- 2019-05-16 02:39:27
- ព័ត៌មាន
តារាចម្រៀងកំពុងញាំញីដោយជំងឺមហារីក ងួន កែវពេជ្រពិសិដ្ឋ ត្អូញនៅស្រណោះស្នាដៃ១មិនទាន់បញ្ចេញ
- 2019-05-16 02:39:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងកំពុងញាំញីដោយជំងឺមហារីក ងួន កែវពេជ្រពិសិដ្ឋ ត្អូញនៅស្រណោះស្នាដៃ១មិនទាន់បញ្ចេញ
ចន្លោះមិនឃើញ
លោក ងួន កែវពេជ្រពិសិដ្ឋ តារាចម្រៀងOriginal Song និងជាអ្នកនិពន្ធ ដែលកំពុងតែកើតជំងឺមហារីកដំណាក់កាលទី១ ធ្វើឲ្យមហាជនមួយចំនួនធំសម្ដែងការអាណិតអាសូរខ្លាំងនោះ បានថ្លែងឲ្យដឹងថា ខ្លួនមានស្នាដៃរឿងខ្លីមួយថតរួចរាល់ហើយ កំពុងកាត់ត នៅមិនទាន់បញ្ចេញ។
ថ្លែងបែបនេះគ្រាដែល តារាចម្រៀងពលករលោក គុយលី ជាមិត្តភ័ក្ដិជិតស្និទ្ធរបស់លោកបានដឹកនាំសប្បុរសជនយកអំណោយទៅជូនលោក កំពុងសម្រាកព្យាបាលនៅផ្ទះជួលមួយកន្លែងក្នុងសង្កាត់បឹងសាឡាង កាលពីពេលថ្មីៗនេះ។
ងាកមកមើលលើស្នាដៃរឿងខ្លីរបស់ លោក ងួន កែវពេជ្រពិសិដ្ឋ ដែលមិនទាន់ផលិតចប់នោះ ធ្វើឲ្យសាមីខ្លួនសោកស្ដាយខណៈខ្លួន មានជំងឺធ្ងន់ធ្ងរ មានចំណងជើងថា "បេសកកម្មហេងស៊យ" ។ ភាពយន្តនោះមានតារាសម្ដែងជាច្រើនក្នុងនោះ លោក គុយ លី ក៏ជាតារាសម្ដែងម្នាក់ដែរ នៅក្នុងសាចរឿងដែរ។ ជាភាពអប់រំខ្លី បែបកំប្លែង ដែលលោកនិពន្ធនិងផលិតឡើង សម្រាប់ចាក់លើយូធូប។
តាមការបញ្ជាក់ឲ្យដឹង ភាពយន្តនោះបានថតចប់ជិត១ឆ្នាំហើយ និងកំពុងកាត់ត ប៉ុន្តែចៃដន្យលោកធ្លាក់ខ្លួនឈឺ ក៏ចេះតែអូសបន្លាយរហូតមកដល់បច្ចុប្បន្នតែម្ដងទៅ។ទោះធ្លាក់ខ្លួនឈឺ កើតមហារីកដល់ដំណាក់កាលទី១ហើយក្ដី លោកនៅតែមានឆន្ទៈថា ភាពយន្តនៅត្រូវតែធ្វើឲ្យរួចរាល់ ដើម្បីចាក់ផ្សាយ និងមានបំណងបន្តផលិតស្នាដៃជាច្រើនទៀត។ និយាយរួម គឺអារម្មណ៍របស់លោក គឺដក់ជាប់នឹងការងារសិល្បៈតែម្ដង ទោះបច្ចុប្បន្នមានជំងឺបែបនេះក្ដី។
តាមការបញ្ជាក់ពីប្អូនស្រី ជីដូន១ របស់លោកដែលជាអ្នកចាំមើលថែជាប្រចាំ លោក ងួន កែវពេជ្រពិសិដ្ឋ មានកំណើតមកពីខេត្ត ក្រចេះ លោកបានប្រលូកការងារសិល្បៈជាង៥ឆ្នាំមកហើយ ក្នុងអាជីពជាតារាចម្រៀង និងនិពន្ធ។ ស្នាដៃដែលលោកធ្លាប់បានផលិត មិនក្រោម ១០០ ចំណងជើងឡើយ ចំណែកបទចម្រៀងក៏មានច្រើនផងដែរ។ បទចម្រៀងរបស់លោកដែលទស្សនិកជនស្គាល់ច្រើនមានបទ"សុំទោសលោកមានគុណ",”កុំទុកបងជា Power Bank" "ខ្លាចអូនប្រាប់ថាបែក" ជាដើម។
លោក ជាមនុស្សម្នាក់មានអធ្យាស្រ័យល្អ ធ្វើឲ្យអ្នកដែលធ្លាប់ស្គាល់លោកតែងតែបន្តរាប់អានគ្នារហូតមិនបោះបង់ចាលគ្នាឡើយ។ តារាចម្រៀងវ័យ៣០ឆ្នាំរូបនេះ មានជំងឺមហារីកដំណាក់កាលទី១នេះ អស់រយៈពេល ៥ខែមក។ ប៉ុន្តែលោក បានព្យាយាមលាក់បាំងដោយសុខចិត្តតស៊ូមើលព្យាបាលខ្លួនឯងតាមលទ្ធភាពរបស់គ្រួសារ។ យ៉ាងណា លទ្ធភាពដែលគ្រួសារមាន មិនបានធ្វើឲ្យលោក ពិសិដ្ឋ បានធូរស្រាលឡើយ គឺមានតែវិវត្តន៍ រហូតដល់លោកប្រែរូបរាងជាស្គមឃើញហើយស្លុតចិត្តបែបនេះ។
លោក គុយ លី បានអះអាងថា លោកស្លុតចិត្ត និងអាណិតមិត្តខ្លាំងណាស់ ក្រោយទទួលដំណឹង។ ដូច្នេះហើយ លោកបានប្រកូកប្រកាសមិត្តភ័ក្ដិ និងថ្នាក់ដឹកនាំរបស់ខ្លួនប្រមូលបានជំនួយ ១ ១០០ ០០០រៀល ក្នុងនោះ មានលោក ឧកញ៉ា ឡេង ណាវ៉ត្រា ១លានរៀល និងមិត្តភ័ក្ដិម្នាក់ទៀត១០ម៉ឺនរៀល។ លោកថា នឹងបន្តប្រកាសទៀតក្រែងមានសប្បុរសជនផ្សេងទៀតជួយ។ គុយលី ថា លោកទើបតែស្គាល់គ្នាបានជាង១ឆ្នាំទេ តែហាក់មានអារម្មណ៍ស្និទ្ធស្នាលខ្លាំង ។ ជារឿយៗលោកតែងតែជួយគ្នាផ្លាស់ប្ដូរបទពិសោធន៍គ្នាលើ ការងារសិល្បៈ ប៉ុន្តែមួយរយៈនេះ លោករវល់ពេកក៏ខានមកជួយ ទើបតែដឹងដំណឹងថា ធ្លាក់ខ្លួនឈឺក៏ ប្រឹងមកមើលតែម្ដងទៅ៕