• 2019-09-11 06:59:59
  • ព័ត៌មាន

ឡូយ​បាត់ ស្ងាត់​ៗ MC Vuthy ហ៊ឺហា​រថយន្ត​ឡិចស៊ីស​ប្រណិត​មួយ​គ្រឿង​យ៉ាង​រំភើយ

  • 2019-09-11 06:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើម​ពី​តារា​សម្ដែង​ធម្មតា​ម្នាក់ ពិធីករ និង​ជា​ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​មួយ ឥឡូវ​​ពិធីករ វុទ្ធី កាន់​តែ​ហ៊ឺហា​ហើយ ក្រោយ​ពី​គេ​ឃើញ​លោក​ទើប​រំលេច​សមិទ្ធផល​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Lexus 400h ធ្វើ​ឲ្យ​ប្រិយមិត្ត និង​មិត្តភ័ក្ដិ​ជា​ច្រើន​ចូល​រួម​អបអរ។

រថយន្ត​នោះ គេ​ទើប​នឹង​ឃើញ ពិធីករ​ប្រុស​រូប​នេះ ថត​រូប​បង្ហាញ​នៅ​លើ​បណ្ដាញ​សង្គម​ថ្មី​ៗ ដែល​ភ្លាម​ៗ អ្នក​គាំទ្រ និង​មិត្តភ័ក្ដិ​ហាក់​មិន​ទាន់​ជឿ​ថា​ជា​របស់​លោក​នោះ​ទេ។ ប៉ុន្តែ​តាម​ការ​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​គាំទ្រ ទើប​បាន​ដឹង​ថា នោះ​គឺ​ជា​រថយន្ត​របស់​លោក​មែន ដោយ​ទើប​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​ថ្មី​ៗ។

យ៉ាង​ណា អ្វី​ដែល​នៅ​មាន​មន្ទិល​នោះ គឺ​ថា ជា​រថយន្ត​ដែល​លោក​ចំណាយ​លុយ​ទិញ​ដោយ​ផ្ទាល់ ឬ​ក៏​មាន​អ្នក​ណា​នៅ​ពី​ក្រោយ​ត្បិត​ថា តារា​ប្រុស​រូប​នេះ ហាក់​មិន​សូវ​ចេញ​មុខ​ច្រើន​ប៉ុន្មាន​ឡើយ​នៅ​ក្នុង​ការងារ​សិល្បៈ។ ដូច្នេះ មន្ទិល​នៅ​ត្រង់​ថា តើ​លោក​បាន​ប្រាក់​ពី​ណា​មក​ទិញ​រថយន្ត​ទំនើប​ធុន​កណ្ដាល​មួយ​គ្រឿង​នេះ។

ជុំវិញ​បញ្ហា​នេះ តារា​ប្រុស បាន​ឆ្លើយ​ប្រាប់ Sabay ថា រថយន្ត​ឡិចស៊ីស​ខាង​លើ គឺ​ជា​របស់​លោក ប៉ុន្តែ​ដូច​ការ​សង្ស័យ គឺ​មិន​មែន​ជា​រថយន្ត​ដែល​លោក​ទិញ​ដោយ​ខ្លួន​ឯង​ទេ។ បន្ថែម​ពី​លើ​នេះ ក៏​មិន​មាន​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ ជួយ​ផ្គត់ផ្គង់​លោក​ដែរ។ ប្រធាន​ក្រុម​តារា​ម៉ូដែល ប្រាប់​ថា រថយន្ត​នោះ លោក​បាន​មក​ដោយ​សំណាង​ក៏​ថា​បាន ថា​លោក​ខិត​ខំ​ក៏​បាន​ថា ព្រោះ​វា​អំណោយ​បាន​ពី​លទ្ធផល​ការងារ​របស់​លោក។

វុទ្ធី បញ្ជាក់​ថា មើល​ពី​ខាង​ក្រៅ លោក​គឺ​ជា​តារា​សិល្បៈ ប៉ុន្តែ​តាម​ពិត គឺ​លោក​ធ្វើ​កិច្ចការ​ជា​ច្រើន​ទៀត ពិសេស​ថ្មី​ៗ​នេះ លោក​បាន​ធ្វើ​ជា​អ្នក​លក់​ផលិតផល​អនឡាញ​ឲ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ Rf3 World Cambodia ។ ក្រោយ​ពី​សម្រេច​លទ្ធផល​ល្អ ទើប​ក្រុមហ៊ុន​ជូន​កាដូ​ដ៏​ធំ​មួយ​នេះ​ដល់​លោក។ លោក​បញ្ជាក់​ទៀត​ថា បើ​អោយ​លោក​មាន​លុយ​ទាំង​ដុំ គឺ​លោក​ពិត​ជា​មិន​ទាន់​មែន ប៉ុន្តែ​ដូច​ប្រាប់ គឺ​ដោយ​សារ​លទ្ធផល​ការងារ​ប៉ុណ្ណោះ។

លោក វុទ្ធី ត្រូវ​បាន​គេ​ស្គាល់​ជា​ពិធីករ​មួយ​រូប និង​​ជា​មេ​ក្រុម​ម៉ូដែល​មួយ​រូប​ផង។ ក្រៅ​ពី​នេះ លោក​ក៏​មាន​ទីផ្សារ​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​សម្ដែង​រឿង​មួយ​ចំនួន​ផង។ ទាំង​នេះ ពិធីករ​រូប​សង្ហា អះអាង​ថា បាន​មក​ពី​ការ​ខិតខំ​ដោយ​មិន​បោះបង់​របស់​លោក។ ក្រោយ​ពី​ការងារ​សិល្បៈ​ដំណើរ​ល្អ លោក​ក៏​បាន​បោះ​ជំហាន​ចូល​មក​ធ្វើ​ជា​អ្នក​លក់​ផលិតផល​អន​ឡាយ នូវ​ផលិតផល​ថែរក្សា​សុខភាព​គ្រីម Firmax3 របស់​ក្រុមហ៊ុន​ខាង​លើ​នេះ។

ដោយ​ធ្លាប់​មាន​ប្រវត្តិ​តស៊ូ ក្នុង​ការងារ​សិល្បៈ លោក វុទ្ធី ក៏​បាន​ត្រៀម​ខ្លួន ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​សង្គម ជួយ​ជន​ទីទ័ល ដោយ​លោក​គ្រោង​នឹង​ធ្វើ​ទៅ​តាម​ពេលវេលា និង​ថវិកា​ផ្ទាល់​ខ្លួន៕

អត្ថបទ៖ ទារិកា

មតិយោបល់