• 2019-12-04 03:32:22
  • ព័ត៌មាន

ស្នេហា​ពិត​ទើប​ក្ដុកក្ដួល! កែវ សីហា និង​ស្វាមី ស្រឡាញ់​គ្នា​យ៉ាង​យូរ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ទម្រាំ​បាន​រៀបការ

  • 2019-12-04 03:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កែវ សីហា បាន​រៀបការ​ក្លាយ​ជា​ភរិយា​តាម​ប្រពៃណី​របស់​លោក សត្យា កាល​ពី​ចុង​សប្ដាហ៍​មុន ក្នុង​ពិធី​មង្គល​ដ៏​អធិកអធម ដែល​គ្រា​នោះ ក្នុង​វេលា​ជិត​ដល់​វេលា​កាត់​នំ កូន​ក្រមុំ និង​កូន​កំលោះ​ហូរ​ទឹក​ភ្នែក​ព្រម​គ្នា។

នៅ​ក្នុង​ពិធី​ទទួល​ភ្ញៀវ​កិត្តិយស​ពិសា​ភោជនីយាហារ វេលា​ដែល​កូន​កំលោះ កូន​ក្រមុំ​ត្រូវ​កាត់​នំ សីហា ត្រូវ​បាន​ដង្ហែ​ទៅ​រក​កូន​កំលោះ​លើ​ឆាក។ មនោសញ្ចេតនា ក្ដី​ស្រឡាញ់ បាន​សម្ដែង​ចេញ​តាម​ទឹក​ភ្នែក​ពួក​គេ​ទាំង​ពីរ ក្រោម​ស្នូរ​បទ​ភ្លេង​កំដរ​ពិធី​យ៉ាង​រំជួល​ចិត្ត។

គ្មាន​នរណា​ដឹង​ច្បាស់​ពី អារម្មណ៍​របស់​ពួក​គេ​ដិតដាម​រឿង​អ្វី​ខ្លះ​ជាមួយ​គ្នា ទើប​អាច​ជំរុញ​ទឹក​នេត្រា​ឲ្យ​រមៀល​ធ្លាក់​មក​នោះ​ទេ ប៉ុន្តែ​អ្វីក្រុម​ការងារ Sabay ទទួល​បាន គឺ​ពួក​គេ​បាន​ស្រឡាញ់​គ្នា​យូរ​ឆ្នាំ​ខ្លាំង​ណាស់​ទម្រាំ​បាន​រៀបការ​នឹង​គ្នា​ពេញ​មុខ​ពេញ​មាត់​នា​ពេល​នោះ។

កែវ សីហា ប្រាប់​ថា ពួក​នាង បាន​ស្រឡាញ់​គ្នា​អស់​រយៈ​ពេល​ដល់​ទៅ ៩​ឆ្នាំ​ឯណោះ ក្នុង​នោះ ក្រោយ​ពួក​គេ​បាន​ស្គាល់​គ្នា​រយៈ​ពេល ៦​ឆ្នាំ ទើប​ពួក​នាង​សម្រេច​ភ្ជាប់​ពាក្យ​នឹង​គ្នា។ ៣​ឆ្នាំ​បន្ទាប់​មក​ទៀត ទើប​អាច​បាន​រៀបការ។ ចំពោះ​មូលហេតុ ពិធីការនី​ទូរទស្សន៍​មាន​សម្រស់​ស្រស់​សោភា​រូប​នេះ ប្រាប់​ថា ដោយ​សារ​ពួក​គេ​រវល់​ក្នុង​ការងារ និង​កសាង​សមត្ថភាព​រៀង​ខ្លួន រហូត​មក​ដល់​ពេល​នេះ ពេល​វេលា​អំណោយ​ផល​ផង​ទើប​សម្រេច​ចូល​រោងការ។

“ឥឡូវ​ហ្នឹង​ពេល​វេលា​អំណោយ​ផល ម្យ៉ាង​ឆ្នាំ​ក្រោយ ជា​ឆ្នាំ​គត់​ផង អីចឹង​ចាស់​ៗ​ក៏​ព្រមព្រៀង​ឲ្យ​ការ​ក្នុង​ឆ្នាំ​នេះ​តែ​ម្ដង បើ​ចាំ​ទៀត ទាល់​តែ​៣​ឆ្នាំ​អី​ទៀត ទើប​អាច​ការ​បាន អីចឹង​ហើយ ក៏​សម្រេច​រៀបការ​ពេល​នេះ​តែ​ម្ដង!។ សីហា ថ្លែង។

រយៈ​ពេល​ស្រឡាញ់​គ្នា ៩​ឆ្នាំ ក្នុង​នោះ​បាន​ភ្ជាប់​ពាក្យ​ទុក​ចោល​៣​ឆ្នាំ​ទៀត មិន​មែន​ជា​រឿង​ធម្មតា​ពេក​ឡើយ ខណៈ​​ក៏​មាន​សិល្បករ​មួយ​ចំនួន ក៏​បាន​បែក​បាក់​ក្នុង​រយៈ​ពេល​រង់ចាំ​នេះ ដូច​ជា នីឡា និង​គូ​ដណ្ដឹង នាយ ព្រែក និង​គូ​ដណ្ដឹង​ជា​ដើម។ ប៉ុន្តែ​ សីហា និង​ស្វាមី បាន​យក​ឈ្នះ​ពាក្យ​ថា "ទុក​យូរ​ជូរ​ផ្អូម" រហូត​អាច​រៀបការ​តាម​បំណង។ ចំណុច​នេះ តារា​ស្រី បញ្ជាក់​ថា អ្វី​ៗ​កើត​ឡើង​ដោយ​សារ​ស្រឡាញ់​ពិត​ប្រាកដ និងយោគយល់ និង​ទុក​ចិត្ត​គ្នា។

ស្វាមី​របស់ កែវ សីហា គឺ​ជា​គ្រូពេទ្យ​មួយ​រូប​ដែល​មាន​គ្លីនិក​ផ្ទាល់​ខ្លួន​មួយ​ផង។ បែប​នេះ​ក្ដី ភាគី​ខាង​ស្រី​បញ្ជាក់​ថា ក្រោយ​រៀបការ​នាង នៅ​តែ​ប្រឡូក​ការងារ​សិល្បៈ ខណៈ​ស្វាមី​បាន​បន្ត​ថា ភរិយា​លោក​អាច​ធ្វើ​អ្វី​ក៏​បាន ឲ្យ​តែ​នាង​ពេញ​ចិត្ត៕

អត្ថបទ៖ ទារិកា

មតិយោបល់