• 2019-11-26 04:53:01
  • ភាពយន្ត

ឆ្នាំ​នេះ​កើន! ភាពយន្ត​ខ្មែរ ១៨ រឿង​ត្រូវ​ដាក់​បញ្ចូល​ដណ្ដើម​ជយលាភី​ក្នុង​មហោស្រព​ភាពយន្ត​ទី៦

  • 2019-11-26 04:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី៦ បាន​ចាប់​បើក​ផ្លូវ​ការ​ដោយ​បាន​ប្រមូល​បាន​ភាពយន្ត​ខ្មែរ​ល្បី​ៗ​រហូត​ដល់​ទៅ ១៨​រឿង​មក​ដាក់​ក្នុង​មហោស្រព​ដើម្បី​រើស​រក​ជយលាភី​លើ​ផ្នែក​ផ្សេង​ៗ​រៀង​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ចេញ​ឲ្យដឹង​ពី​លោក ហ្វៃ សំអាង ដែល​បាន​ទៅ​ចូល​រួម។

មហោស្រព​នេះ រៀប​ចំ​ដោយ​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​វ​វិច្ឆិកា​ឆ្នាំ​២០១៩។ ភាពយន្ត​ទាំង ១៨​រឿង​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ដើម្បី​ប្រកួត​ប្រជែង​គុណភាព​ក្នុង​មហោស្រព​ភាពយន្ត​លើក​ទី​៦​នេះ មាន៖

១/​កំពូល​អ្នក​ថត​សែ​ល​ហ្វី ២/​មួយ​ថ្ងៃ​នៅ​ជន​បទ ៣/​ព្រឺ ៤/​ត្បូង​ភ្លោះ ៥/​ណូលី​ណូ​ឡា ៦/​លោក​ឪពុក​ ៧/​ផ្ទះ​ចុង​ភូមិ​​ ៨/​ព្រលឹង​​ ៩/​អនុស្សាវរីយ៍​ចូលឆ្នាំ ១០/​ស្នេហា​ក្មេងៗ ១១/​វាល​ប្រមាញ់ ១២/​ទាយាទ​អា​គម​​ ១៣/​វិបល្លាស​​ ១៤/​ស្នេហ៍​ស្វយ័​គុណ​បួន ១៥/​នាឡិកា​ដាស​វិញ្ញាណ ១៦/រូហ្សា ៥ ១៧/​ទារុណកម្ម​ខ្មោច និង​ទី១៨ គឺ​រឿង "ធ្មប់"។

ភាពយន្ត​ទាំង​អស់ នឹង​ត្រូវ​ប្រកួត​គ្នា​ដើម្បី​​ទទួល​បាន​ពាន​រង្វាន់​ជា​ភាព​យន្ត​ឆ្នើម។ ដោយ​ឡែក ពានរង្វាន់​ផ្សេង​ទៀត​មាន​ក្នុង​មហោស្រព រួម​មាន ពាន​តា​រា​ឯក​ប្រុស​​ ស្រី​សម្ដែង​ឆ្នើម អ្នកនិពន្ធ​ឆ្នើម និង​ពាន​អ្នក​ដឹក​នាំ​រឿង​ឆ្នើម​ជា​ដើម។ ក្រៅ​ពី​នេះ ក៏​មាន​ពាន​សម្រាប់ អ្នក​ថត​​ អ្នក​កាត់ត អ្នក​ផ្គុំ​សំឡេង អ្នក​រៀបចំ តុបតែង​ឆាក​ថែម​ទៀត។

ឈាន​មក​ដល់​ឆ្នាំ​ទី​៦​នេះ មហោស្រព​ភាពយន្ត​ថ្នាក់​ជាតិ បាន​វិវត្ត​មួយ​កម្រិត​ធៀប​នឹង​បណ្ដា​ឆ្នាំ​កន្លង​ទៅ។ លោក ហ្វៃ សំអាង​ដែល​ជា គណៈ​មេ​ប្រយោគ​សម្រាប់​មហោស្រព​ឆ្នាំ​នេះ លោក​បាន​កត់​សម្គាល់​ថា មហោស្រព​ភាពយន្ត​ឆ្នាំ​នេះ មាន​ភាពយន្ត​ខ្មែរ​មាន​គុណភាព​ល្អ​ច្រើន​មាន​វត្តមាន​ក្នុង​មហោស្រព ដែល​ជា​សញ្ញា​ល្អ​នៃ​ការ​ឈាន​ទៅ​មុខ​របស់​វិស័យ​សិល្បៈ​ទី​៧​របស់​ខ្មែរ។

