- 2019-10-09 03:17:44
- ព័ត៌មាន
លេចភាពយន្តខ្មែរមួយចាយលុយសម្បើម ដើម្បីផ្សព្វផ្សាយពីដំរីខ្មែរ និងតំបន់ភូមិភាគឦសានកម្ពុជា
- 2019-10-09 03:17:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចភាពយន្តខ្មែរមួយចាយលុយសម្បើម ដើម្បីផ្សព្វផ្សាយពីដំរីខ្មែរ និងតំបន់ភូមិភាគឦសានកម្ពុជា
ចន្លោះមិនឃើញ
តាមព័ត៌មានដែលទទួលបាន នៅអំឡុងចុងឆ្នាំ ២០១៩នេះ មានភាពយន្តខ្មែរដ៏ធំមួយរឿងមួយរឿង បាន និងកំពុងសម្ងំថតសាច់រឿងរបស់ខ្លួនជាមួយទុនវិនិយោគសម្បើម ដើម្បីផ្សព្វផ្សាយពីសត្វដំរី និងសក្ដានុពលទេសចរណ៍នាខេត្តភូមិភាគឦសានរបស់កម្ពុជា។
ភាពខាងលើនោះ តាមការឲ្យដឹង គឺជាការវិនិយោគរបស់ទូរទស្សន៍មួយ គឺ CTN ដែលមានចេតនាលើកកម្ពស់ពីសត្វដំរីកម្ពុជា ស្របពេលដែលកន្លងមកមានភាពយន្តក្នុងស្រុកតិច និងស្ទើរគ្មានផង និយាយអំពីសត្វដំរី ប្រភេទសត្វមួយដែលទាមទារឲ្យមានការយកចិត្តទុកដាក់ថែរក្សា និងការពារ។ នេះបើតាមលោក បេនលី ម៉ាប់ ដែលជាអ្នកដឹកនាំរឿង។ ដូច្នេះហើយ សូម្បីតែចំណងជើងនៃរឿង ក៏ត្រូវបានដាក់បញ្ចូលសត្វដំរីនេះដែរ។
តាមលោក ម៉ាប់ នេះជាខ្សែភាពយន្តភាគខ្នាតធំប្រចាំឆ្នាំរបស់ម្ចាស់វិនិយោគខាងលើ ដែលរឿងនេះ មានចំណងជើងថា "ម្ចាស់ក្រោលដំរី" ត្រូវបានដំណើរការផលិតជាមួយទុនវិនិយោគប្រមាណ ៤០ម៉ឺនដុល្លារអាមេរិកឯណោះ។ ភាគច្រើននៃសាច់រឿងទាំងមូលត្រូវបានថតនៅលើទឹកដីខេត្តមណ្ឌលគីរី ពិសេសក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ទីតាំងដែលសត្វដំរីត្រូវបានថែរក្សាការពារឲ្យនៅមានសេសសល់ខ្លះដោយបងប្អូនជនជាតិក្នុងតំបន់។
“ចំណុចសំខាន់នៃរឿងនេះ គឺចង់ផ្សព្វផ្សាយពីសត្វដំរី និងខេត្តមណ្ឌលគីរី ខេត្តដែលមានសក្ដានុពលទេសចរធម្មជាតិរបស់យើង និងចូលរួមលើកកម្ពស់ស្មារតីថែរក្សា និងការពារធនធានធម្មជាតិរបស់យើង ពិសេសលើកទឹកចិត្តឲ្យបងប្អូនជនជាតិឲ្យចូលរួមអភិរក្ស ថែរក្សាការពារព្រៃឈើ និងសត្វព្រៃរបស់យើង!"។ លោក បេនលី ម៉ាប់ ថ្លែង។
រឿង "ម្ចាស់ក្រោលដំរី" គឺជាប្រភេទភាពយន្តភាគខ្នាតធំ សម្រាប់ចាក់បញ្ចេញនៅលើកញ្ចក់ទូរទស្សន៍។ ក្នុងនយោបាយផ្សាយពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ភាពយន្តនេះ បានទៅបោះទីតាំងថតនៅតំបន់មានសក្ដានុពលទេសចរណ៍សំខាន់ៗជាច្រើន ក្នុងនោះ ក្រៅពីភូមិសាស្ត្រខេត្តមណ្ឌលគីរី ក៏បានចុះទៅដល់តំបន់ទឹកធ្លាក់ច្រកល្អៀងរបស់ខេត្តពោធិ៍សាត់ តំបន់មួយចំនួននៅខេត្តសុរិន្ទ និងរាជធានីភ្នំពេញជាដើម។
តួសម្ដែងក្នុងរឿងភាគខ្នាតធំនេះ មានអ្នកនាង អម្ពរ ទេវី លោក អ៊ុន សិទ្ធា ឆុំ វត្តី ជា សំណាង និងតារាប្រុសស្រីជាច្រើនរូបទៀត។លោក បេនលី ម៉ាប់ ដែលជាអ្នកដឹកនាំរឿងល្បីក្នុងរឿង "ឆន្ទា" ដែរនោះ សុំមិនអធិប្បាយជុំវិញសាច់រឿងនៃភាពយន្តភាគទូរទស្សន៍ "ម្ចាស់ក្រោលដំរី" ត្បិតថា សាច់រឿងទាំងមូលបានថតកាន់តែជិតចប់ទៅហើយ ដោយក្នុងនោះលោកចង់ទុកឲ្យប្រិយមិត្តទស្សនា និងស្វែងយល់ដោយខ្លួនឯង។
យ៉ាងណាលោកអះអាងថា នេះជាខ្សែភាពយន្តភាគដ៏ល្អ និងទាក់ទាញមួយ ដោយទស្សនីយភាពភាគច្រើនក្នុងសាច់រឿង គឺមានបង្ហាញពីតំបន់ជនបទ ព្រៃភ្នំ ជ្រលងដងអូ ស្រុកស្រែ ចម្ការ និងធនធានធម្មជាតិរបស់កម្ពុជាផ្សេងៗទៀត ពិសេស គឺតំបន់សក្ដានុពលទេសចរណ៍ធម្មជាតិរបស់កម្ពុជាច្រើន។ ប្រសិនបើអ្វីដើរទៅតាមការគ្រោងទុក លោក បេនលី ម៉ាប់ ប្រាប់ថា ខ្សែភាពយន្តភាគ "ម្ចាស់ក្រោលដំរី" អាចនឹងដាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN នៅខ្ទង់ដើមឆ្នាំ ២០២០ ខាងមុខនេះប៉ុណ្ណោះ៕