• 2019-09-23 09:18:56
  • ជីវិតតារា

​ពីតារាកូរ៉េលេខ ១ ក្លាយជាមនុស្សដែលជនជាតិកូរ៉េស្អប់ខ្លាំងបំផុត

  • 2019-09-23 09:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

​​​Yoo Seung-Jun កើត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ១៩៧៦ ប៉ុន្តែ​រូប​គេ​ និង​ក្រុម​គ្រួសារ​បាន​ផ្លាស់​ទៅ​នៅ​ទីក្រុង ​Los Angeles សហរដ្ឋអាមេរិក​ នា​ឆ្នាំ ១៩៨៩។ Seung-Jun បាន​និយាយ​ថា​មាន​ចិត្ត​ចង់​ក្លាយ​ជា​តារា​ ក្រោយ​ពី​មាន​តារា​កូរ៉េ​ម្នាក់​បាន​ឆក់​យក​ Crush របស់​ខ្លួន​នៅ​ទីក្រុង​ Los Angeles។

​Seung-Jun បាន​តាំង​ចិត្ត​រៀន​រាំ រៀន​ច្រៀង​ដោយ​ខ្លួន​ឯង​ និង​បាន​ផ្ញើ​វីដេអូ​សម្ដែង​របស់​ខ្លួន​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ញឹកញយ​។ នៅ​ឆ្នាំ ១៩៩៦ រូប​គេ​ ត្រូវ​បាន​ផលិតកម្ម​កូរ៉េ​មួយ​ចាប់​អារម្មណ៍ ឲ្យ​ប្រឡូក​ជា​តារា​ចម្រៀង​ទោល​ម្នាក់ ហើយ​ Seung-Jun ក៏​ចាប់​យក​ឱកាស​នេះ​ភ្លាមៗ​។

Seung-Jun មាន​ទេពកោសល្យ​ខ្លាំង​ ដល់​ថ្នាក់​​ខាង​ផលិតកម្ម​​សម្រេច​ឲ្យ​រូប​គេ​ប្រឡូក​ជា​ផ្លូវ​ការ​ ពេល​ទៅ​ដល់​កូរ៉េ​បាន​ត្រឹម​ ៣ ខែ។ នៅ​ថ្ងៃ​ទី ១ ខែ​មេសា​ ឆ្នាំ ១៩៩៧ Seung-Jun បាន​​បញ្ចេញ​អាល់ប៊ុម​ដំបូង​ ជា​មួយ​បទ Debut ចំណង​ជើង​ថា "Gaui”។ ភ្លាមៗ​នោះ​រូប​គេ​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​ជា​ខ្លាំង ពី​សំណាក់​ពលរដ្ឋ​កូរ៉េ ហើយ​ចាប់​ពី​ឆ្នាំ ១៩៩៧ ដល់ ២០០១ ជា​រៀង​រាល់​ឆ្នាំ​បទ​​ចម្រៀង​ដែល​ Seung-Jun បញ្ចេញ​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​ខ្លាំង និង​លក់​ដាច់​បាន​ច្រើន។

អាល់ប៊ុមចម្រៀងដំបូង

​​​​​​​ក្រៅ​ពី​ចំណុច​ដែល​មាន​ទេពកោសល្យ​ខាង​ផ្នែក​សិល្បៈ Seung-Jun​ ក៏​ជា​តារា​ម្នាក់​មាន​អត្តចរិត​ល្អ​បំផុត និង​​មិន​ធ្លាប់​ផ្ទុះ​រឿង​អាស្រូវ​នោះ​ទេ។ Seung-Jun បាន​​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​របស់​​ពលរដ្ឋ​កូរ៉េ​ ដែល​យល់​ថា​ជនជាតិ​​កូរ៉េ-កាត់​អាមេរិក ជា​ប្រភេទ​មនុស្ស​ចូល​ចិត្ត​បង្ក​រឿង និង​ស័ក្ដិសម​នឹង​សង្គម​កូរ៉េ។

យ៉ាងណាមិញ​​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ Seung-Jun ខូច​ចិត្ត​ខ្លាំង​ គឺ​ពេល​ដែល​រូប​គេ​ប្រកាស​​នៅ​តាម​ទូរទស្សន៍​នា​ឆ្នាំ ២០០១ ថា​នឹង​ចូល​បម្រើ​​កងទ័ព។ Seung-Jun ត្រូវ​ចូល​បម្រើ​ទ័ព​នា​ខែ​មករា​ ឆ្នាំ ២០០២។ នៅ​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០០១ រូប​គេ​ទទួល​បាន​​សិទ្ធ​ចាក​ចេញ​ពី​ប្រទេស​ដ៏​​ពិសេស​មួយ ក្រោម​ហេតុផល​ថា​ត្រូវ​ទៅ​សម្ដែង​នៅ​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក។ មុន​ចាក​ចេញ Seung-Jun បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​រដ្ឋាភិបាល​ថា​នឹង​​ត្រឡប់​មក​វិញ​ភ្លាមៗ ពេល​ដែល​ចប់​ការងារ។

ប៉ុន្តែ​ពេល​វិល​ត្រឡប់​មក​វិញ គឺ Seung-Jun ​មិន​មែន​មាន​ឈ្មោះ​ថា​ Seung-Jun ទៀត​នោះ​ទេ ដោយ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ Stephen Yoo វិញ។ នៅ​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០០២ រូប​គេ​បាន​បោះបង់​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ជា​ផ្លូវ​ការ និង​ក្លាយ​ជា​ជនជាតិ​អាមេរិក​វិញ។ ការ​បោះ​បង់​សញ្ជាតិ​កូរ៉េ​នេះ ដោយ​សារ​ Seung-Jun ព្រួយបារម្ភ​ថា​នឹង​​បាត់បង់​ប្រជាប្រិយភាព ពេល​ត្រូវ​ចូល​បម្រើ​ទ័ព​រហូត​ដល់ ៣ ឆ្នាំ។ ប៉ុន្តែ​រូប​គេ​មិន​បាន​ដឹង​ទេ​ថា ការ​សម្រេច​ចិត្ត​នេះ​គឺ​ប្រៀប​បាន​សម្លាប់​អាជីព​របស់​ខ្លួន​ចោល​អ៊ីចឹង។

