• 2019-11-05 04:06:15
  • ភាពយន្ត

ដាក់​បញ្ចាំង​រឿង "ស្នេហា​ក្មេងៗ" ឃើញ​មាន​ក្មេង​ស្អាត​ៗ ចូល​រួម​ព្រោង​ព្រាត

  • 2019-11-05 04:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថ្មី​រសជាតិ​ប្លែក​របស់​ផលិតកម្ម "កងចក្រភីកឈ័រ" រឿង "ស្នេហា​ក្មេងៗ" ឬ "Young Love” បាន​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ក្នុង​កម្មវិធី​ពិសេស(Premier) នា​យប់​មិញ​នៅ Eden Garden ដោយ​មាន​អ្នក​ចូល​រួម​សុទ្ធ​តែ​ស្អាត​ៗ និង​វ័យ​ក្មេង។

ការ​បញ្ចាំង​ពិសេស​នេះ​នៃ​រឿង "ស្នេហា​ក្មេង​ៗ" នេះ គឺ​មាន​តែ​មួយ​យប់​មិញ​នេះ​ប៉ុណ្ណោះ ខណៈ​ការ​ដាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​មិន​ទាន់​មក​ដល់​នោះ​ទេ។ ប៉ុន្តែ​តាម​ក្រុម​ការងារ​នៃ​ផលិតកម្ម​ខាង​លើ គឺ​ការ​ដាក់​បញ្ចាំង​ផ្លូវ​ការ គឺ​គ្រោង​ថ្ងៃ​ទី ៧ វិច្ឆិកា​ខាង​មុខ​នេះ។ លោក តែ ឡយ ផលិតករ​នៃ​រឿង​នេះ បាន​អះអាង​ថា "ស្នេហា​ក្មេង" ជា​ភាពយន្ត​​រសជាតិ​ថ្មី​បំផុត​សម្រាប់​ផលិតកម្ម​របស់​លោក ដោយ​ពី​មុន​មក ធ្លាប់​តែ​ផលិត​រឿង​ប្រភេទ Action, Fighting ជា​ដើម។

ប៉ុន្តែ​រឿង​ខាង​លើ គឺ​ជា​ប្រភេទ​រឿង និយាយ​ពី​ទំនាក់ទំនង​របស់​មនុស្ស ពិសេស​យុវវ័យ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​សំខាន់​បំផុត​នឹង​ការ​ប្រើ​ប្រាស់​អារម្មណ៍ និង​មនោសញ្ចេតនា​ច្រើន​ជាង។ ដូច្នេះ​ហើយ លោក​អះអាង​ថា ខុស​ប្លែក​គ្នា​ឆ្ងាយ និង​ពិត​ជា​មិន​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ។ យ៉ាង​ណា​ដោយ​មាន​អ្នក​ដឹកនាំ​ឆ្នើម​វ័យ​ក្មេង កញ្ញា រិទ្ធី លំអរ​​ពេជ្រ និង​លោក ម៉ានិត រឿង​នេះ​អាច​ដំណើរ​ការ​ទៅ​មុខ​រហូត​ដល់​អាច​មក​ដាក់​បញ្ចាំង​នៅ​យប់​មិញ​នេះ​បាន។

ឯកឧត្តម សោម សុគន្ធ រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប:

ងាក​មកឯកឧត្តម សោម សុគន្ធ រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប: ដែល​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ជា​គណៈអធិបតី បាន​ថ្លែង​លើក​សរសេរ​សាច់​រឿង​ទាំង​មូល។ ឯកឧត្ដម​មាន​ប្រសាសន៍​ថា អ្វី​ដែល​រឿង "ស្នេហា​ក្មេង​ៗ" សម្រេច​បាន គឺ​បាន​ជួយ​ដល់​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក​កាន់​តែ​មាន​រសជាតិ​ច្រើន ជា​ជាង​មាន​តែ​រឿង ខ្មោច កំប្លែង ជា​ដើម ដដែល​ៗ។

ឯក​ឧត្ដម​បន្ត​ថា សំខាន់​ជាង​នេះ​ទៀត អ្វី​ដែល​រឹត​តែ​ល្អ គឺ​រឿង​នេះ​មាន​ដាក់​បញ្ចូល​ទៅ​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ ដូច​ជា​ល្ខោន យីកេ និង​រឿង​ព្រេង​ខ្មែរ​ខ្លះ​ទៀត​ទៅ​ក្នុង​សាច់​រឿង ដែល​ឯកឧត្ដម​យល់​ថា ជា​រឿង​ល្អ និង​កម្រ​ឃើញ​នៅ​ក្នុង​ផលិតផល​ភាពយន្ត​ក្នុង​ស្រុក​នា​ពេល​បច្ចុប្បន្ន។

តាម​ការ​លើក​ឡើង​របស់​លោក ម៉ានិត ដែល​ជា​សហ​និពន្ធ​នៃ​រឿង បាន​បញ្ជាក់​ថា គំនិត​ដើម​ទាំង​ស្រុង​នៃ​រឿង "ស្នេហា​ក្មេង​ៗ" គឺ​លោក​យក​ពី​រឿង "រិទ្ធិ​សែន នាង​កង្រី" ហើយ​ខ្លឹម​សារ​ផ្នែក​ខ្លះ​នៃ​រឿង​ព្រេង​នេះ ក៏​មាន​បញ្ចូល​ទៅ​ក្នុង​រឿង "ស្នេហា​ក្មេង​ៗ" នេះ​ទៀត​ផង។ ក្រោយ​ពី​បើក​សម្ពោធ​យប់​មិញ​នៅ Eden Garden ភាពយន្ត​ប្រមូល​ផ្ដុំ​ដោយ​យុវវ័យ​នេះ នឹង​ប្រារព្ធ​កម្មវិធី​សម្ពោធ​ផ្លូវ​ការ និង​កាន់​តែ​អធិកអធម​ថែម​ទៀត​នា​ល្ងាច​នេះ នៅ Major Cineplex by Smart ក្នុង​ផ្សារ​ទំនើប EAON ទន្លេ​បាសាក់។

នៅ​យប់​មិញ ក្រៅ​ពី​ឯកឧត្ដម សោម សុគន្ធ ដែល​បាន​ចូល​រួម​អញ្ជើញ​ធ្វើ​ជា​អធិបតី ក៏​មាន​ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សសយក បូក​រួម​នឹង​ថ្នាក់​ដឹកនាំ​ផលិតកម្ម "កងចក្រ​ភីកឈ័រ" ថែម​ទៀត។ មិន​ត្រឹម​ប៉ុណ្ណឹង ចំណុច​គួរ​ចាប់​អារម្មណ៍ គឺ​ថា មាន​យុវវ័យ​ស្អាត​ៗ​ទាំង​ប្រុស​ទាំង​ស្រី​ស្អាត​ៗ​ច្រើន​នាក់​ណាស់​យប់​មិញ​បាន​មក​ចូល​រួម​អប​អរ។

តោះ...ទស្សនា​ទិដ្ឋភាព​សម្ពោធ​រឿង "ស្នេហា​ក្មេង​ៗ" យប់​មិញ​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់