• 2019-11-27 08:20:45
  • ព័ត៌មាន

អបអរខួប៣ឆ្នាំ សិល្បករចាប៉ីដងវែងក្មេងចាស់ជាង ៤០នាក់សម្តែងរួមគ្នា

  • 2019-11-27 08:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរខួប ៣ឆ្នាំ នៃការដាក់ចាប៉ីដងវែងចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិពិភពលោកក្នុងបញ្ជីរបស់អង្គការយូណេស្កូនៅថ្ងៃទី ៣០ វិច្ឆិកា ២០១៩ ខាងមុខនេះ វីរ:សិល្បករ សិល្បករ និងសិល្បការិនី ចាប៉ីដងវែងក្មេងចាស់ជាង ៤០នាក់នឹងសម្តែងរួមគ្នាក្នុងព្រឹត្តិការណ៍មហោស្រពចាប៉ីដងវែងឆ្នាំ២០១៩រយះពេល៣ថ្ងៃ ចាប់ពីថ្ងៃ ២៧-២៨-២៩ វិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC។

បើតាមអ្នករៀបចំកម្មវិធីលោក ពេជ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមត: បានបញ្ជាក់ថា មហោស្រពចាប៉ីដងវែងឆ្នាំនឹងមានការសម្តែងចាប៉ីដងវែងរួមគ្នាយ៉ាងពិសេសពីសំណាក់ វីរ:សិល្បករ សិល្បករ និងសិល្បការិនី ចាប៉ីដងវែងក្មេងចាស់ ៤៤នាក់។ ក្រៅពីការសម្តែងពិសេសខាងលើមហោស្រពឆ្នាំនេះក៏មានធ្វើបទបង្ហាញពីទ្រឹស្តីឧបករណ៍ចាប៉ីដងវែង ការបង្ហាត់បង្រៀនចាប៉ីដងវែង សិល្ប:ចាប៉ីនិទាន ទម្រង់វង់ភ្លេងបុរាណ វង់ភ្លេងមហោរី វង់ភ្លេងអារក្ខ និងកិច្ចពិភាក្សាស្តីពី <<និរន្តរភាពចាប៉ីដងវែង>> ទៅលើកុមារ និងយុវជនដងដែរ។

លោក កែវ សាស្ត្រា ប្រធានមូលនិធិដើម្បីស្នាមញញឹមកម្ពុជា និងជាអ្នកសម្របសម្រួលកម្មវិធីបានប្រាប់ឲ្យដឹងថា មហោស្រពចាប៉ីដងវែងឆ្នាំ២០១៩ នេះមានគោលបំណងធំ៣គឺ ១. ជាវេទិការមួយដើម្បីផ្តល់ឪកាសសម្រាប់សិល្បករក្នុងការផ្សព្វផ្សាយទម្រង់ចាប៉ីរបស់ខ្លួន បង្ហាញឲ្យទស្សនិជនជាតិ អន្តរជាតិឲ្យស្វែងយល់បន្ថែមពីទម្រង់សិល្ប:ចាប៉ីដងវែង ២. ជាការជួបជុំបង្ហាញស្នាដៃពីសំណាក់វីរ:សិល្បករចាប៉ីដងវែង និងបង្ហាញពីការដឹងគុណចំពោះសិល្បករបុរាណខ្មែរដែលបានខិតខំប្រឹងប្រែងថែរក្សា និងបន្តវេនរហូតដល់ខ្មែរសម័យបច្ចុប្បន្ន និងគោលបំណងធំទី៣គឺ ដើម្បីអបអរសាទរខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូ ៣០ វិច្ឆិកា ឆ្នាំ ២០១៦- ៣០ វិច្ឆិកា ឆ្នាំ២០១៩។

លោក កែវ សាស្ត្រា (បង់កក្រមា​ខៀវ)

ការសម្តែងចាប៉ីដងវែងរួមគ្នាដែលមានសិល្បករជាង៤០នាក់នោះក៏មានការចូលរួមសម្តែងពីវីរ:សិល្បករចាប៉ីដងវែងជើងចាស់មានដូចជា ព្រឹទ្ធាចារ្យលោកតា គង់​ ណៃ ព្រឹទ្ធាចារ្យលោកតា ឯល បៀន ព្រឹទ្ធាចារ្យ ឯ យិន ព្រឹទ្ធាចារ្យ អ៉ិន សារុន ព្រឹទ្ធាចារ្យ សិន សយ ព្រឹទ្ធាចារ្យ កែវ ហឿន និងក្រុមសិស្សចាប៉ីដងវែងជំនាន់ទី១ និងទី២ ក្រុមរថយន្តតន្ត្រីទិព្វខ្មែរ ក្រុមយុវជនសហគមន៍ចាប៉ីអមត: ក្រុមកុមារឈូកវ៉ា និងក្រុមសិល្ប:៣ទម្រង់។

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់