កំពុង​ជាប់​បេសកកម្ម​នៅ​លើ​ទឹក​ដី​អាមេរិក​ញឹក​ស្អេក តាំង​ពី​បាន​ឈាន​ជើង​ចេញ​ពី​កម្ពុជា កាល​ពី​ចុង​ខែ​មុន។ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ តារា​ចម្រៀង​ឪពុក-កូន រូប​នេះ បាន​ព្រួត​គ្នា​អង្រួន​ឆាក​តន្ត្រី​នៅ​ក្នុង​បរិវេណ Casino Foxwoods ជា​កន្លែង​ដែល​ការ​សម្ដែង​របស់​លោក លក់​សំបុត្រ​ដាច់​លឿន​បំផុត។

លោក ហង្ស ឈា ដែល​បាន​សហ​ដឹកនាំ​កម្មវិធី​ខាង​លើ បាន​បញ្ជាក់​ថា Foxwoods នេះ​ហើយ ជា​ទីតាំង​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​របស់​ក្រុម​លោក ព្រាប សុវត្ថិ ហើយ​ក៏​ជា​កន្លែង​ដែល​សំបុត្រ​សម្រាប់​ការ​ទស្សនា​ការ​សម្ដែង​របស់​ពួក​គេ ត្រូវ​បាន​លក់​អស់​លឿន​ជាង​ការ​រំពឹង​ទុក​ដែរ ពោល​គឺ​គ្រាន់​តែ​បើក​លក់​ភ្លាម ត្រូវ​បាន​លក់​អស់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

ម្ចាស់​ឧបត្ថម្ភ​នាំ​យក​ក្រុម​លោក ព្រាប សុវត្ថិ បញ្ជាក់​ថា កាល​ណោះ សំបុត្រ ១៥០០​សន្លឹក​សម្រាប់​ទស្សនា​ការ​សម្ដែង​របស់​ក្រុម​តារា​ចម្រៀង​ល្បី​ទៅ​ពី​កម្ពុជា ត្រូវ​លក់​អស់ ក្នុង​រយៈ​ពេល​លឿន ជាង​ការ​ប្រគំ​តន្ត្រី​ផ្សេង​ទៀត​ដែល​លោក​បាន​រៀប​ចំ។ ជុំ​វិញ​រឿង​នេះ មាន​ព័ត៌មាន​ថា បង​ប្អូន​ខ្មែរ​នៅ​អាមេរិក ចង់​ជួប​កូន​ៗ​ទាំង​បី​របស់​លោក ព្រាប សុវត្ថិ ដែល​កំពុង​មាន​ប្រជាប្រិយ ទើប​ធ្វើ​ឲ្យ​សំបុត្រ​ការ​សម្ដែង​របស់​ពួក​គេ​លក់​អស់​លឿន​ដូច​នេះ។

យ៉ាង​ណា លោក ហង្ស ឈា អះអាង​ថា ពួក​គេ (ឪពុក​កូន​ព្រាប សុវត្ថិ) មាន​ភាព​ទាក់​ទាញ​ខ្លាំង​ដូច​ៗ​គ្នា។ វិល​ទៅ​មើល​ភាព​ជាក់​ស្ដែង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​កាល​ពី​ថ្ងៃ​សៅរ៍​វិញ អ្នក​ឧបត្ថម្ភ​ដដែល បាន​គូស​បញ្ជាក់​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា បង​ប្អូន​ខ្មែរ​នៅ​អាមេរិក ពិត​ជា​គាំទ្រ​ខ្លាំង​ពិត​មែន។ ដូច្នេះ​ហើយ ក្នុង​នាម​ជា​អ្នក​រៀប​ចំ លោក អះអាង​ថា រីករាយ​ខ្លាំង​ណាស់ ដែល​បង​ប្អូន​ខ្មែរ​នៅ​អាមេរិក​បាន​មក​គាំទ្រ​ការ​សម្ដែង​របស់​លោក ព្រាប សុវត្ថិ កុះករ​ដូច្នេះ។

លោក​បន្ត​ថា ការ​គាំទ្រ​ទាំង​នោះ ជា​ការ​លើក​ទឹក​ចិត្ត​ក្រុម​ការងារ​លោក​ទាំង​អស់​គ្នា ក្នុង​ការ​បន្ត​បេសកកម្ម​ទៅ​មុខ​បន្ត​ទៀត។ លោក បន្ថែម​ថា បេសកកម្ម​របស់​លោក ក៏​ដូច​ជា​ឪពុក កូន ព្រាប សុវត្ថិ មិន​ទាន់​ចប់​នោះ​ទេ។ នៅ​ចុង​សប្ដាហ៍​នេះ ត្រូវ​នឹង​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ កៀក​នឹង​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ខ្មែរ លោក ព្រាប សុវត្ថិ និង​កូន​ៗ នឹង​ត្រូវ​សម្ដែង​នៅ​បន្ត​ទៀត ក្នុង​នោះ​ថ្ងៃ​សុក្រ ធ្វើ​នៅ Washing DC និង ថ្ងៃ​សៅរ៍ ធ្វើ​នៅ Philadelphia។

“ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​ខ្មែរ​យើង នឹង​រឹត​តែ​គាំទ្រ ហើយ​បន្ត​មក​ទស្សនា​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​បន្ត​ទៀត។ ការ​ប្រគំ​តន្ត្រី​នឹង​ចាប់​ផ្ដើម​បើក​ឲ្យ​បង​ប្អូន​ចូល​ទស្សនា​ចាប់​ពី​ម៉ោង ៧ល្ងាច​ត​ទៅ!”។ ហង្ស ឈា ថ្លែង។

តោះ...មក​មើល​ទិដ្ឋភាព​ខ្លះ​ៗ ពី​ការ​សម្ដែង​របស់​ឪពុក កូន ព្រាប សុវត្ថិ កាល​ចុង​សប្ដាហ៍​មុន​ទាំង​អស់​គ្នា!​

រូបភាព៖ ហ្វេសប៊ុក ហង្ស ឈា

អត្ថបទ៖ ទារិកា

មតិយោបល់