• 2020-01-17 08:23:20
  • ចម្រៀង

ខ្លាំង​តែ​ម្ដង បទ តន់ ច័ន្ទសីម៉ា ៣ ​ជាប់​ក្នុង​បញ្ជី​ចម្រៀង​​ទាំង​១០​បទ​​ដែល​មាន​អ្នក​មើល​ច្រើន​​ជាង​គេ​នៅ​កម្ពុជា

  • 2020-01-17 08:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​មួយ​ចេញ​ដោយ​គេហទំព័រ​បរទេស បាន​ធ្វើ​ការ​វាយ​តម្លៃ​ពី​បទ​ចម្រៀង​១០​ដែល​មាន​អ្នក​ចុច​ចូល​មើល និង​ស្ដាប់​ច្រើន​ជាង​គេ​នៅ​កម្ពុជា​គិត​ត្រឹម​ដើម​ឆ្នាំ​២០២០ ដោយ​ក្នុង​នោះ គ្រាន់​តែ​ផលិតកម្ម Galaxy Navatra មួយ​វ៉ៃ​ដាច់ ៤​បទ ហើយ​​បទ​ចម្រៀង របស់​តារា​ចម្រៀង តន់ ច័ន្ទសីម៉ា មាន​រហូត​ដល់​ពី​៣បទ​តែ​ឯង។

របាយការណ៍​ចេញ​ដោយ​គេហទំព័រ kworb.net ដែល​បង្កើត​ឡើង​ដោយ​ជនជាតិ​ហូឡង់​ម្នាក់ គឺ​ចាប់​ផ្ដើម​គិត​ត្រឹម​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៩ មករា ២០២០​ប៉ុណ្ណោះ។ ដូច្នេះ​មិន​មែន​ជា​តួលេខ​សរុប​ដែល​ប្រិយមិត្ត​បាន​មើល​ឃើញ​ក្នុង​បច្ចុប្បន្នភាព​លើ​បទ​នីមួយ​ក្នុង​ប្រព័ន្ធ Youtube ឡើយ។

តាម​ស្ថិតិ​នេះ បាន​បង្ហាញ​ថា បទ​ចម្រៀង​១០​នៅ​ក្នុងចំណោម​២០​បទ ដែល​មាន​ក្នុង​តារាង​ដើម​​របស់​គេហទំព័រ​បរទេស​ខាង​លើ ឃើញ​ថា មាន​បទ​ចម្រៀង​ខ្មែរ​ចំនូន ៧ និង​បទ​បរទេស​ចំនួន ៣បទ បាន​ជាប់​ក្នុង​បញ្ជី​បទ​ចម្រៀង​ដែល​មាន​អ្នក​ចុច​ចូល​ស្ដាប់ និង​ទស្សនា​ច្រើន​ជាង​គេ​នៅ​កម្ពុជា គិត​ត្រឹម​រយៈ​ពេល​ដូច​ខាង​លើ។

ចំណុច​គួរ​ចាប់​អារម្មណ៍ ក្នុង​ចំណោម​បទ​ចម្រៀង​ខ្មែរ​ទាំង ៧​បទ ដែល​មាន​អ្នក​ចូល​មើល​លើ Youtube នេះ គឺ​មាន ៤បទ ជា​បទ​របស់​ផលិតកម្ម Galaxy Navatra របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាត់​ទៅ​ហើយ ហើយ​ក្នុង​ចំណោម​៤​របស់​ផលិតកម្ម Galaxy នេះ មាន​៣​បទ​ជា​បទ​របស់​តារា​ចម្រៀង​ស្រី​វ័យ​ក្មេង តន់ ច័ន្ទ​សីម៉ា និង​មួយ​បទ​ទៀត​ជា​បទ​របស់​តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​ដូច​គ្នា គឺ​កញ្ញា អ៊ុក សុវណ្ណារី។

