• 2019-12-30 07:35:11
  • ភាពយន្ត

សម្រុក​យក​តែ​ម្ដង! ផលិតកម្ម​ក្នុង​ស្រុក​មួយ ប្រកាស​ភាពយន្ត​៤​រឿង​ សម្រាប់ ២០២០

  • 2019-12-30 07:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ឆ្នាំ​ថ្មី ២០២០ នឹង​ឈាន​ជើង​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ផលិតកម្ម​ក្នុង​ស្រុក​មួយ បាន​ប្រកាស​ពី​ផែន​ការ​បញ្ចេញ​ភាពយន្ត​ដល់​ទៅ​៤​រឿង សម្រាប់​វាយ​សម្រុក​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក​។ នេះ​បើ​តាម​លោក ស៊ុម ភារិន ចាងហ្វាង​ផលិតកម្ម “បដិហារ្យ​ភាពយន្ត”។  

លោក ភារិន បញ្ជាក់​ថា ស្នាដៃ​ទាំង​៤​នោះ​របស់​ផលិតកម្ម​លោក គឺ​នឹង​ចេញ​បន្ត​បន្ទាប់​ចាប់​ពី​ដើម​ឆ្នាំ​ទៅ​ដែរ​ម្ដង ក្នុង​នោះ រឿង ”វិញ្ញាណ​តៃហោង” ត្រៀម​នឹងឡើង​លើ​​រោង​ភាពយន្ត​មុន​គេ។ ដោយ​ឡែក ៣រឿង​ផ្សេង​ទៀត ក៏​នឹង​ចេញ​ជា​​បន្តបន្ទាប់​ដែរ ដែល​បាន​សម្រិតសម្រាំង សាច់​រឿង ​គុណ​ភាព​ និង​បច្ចេក​ទេស​ជាង​ជាង​មុន។   ថ្លែង​នៅ​ក្នុង​ឱកាស​ចូល​រួម​ក្នុង​កម្មវិធី​ភាពយន្ត​ប្រចាំ​ឆ្នាំ ២០១៩ របស់​រោង​ភាពយន្ត លេចិនកាលពី​ពេល​ថ្មីៗ លោក​លើក​ឡើង​ថា ៖”ឆ្លង​កាត់​ការ​ផលិត​កន្លង​មក​យើង​មើលឃើញពី​ការ​ចង់​បាន​របស់ទស្សនិកជន។ អីចឹងហើយបានជា​ឆ្នាំ​២០២០​ទៅ​នេះ បាដិហារ្យភាពយន្ត​យើង​ថ្មីៗ៤រឿងដែល​យើងយកចិត្តទុកដាក់​ខ្ពស់​បំផុត​លើ​ការ​ផលិត”។  

លោកបន្ត​ថា​បច្ចុប្បន្ន​វិស័យ​ភាពយន្ត​បាន​នឹង​កំពុង​មាន​ការ​រីក​ចម្រើន និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន ។  លោក​ថា​ការ​ចាប់​អារម្មណ៍​នេះ​ក៏​ស្រប​ពេល​ដែល​ផលិតករ​ក្នុង​ស្រុក​បាន​នឹង​កំពុង​ពង្រីក និង​ពង្រឹង​សមត្ថភាព​ផលិត ដើម្បី​បង្កើត​ស្នាដៃ​ដែល​មាន​គុណភាព​ប្រកួត​ប្រជែង​ឡើង។   ដូច្នេះ​ហើយ នៅ​ឆ្នាំ​២០២០​នេះ​លោក​ពង្រឹង​ទៅ​លើ​ផ្នែក​បច្ចេកទេស​ដោយ​បំពាក់​ឧបករណ៍​ផលិត​ថ្មី​ទំនើប​ស្រប​តាម​ស្តង់ដា បូក​រួម​ទាំង​ពង្រឹង​សមត្ថភាព ការ​ជ្រើសរើស​តួ​សម្តែង និង​សាច់​រឿង​ដែល​ល្អ​ស្រប​តាម​ទីផ្សារ​ភាពយន្ត​បច្ចុប្បន្ន​ផង។  

លោក​ថា​ភាពយន្ត​ថ្មី​រឿង “វិញ្ញាណ​តៃហោង” បាន​បញ្ចេញ​ជា Poster និង​ប្រកាស​ត្រៀម​ចាក់​បញ្ចាំង​រួច​ហើយ​ប៉ុន្តែ​មិន​ទាន់​កំណត់​បាន​ថ្ងៃ​ចាក់​បញ្ចាំង​នៅ​ឡើយ។ លោក​ថា​ជា​ភាពយន្ត​មាន​គ្រប់​រសជាតិ កម្សត់​ស្នេហា​ព្រាត់ប្រាស់ ភ័យ​រន្ធត់ អម​ដោយ​ភាព​កំប្លុក​កំប្លែង។   ដោយ​ឡែក​ភាពយន្ត​ថ្មី​មួយ​ទៀត ដែល​គ្រោង​ចំណាយ​ការ​ផលិត​ខ្ពស់ គឺ​រឿង ”ទ្រពិឃាទ” ដែល​ជា​ប្រភេទ​ភាពយន្ត​ថ្មី​មិន​ធ្លាប់​មាន​ផលិតករ​ក្នុង​ស្រុក​ផលិត​នោះ​ទេ។ ផលិតករ​រូប​នេះ​លើក​ឡើង​ដែរ​ថា ការ​ហូរ​ចូល​ផលិតកម្ម​បរទេស​ជា​ច្រើន​ហូរហៀ​បាន​ធ្វើ​ឲ្យ​ម៉ោង​ចាក់​បញ្ចាំង​ភាពយន្ត​ខ្មែរ​មាន​ភាព​ចង្អៀត។ ទោះ​ជា​យ៉ាង​ណា​បញ្ហា​នេះ ទាំង​ភាគី​​ពាក់​ព័ន្ធ​ទាំង​អស់ បាន និង​បន្ត​ការ​ជជែក​គ្នា​បន្ថែម​ទៀត​ដើម្បី​ចំណុច​ល្អ​ប្រសើរ​សម្រាប់​ភាពយន្ត​ខ្មែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់