• 2019-11-18 03:22:44
  • ភាពយន្ត

មនោសញ្ចេតនា​ឪពុក! លៀក លីដា ឱប​ថើប​កូន​ស្រី​មិន​ឈប់ នៅ​មុខ​កាមេរ៉ា​ថ្ងៃ​សម្ពោធ​រឿង​ខ្នាត​ធំ​របស់​ខ្លួន

  • 2019-11-18 03:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក លៀក លីដា បាន​នាំ​យក​កូន​ស្រី​តែ​ម្នាក់​របស់​លោក​យ៉ាង​កម្រ​ទៅ​បើក​សម្ពោធ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​របស់​លោក​រឿង "នាឡិកា​ដាស់​វិញ្ញាណ" ដោយ​លោក​បាន​ឱប​ថើប​កូន​មិន​ឈប់ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។

នេះ​រាប់​ថា​ជា​លើក​ដំបូង ចាប់​តាំង​ពី​លោក និង​អតីត​ភរិយា​បាន​ចែក​ផ្លូវ​គ្នា ហើយ​កូន​ស្រី​តែ​ម្នាក់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ត្រូវ​បាន​លោក​ទទួល​សិទ្ធិ​យក​មក​បីបាច់។ បញ្ហា​នេះ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ស្រប​ពេល​ដែល​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​របស់​លោក ដែល​ទទួល​បាន​ភ្លើង​ខៀវ​ទៅ​បញ្ចាំង​នៅ​៦​ប្រទេស​នោះ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា មាន​សាច់​រឿង ប្រហាក់​ប្រហែល​នឹង​រឿង​ផ្ទាល់​ខ្លួន​របស់​លោក។

យ៉ាង​ណា ក៏​ដោយ ចាងហ្វាង​ផលិតកម្ម​ LD Picture រូប​នេះ បាន​ច្រាន​ចោល​ដែល​ថា សាច់​រឿង​ក្នុង​ខ្សែ​ភាពយន្ត "នាឡិកា​ដាស់​វិញ្ញាណ" ឬ "The Clock Spirit Awakening” នេះ មាន​សាច់​រឿង​ជាប់​ពាក់​ព័ន្ធ​រឿង​ពិត​របស់​លោក។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន លោក​ថា រឿង​លោក និង​ភាពយន្ត​គឺ​មិន​ជាប់​ពាក់​ព័ន្ធ​គ្នា​នោះ​ទេ។

ប៉ុន្តែ​សាច់​រឿង​ពិត​ជា​បង្កប់​នូវ​ការ​អប់រំ​មួយ ដែល​ថា មនុស្ស​ពីរ​នាក់ គឺ​ឪពុក និង​ម្ដាយ មាន​នាទី​ចាំ​បាច់​ត្រូវ​ផ្ដល់​ឲ្យ​កូន​នូវ​ការ​ស្រឡាញ់​ថ្នាក់​ថ្នម និង​ភាព​កក់​ក្ដៅ។ការ​ដែល​ខ្វះ​ខាត​នូវ​ចំណុច​២នេះ លោក​ថា ក្មេង​តូច​ៗ ដែល​ស្ថិត​ក្នុង​វ័យ​កំពុង​លូតលាស់ ទាំង​កាយ​សម្បទា និង​បញ្ហា​ស្មារតី​នោះ មាន​រឿង​ប្រឈម​ជា​ច្រើន សុទ្ធ​ជា​រឿង​នឹក​ស្មាន​មិន​ដល់ ដូច​ក្នុង​សាច់​រឿង ហើយ​នោះ​ គួរ​តែ​ជា​វិប្បដិសារី​របស់​ឪពុក និង​ម្ដាយ។