ទាំង​៣​បទ​របស់ សីម៉ា នេះ​មាន បទ "ឡាន​ស៊ីរ៉ែន" និពន្ធ​ដោយ​ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់​ស្ថិត​នៅ​ចំណាត់​លេខ​២​មាន​អ្នក​ចូល​មើល និង​ស្ដាប់​ចំនួន ៨៩៣ ៧៥៤ ដង។ បន្ត​មក​ទៀត​បទ "យល់​ច្រឡំ​ថា​គេ​ស្រឡាញ់​យើង" ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣ មាន​អ្នក​ចូល​មើល និង​ស្ដាប់​ចំនួន ៦៤០ ៧១៨ ដង។ បទ​ចម្រៀង​របស់ តន់ ច័ន្ទ​សីម៉ា ដែរ ស្ថិត​ក្នុង​ចំណាត់​លេខ៦ គឺ​បទ "គេ​នោះ​ជា​ស្រី​កាប់​ដាវ" និពន្ធ​ដោយ​ឧកញ៉ា ឡេង ណាវ៉ាត្រា មាន​អ្នក​ចូល​មើល និង​ស្ដាប់​ចំនួន ៣៨៥ ៣៦២ ដង។

បទ​ចម្រៀង​ទី​៤​របស់​ផលិតកម្ម Galaxy Navatra ដែល​ជាប់​ក្នុង​បញ្ជី​ខាង​លើ គឺ​បទ "ខ្ញុំ​ក្លាយ​ជា​អ្នក​ជំងឺ​ស្នេហា" របស់ អ៊ុក សុវណ្ណារី ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ៥ មាន​អ្នក​ចូល​មើល និង​ស្ដាប់​ចំនួន ៤១៩ ៤០៦ ដង។ លោក យឹម តាស្រង់ អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម Galaxy Navatra បាន​ភ្ញាក់​ផ្អើល​នឹង​របាយការណ៍​ចេញ​ដោយ​គេហទំព័រ​បរទេស​ខាង​លើ។

តា​ស្រង់ បាន​លើក​ឡើង​ថា មិន​ដឹង​ច្បាស់​ពី​និតិវិធី​នៃ​ការ​ចាត់​ចំណាក់​ខាង​លើ​ឡើយ។ តែ​យ៉ាង​ណា លោក​ពិត​ជា​រីករាយ និង​មោទកភាព​ណាស់​ចំពោះ​លទ្ធផល​នេះ វា​នឹង​ធ្វើ​ឲ្យ​លោក និង​តារា​ចម្រៀង​ផលិតកម្ម កាន់​តែ​មាន​ទឹក​ចិត្ត​ក្នុង​ការ​បន្ត​ពុះពារ​ក្នុង​សិល្បៈ​តន្ត្រី​កំដរ​អារម្មណ៍​របស់​ពុក​ម៉ែ​បង​ប្អូន​មួយ​នេះ​បន្ត​ទៀត។

គេហទំព័រ kworbគឺ​ជា​គេហទំព័រ ប្រមូល​តួលេខ​អ្នក​ស្ដាប់​ចម្រៀង​ល្បី​ៗ​តាម​ប្រទេស​នីមួយ​ៗ របាយការណ៍​របស់​គេហទំព័រ​នេះ គឺ​ស្រង់​ចេញ​ពី​ប្រភព​៣​គឺ ទី​១ Youtube ទី​២ iTunes របស់ Apple និង​ទី​៣ គឺ Spotify។ តួលេខ​អ្នក​ចូល​មើល​វេបសាយ​នេះ គិត​ពី​ឆ្នាំ ២០១២ ដល់​ដើម​ឆ្នាំ ២០២០ នេះ គឺ​មាន​អ្នក​ចូល​មើល​ទំព័រ​ព័ត៌មាន(page view) ដល់​ទៅ​ជាង ៤០០លាន page view ឯណោះ។

តាម​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ចាងហ្វាង​ផលិតកម្ម Galaxy Navatra បាន​ឲ្យ​ដឹង​ថា រាល់​បទ​ចម្រៀង​របស់​ផលិតកម្ម​លោក​ឧកញ៉ា គឺ​មិន​ត្រឹម​ដាក់​លើ Youtube ប៉ុណ្ណោះ​ទេ គឺ​មាន​ដាក់​នៅ​លើ iTunes របស់ Apple ទៀត ដែល​មាន license ត្រឹម​ត្រូវ។ ដូច្នេះ​តាម​រយៈ​នេះ លោក​ឧកញ៉ា ជឿ​​ថា ប្រិយមិត្ត​ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ស្គាល់​ពី​បទ​ចម្រៀង​​របស់ Galaxy Navatra កាន់​តែ​ច្រើន​ថែម​ទៀត៕

បទ​ទាំង​៣​បទ ដែល​ជាប់​ក្នុង​បញ្ជី

អត្ថបទ៖ ទារិកា

មតិយោបល់