• 2019-11-21 02:34:22
  • ព័ត៌មាន

បើ​មាន​ទម្លាប់​ដូច​គ្នា តាម​ដាន​បទ​ពិសោធន៍ ករុណា ពេជ្រ ប្រិយមិត្ត​នឹង​ដឹង​ថា បើក​បរ​បែប​ណា​ឲ្យ​កាន់​តែ​សុវត្ថិភាព

  • 2019-11-21 02:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ករុណា ពេជ្រ បាន​ជួប​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​កាល​ពី​ប្រមាណ​៣​ខែ​មុន ដោយ​ត្រូវ​ក្រុម​ជន​ខិលខូច​កាក់​ឡាន បម្រុង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ទាំង​រំលង​អធ្រាត្រ។ បញ្ហា​នោះ សាមី​ខ្លួន​បាន​បង្ហើប​ថា បញ្ហា​នេះ ដោយ​សារ​តែ​លោក​មាន​ទម្លាប់​បើក​រថយន្ត​ពេល​យប់​តែ​នៅ​លើ​ផ្លូវ​តូច​ៗ។

ត្បិត​ថា រឿង​រ៉ាវ​បាន​កើត​ឡើង​តាំង​ពី​ជាង ៣​ខែ​មុន​ក៏​ពិត​មែន ប៉ុន្តែ​តារា​ប្រុស​រូប​នេះ ទើប​តែ​យក​មក​លាត​ត្រដាង​កាល​ពី​សប្ដាហ៍​មុន ក្រោយ​ពី​លោក​បាន​ឃើញ​បង​ប្អូន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត បាន​ជួប​ករណី​ដូច​លោក​ដែរ។ ដូច្នេះ​ហើយ ទើប​លោក​សម្រេច​បើក​ទូលាយ​ចែក​ជូន​មហាជន​ដឹង និង​ទុកជា​បទ​ពិសោធន៍ ព្រម​ទាំង​បង្កើន​ភាព​ប្រុង​ប្រយ័ត្ន​ផង។

និយាយ​ពី​ហេតុការណ៍​នោះ​ លោក ករុណា ពេជ្រ ​បាន​ឲ្យ​ដឹង​ថា នា​យប់​មួយ​(កាល​ពី​ប្រមាណ​៣​ខែ​មុន) វេលា​ម៉ោង​ប្រមាណ​២​រំលង​អាធ្រាត្រ​លោក​បាន​បើក​រថយន្ត​តែ​ម្នាក់​ឯង​ចេញ​ពី​ការងារ​ច្រៀង​នៅ​ក្លឹប​យូខេ​ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​តូច​ៗ ក្នុង​ភូមិ​សាស្ត្រ​ក្រោយ​ផ្សារ​ដី​ហុយ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​មាន​ជន​ខិលខូច​មួយ​ក្រុម​មាន​គ្នា ៥នាក់ បាន​ចេញ​មក​រាំង​ផ្លូវ​លោក​ឲ្យ​ឈប់។

ប៉ុន្តែ​លោក​អត់​បាន​ឈប់​ទេ និង​បាន​បន្ថែម​ល្បឿន​បំណង​គេច​ពី​ក្រុម​នេះ។ ពេល​ឃើញ មិន​ព្រម​ឈប់​ឡាន​ហើយ​ព្យាយាម​បើក​គេច​បែប​នេះ ក្រុម​ជន​ខិលខូច ក៏​បាន​យក​ដុំ​ថ្ម​គប់​រថយន្ត​របស់​លោក​ធ្វើ​ឲ្យ​បែក​កញ្ចក់​តែ​ម្ដង។ ។ចាត់​ទុក​ថា​សំណាង​នៅ​មាន​លោក ករុណា ពេជ្រ បាន​គេច​ផុត​គ្រោះ​អាក្រក់​ទាំង​ព្រលឹង​ចុង​សក់។ "កម្លាំង​ដៃ​របស់​វា​ខ្លាំង​ណាស់ បង​ឯង​គិត​មើល​កញ្ចក់​ឡាន ៥៧០ វា​គប់​ឡើង​ធ្លុះ​ភ្លុច​ដូច​គ្រាប់​កាំភ្លើង បើ​កម្លាំង​ដៃ​ល្មម​ៗ​ត្រឹម​តែ​ប្រេះ​អី​ទេ តែ​នេះ​បង​ឯង​មើល...សំណាង​ណាស់​ដែល​មិន​ត្រូវ​ខ្ញុំ បើ​ត្រូវ​ក្បាល មិន​ដឹង​ថា​សន្លប់ ឬ​ក៏​ធ្ងន់​ជាង​ហ្នឹង​ផង​មិន​ដឹង!"

ជាមួយ​បទ​ពិសោធន៍​នេះ តារា​ផលិតកម្ម​ថោន បាន​ឲ្យ​ដឹង​ថា តាម​ទម្លាប់​របស់​លោក​រាល់​ពេល​បើក​បរ​នៅ​ពេល​យប់ គឺ​លោក​ចូល​ចិត្ត​បើក​តែ​នៅ​លើ​ផ្លូវ​តូច​ៗ​ជាង​ផ្លូវ​ធំ ដោយ​សារ​តែ​លោក​យល់​ថា ផ្លូវ​តូច ឬ​ផ្លូវ​ក្នុង​ស្ងាត់​ល្អ ទូលាយ​ស្រួល​បើក​បរ​ជាង​ផ្លូវ​ធំ​ដែល​ភាគ​ច្រើន​ជួប​បញ្ហា​កក​ស្ទះ។ ប៉ុន្តែ​ដោយ​សារ​តែ​ស្ងាត់​ល្អ​បែប​នេះ​ហើយ ទើប​លោក​បាន​ជួប​រឿង​ខាង​លើ ដែល​ស្ទើរ​តែ​នឹង​មាន​រឿង​នឹក​ស្មាន​មិន​ដល់​កើត​ឡើង។

“តាំង​ពី​ជួប​រឿង​ហ្នឹង​មក ឥឡូវ​ពេល​យប់ ខ្ញុំ​ជិះ​តែ​ផ្លូវ​ធំ​វិញ​ហើយ លែង​ជិះ​ហើយ​ឲ្យ​អា​ផ្លូវ​តូច​ហ្នឹង ព្រោះ​អាង​តែ​ស្ងាត់​ល្អ ប៉ុន្តែ​អា​ផ្លូវ​តូច​ហ្នឹង វា​ឆក់​ឱកាស​ដែរ!" ករុណា ពេជ្រ ថ្លែង។ ក្រៅ​ពី​ជួប​ហេតុការណ៍​ជន​ខិល​ខូច​ស្ទាក់​ផ្លូវ កាល​ពី​ខែ​មុន ករុណា ពេជ្រ ក៏​ទើប​នឹង​ជួប​ករណី​ចោរកម្ម​មួយ​ដែរ ដោយ​កញ្ចក់​មើល​ចំហៀង​រថយន្ត​ស៊េរី​ទំនើប​តម្លៃ​ជាង ២០​ម៉ឺន​ដុល្លារ​ផ្នែក​ខាង​ឆ្វេង ត្រូវ​ចោរ​លួច​យក​ទៅ​បាត់។

កញ្ចក់​នោះ ត្រូវ​បាន​លោក ករុណា ពេជ្រ អះអាង​ថា ដាក់​ថ្មី​អស់ ២០០​ដុល្លារ ដោយ​ឡែក​កញ្ចក់​ទ្វារ​ក្រោយ​ដែល​គេ​គប់​បែក​នោះ ដាក់​ថ្មី​អស់ ១០០​ដុល្លារ​អាមេរិក​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់