និយាយ​ពី​ខ្សែ​រឿង "នាឡិកា​ដាស់​វិញ្ញាណ" ត្រូវ​បាន​វិនិយោគ​ក្នុង​តួលេខ​យ៉ាង​សម្បើម។ តាម​លោក លៀក លីដា លោក​បាន​វិនិយោគ​ច្រើន​ណាស់​ដល់​ទៅ​ប្រមាណ​ជាង ៤០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​លើ​ភាពយន្ត​នេះ ដោយ​ថែម​ទាំង​បាន​នាំ​យក​តួអង្គ​ជនជាតិ​បារាំង​មួយ​ចំនួន​មក​រួម​សម្ដែង​ជា​មួយ​សិល្បករ​ក្នុង​ស្រុក​ផង។ ដូច្នេះ​ហើយ ឈុត​ខ្លះ​នៃ​រឿង គឺ​តួអង្គ​ទាំង​ខ្មែរ និង​បរទេស ត្រូវ​តម្រូវ​ឲ្យ​និយាយ​ជា​ភាសា​បារាំង។

ខ្ទង់​ចំណាយ​ដ៏​សម្បើម​នេះ ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​សម្រិតសម្រាំង​គុណភាព រហូត​ដល់​នេះ​អាច​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​លោក​ផង។ "តាំង​ពី​ខ្ញុំ​ធ្វើ​កុន​ដែល​សរុប​ទៅ​ជាង ៣០​រឿង​ហើយ ខ្ញុំ​មិន​ដែល​បាន​នាំ​យក​កុន​ខ្ញុំ​ទៅ​ទីផ្សារ​បរទេស​ទេ តែ​រឿង​នេះ​ជា​លើក​ទី​១ ដែល​នឹង​ទៅ​បញ្ចាំង​នៅ​ទីផ្សារ​បរទេស!”។ លោក លីដា បញ្ជាក់​ថា ក្រោយ​ពី​បាន​ឃើញ​ពី​គុណភាព ក្រុម​អ្នក​ចែក​ចាយ​ភាពយន្ត​អន្តរជាតិ (Film Distributor) បាន​ទទួល​យក​រឿង​នេះ​សម្រាប់​ទៅ​ចាក់​បញ្ចាំងនៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​នោះ​មាន​៦ប្រទេស គឺ​មាន​ដូច​ជា ប្រទេស​ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និង​ប្រុយណេ។

ប៉ុន្តែ​មុន​ទៅ​ដល់​ប្រទេស​ទាំង​នោះ រឿង "នាឡិកា​ដាស់​វិញ្ញាណ" នឹង​ត្រូវ​បញ្ចាំង​ឲ្យ​ចប់​រួច​រាល់​សិន​នៅ​ក្នុង​ស្រុក។ តាម​កាល​វិភាគ​ដែល​បាន​គ្រោង រឿង​នេះ​នឹង​ចាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​គ្រប់​រោងភាពយន្ត​ក្នុង​ស្រុក​ចាប់​ពី​ថ្ងៃ​ទី ២១ វិច្ឆិកា​ត​ទៅ​ហើយ។ យ៉ាង​ភាពយន្ត​មួយ​នេះ ត្រូវ​បាន​ដាក់​បញ្ចាំង​លើក​ដំបូង​បំផុត​សម្រាប់​ផលិតករ​ល្បី​ៗ​ក្នុង​ស្រុក​បាន​ទស្សនា។ ក្រោយ​ពី​បាន​ទស្សនា​លោក ហ៊ុយ យ៉ាឡេង និង យឹម សុសត្យា បាន​មាន​ចំណាប់​អារម្មណ៍​ថា ភាពយន្ត​ខ្នាត​ធំ​របស់ LD នេះ ប្រកប​ដោយ​ស្តង់​ដា​ទាំង ខ្លឹម​សារ ប្លង់​ថត រូបភាព សំឡេង រួម​ទាំង​បច្ចេកទេស​នានា សាក​សម​នឹង​ទទួល​បាន​សិទ្ធិ​ទៅ​បញ្ចាំង​នៅ​ទីផ្សារ​អន្តរជាតិ៕

អត្ថបទ៖ ទារិកា

មតិយោបល់