ក្រោយ​ពី​ដំណឹង​ដែល​ Seung-Jun ទទួល​យក​សញ្ជាតិ​អាមេរិក​​លេច​ធ្លាយ សាធារណជន​​ទាល់​គំនិត ព្រោះ​ថា​តារា​ដ៏​ល្អ​ម្នាក់ ជា​និមិត្តរូប​របស់​អ្នក​គាំទ្រ​ជា​ច្រើន បាន​ល្មើស​នឹង​រឿង​មួយ​ដែល​ប្រជាជន​កូរ៉េ​ចាត់​ទុក​ថា​ជា​រឿង​ធំ​ដុំ​បំផុត។ វា​ជា​ទង្វើ​ក្បត់​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ Seung-Jun ក៏​បាន​ក្លាយ​ទៅ​ជា​តារា​ដែល​មហាជន​ស្អប់​ខ្លាំង​ជាង​គេ។

រដ្ឋបាល​កង​កម្លាំង​យោធា​ដែល​មាន​តួនាទី​ចាត់​ចែង​លើ​ការ​ចូល​បម្រើ​ទ័ព​របស់​កូរ៉េ​ បាន​សម្ដែង​អារម្មណ៍​ខឹង​ក្រោធ និង​អនុម័ត​ការ​ហាម​ឃាត់​ Seung-Jun មិន​ឲ្យ​ចូល​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ត្បិត​ថា​មាន​​​ការ​ហាម​ឃាត់​នេះ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ២ កុម្ភៈ ឆ្នាំ ២០០២ Seung-Jun បាន​​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាង​ត្បូង ដោយ​មាន​គោល​បំណង​ធ្វើ​សន្និសីទ​កាសែត​បក​ស្រាយ​ពី​ហេតុផល។ យ៉ាងណាក្ដី​ដោយ​សារ​មាន​ការ​ហាម​ឃាត់​នេះ រូប​គេ​ត្រូវ​បាន​ឃាត់​នៅ​ព្រលានយន្តហោះ​រយៈពេល ៦ ម៉ោង និង​មិន​ឲ្យ​ចូល​កូរ៉េ​ខាង​ត្បូង​បាន​នោះ​ទេ។

​​​​​​​​​​ក្រោយ​រឿង​ហេតុ​នេះ Seung-Jun បាន​ស្ងប់​ស្ងាត់​អស់​ប៉ុន្មាន​ឆ្នាំ ហើយ​បាន​បន្ត​លើ​ការ​បញ្ចេញ​ចម្រៀង និង​ការ​សម្ដែង​នៅ​ប្រទេស​ចិន​វិញ​ម្ដង ចាប់​ពី​អំឡុង​ឆ្នាំ ២០០៨ ដោយ​បាន​ចុះ​កុងត្រា ១៥ ឆ្នាំ ជា​មួយ​ផលិតកម្ម​របស់​ Jackie Chan។

ឈុតនៃវីដេអូក្នុងឆ្នាំ ២០១៥

Seung-Jun បាន​ព្យាយាម​ចង់​វិល​ត្រឡប់​ទៅ​កូរ៉េ​ខាង​ត្បូង ចាប់​ពី​ឆ្នាំ ២០១៥ ពេល​ដែល​គេ​បញ្ចេញ​វីដេអូ​សុំទោស​ និង​បក​ស្រាយ​អំពី​ការ​គេចវេះ​ពី​ការ​ចូល​បម្រើ​ទ័ព​នៅ​ក្នុង​ឆ្នាំ ២០០២។ Seung-Jun សន្យា​ថា​នឹង​ធ្វើ​គ្រប់​យ៉ាង ហើយ​និង​ទទួល​យក​លក្ខខណ្ឌ​គ្រប់​ប្រភេទ ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កូរ៉េ​ក្នុង​ការ​ចូល​ប្រទេស​កំណើត​វិញ។

​ដើម្បី​បាន​ចូល​ប្រទេស​វិញ​នៅ​អំឡុង​ឆ្នាំ ២០១៥ ដល់ ២០១៧ ​Seung-Jun ក៏​បាន​​សាក​ល្បង​ដាក់​ពាក្យ​ប្ដឹង​ផង​ដែរ​ ​ចំពោះ​​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កូរ៉េ​ដែល​ហាម​ឃាត់​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ចាញ់​ក្ដី​ចំនួន​ពីរ​លើក។ នៅ​ថ្ងៃ​ទី ១១ កក្កដា ឆ្នាំ ២០១៩ តុលាការ​កំពូល​កូរ៉េ​ បាន​​បញ្ជូន​សំណុំ​រឿង​របស់ Seung-Jun ដែល​បាន​បិទ​កាល​ពី​ឆ្នាំ ២០១៧ ​​ត្រឡប់​​ទៅ​ឲ្យ​​តុលាការ​ជាន់​ខ្ពស់​ក្រុង​សេអ៊ូល ឲ្យ​ធ្វើ​ការ​សើរើ​រឿង​ក្ដី​នេះ​សា​ឡើង​វិញ៕​​​

ចុចអាន ៖ លុយច្រើនមែន​ តែ​ជីវិតទិនហ្វី​ឯកាបំផុត ឯសុខភាពកាន់តែខ្សោយ​ទៀត

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់