ដោយ​ឡែក​ភាពយន្ត​ដែល​គុណភាព​មិន​ទាន់​ប្រសើរ​ខ្លាំង ក៏​មាន​ក្នុង​ចំណោម​នោះ​ដែរ ប៉ុន្តែ​បាន​ថយ​បរិមាណ ដែល​លោក​ថា នេះ​ជា​សញ្ញាណ​ល្អ​ដូច​គ្នា។ ដូច្នេះ​ហើយ​លោក​មោទកភាព​សម្រាប់​មហោស្រព​ភាពយន្ត​ឆ្នាំ​នេះ ហើយ​សង្ឃឹម​ថា មហោស្រព​បណ្ដា​ឆ្នាំ​ខាង​មុខ អ្វី​ៗ​កាន់​តែ​ប្រសើរ​សម្រាប់​វិស័យ​ភាពយន្ត​ក្នុង​ស្រុក។ អ្នកនិពន្ធ អ្នក​ដឹកនាំ​រឿង​ល្បី​ឈ្មោះ​រូប​នេះ សង្កត់​ធ្ងន់​ថា ការ​រីក​ចម្រើន​គុណភាព​ភាពយន្ត និង​ភាព​ជោគជ័យ​មហោស្រព ក៏​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​ដូច​គ្នា ពោល​គឺ​លោក​សង្ឃឹម​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នឹង​ចូល​រួម​ផ្សព្វផ្សាយ​ពី​មហោស្រព​នេះ។

ងាក​មក​លោក ប៉ុក បូរ័ក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ក៏​បាន​ឲ្យ​ដឹង​ដូច​គ្នា​ដែរ។ លោក​ថា មាន​សញ្ញាណ​ល្អ​ច្រើន​សម្រាប់​មហោស្រព​ភាពយន្ត​ជាតិ​ឆ្នាំ​នេះ ពោល​គឺ​កើន​ឡើង​ទាំង​បរិមាណ និង​គុណភាព។ កាល​ពី​ឆ្នាំ​ទៅ ចំនួន​ភាពយន្ត​ចូល​រួម​មាន​ត្រឹម ១៤ ប៉ុន្តែ​ឆ្នាំ​នេះ មាន​ដល់​ទៅ ១៨។ បរិមាណ​ជា​រឿង​មួយ ប៉ុន្តែ​គុណភាព​រឹត​តែ​សំខាន់ ហើយ​ឆ្នាំ​នេះ លោក​មើល​ឃើញ​ថា មាន​ភាពយន្ត​គុណភាព​ល្អ​ច្រើន​បាន​ចូល​រួម។

ដូច្នេះ​ក្នុង​នាម​ជា​អាណាព្យាបាល លោក​មោទកភាព​ចំពោះ​ការ​រីកចម្រើន​នេះ នឹង​សំណូម​ពរ​បង​ប្អូន​ផលិតករ បន្ត​ផលិត​ភាពយន្ត​ដោយ​ផ្ដោត​លើ​គុណភាព​ជា​សំខាន់។ ទាំង​លោក បូរ័ក្ស និង​លោក ហ្វៃ សំអាង សុទ្ធ​តែ​អះអាង​ចង់​ឲ្យ​ការ​ផលិត​ផ្ដោត​លើ​គុណភាព ដើម្បី​ផលិតផល​ភាពយន្ត​របស់​យើង​អាច​ចូល​ទីផ្សារ​អន្តរជាតិ​បាន ដែល​មាន​បច្ច័យ​ល្អ​២ ទី១ ជា​ទី​ដែល​យើង​សង្ឃឹម​ច្រើន​លើ​ការ​ប្រមូល​ទុន​មក​វិញ ជា​ទីផ្សារ​បន្ថែម​លើ​ទីផ្សារ​ក្នុង​ស្រុក​ដែល​នៅ​មាន​ទំហំ​តូច​នៅ​ឡើយ។ ដោយ​ឡែក​ទី២ គឺ​បាន​បង្ហាញ​ឲ្យ​បរទេស​ឃើញ​ពី​ការ​រីក​ចម្រើន​គុណភាព​ភាពយន្ត​ក្នុង​ស្រុក។

តាម​កម្មវិធី ភាពយន្ត​ទាំង ១៨​ខាង​លើ នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនា ដោយ​ឥតគិតថ្លៃ​នៅ​តាម​រោង​ភាព​យន្ត ចាប់​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​នេះ។ ដោយ​ឡែក​លទ្ធផល​ផ្លូវ​ការ តាម​លោក ប៊ុក បូរក្ស នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​នៅ​សាល​ចតុមុខ៕

អត្ថបទ៖ ទារិកា

មតិយោបល់