• 2020-01-18 05:52:04
  • ព័ត៌មាន

នៅ​សល់​វិចិត្រករ​គូរ​រូបប៉ាណូ​ភាពយន្ត​ទសវត្សរ៍ឆ្នាំ៨០-៩០​ម្នាក់ សម្ងំ​ដាក់​តុ​តូច​មួយ​គូរ​រូប​ចិញ្ចឹម​ខ្លួន​នៅ​ផ្សារ​ថ្មី

  • 2020-01-18 05:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ឡើយ​ក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០ ដោយ​បច្ចេកវិទ្យា​មិន​ទាន់​មាន ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​រឿង​គូរ​ដោយ​ដៃ​សុទ្ធ​រាប់​ខែ ទម្រាំ​បាន​មួយ​រឿង ប៉ុន្តែ​ដល់​សម័យ​បច្ចុប្បន្ន​ដែល​បច្ចេកវិទ្យា​រីកចម្រើន បាន​ធ្វើ​ឲ្យ​វិចិត្រករ​គូ​រូប​ប៉ាណូ​ពី​សម័យ​ដើម​ម្នាក់ ស្ទើរ​តែ​អស់​អាជីព។

នៅ​ថ្ងៃ​នេះ​មាន​ការ​បញ្ចេញ​ពី​អ៊ុំ​ប្រុស​ម្នាក់ ដែល​មិន​ទាន់​ដឹង​ថា​មាន​ឈ្មោះ​អ្វី​ឡើយ ត្រូវ​បាន​អ្នក​នៅ​លើ​បណ្ដាញ​សង្គម ឲ្យ​ដឹង​ថា លោក គឺ​ជា​ជាង​គំនូរ​ដ៏​ល្បីល្បាញ​ម្នាក់ ដែល​មាន​ជំនាញ​គូរ​រូប​ប៉ាណូ (Banner) រឿងកុន ដាក់​តាម​រោងកុន​ជា​ច្រើន​ក្នុង​រាជ​ធានីភ្នំពេញ។

ស្នាដៃ​របស់​អ៊ុំប្រុស មាន​សរសេរ​ជា​អក្សរ​ឆ្លាក់​លើ​ស្លាក​ពាណិជ្ជកម្ម​ផ្សេងៗ ពត៌មាន​ផ្សព្វផ្សាយ សារ​ជូនពរ សារ​រំលែក​ទុក្ខ លើ​ផ្ទាំង​ក្រណាត់ ឬ​ផ្ទាំង​ក្រដាស។ល។ ប៉ុន្តែ​ ដោយសារ​បច្ចេកទេស​នៃ​ការ​បោះពុម្ព​កាន់​តែ​ទំនើប ចំនេះ​ជំនាញ ភាព​ប៉ិន​ប្រសប់ និង​ទេពកោសល្យ​របស់​លោក​អ៊ុំ ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​បាន​ដឹង បាន​ស្គាល់​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន។

យ៉ាង​ណា តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ ភួង តេងសុន បាន​ឲ្យ​ដឹង​ថា មក​ដល់​​សព្វ​ថ្ងៃ ដោយសារ​តែ​ការ​ស្រលាញ់​ពេញ​ចិត្ត​នូវ​ចំនេះជំនាញ​របស់​ខ្លួន អ៊ុំ​ប្រុស នៅ​តែ​បន្ត​ធ្វើ​ការងារ​នេះ​រាល់​ថ្ងៃ ទោះ​បី​មិន​សូវ​មាន​ការ​គាំទ្រ​យ៉ាងណា​ក៏​ដោយ។ ប្រភព​ខាង​លើ បញ្ជាក់​ថា សព្វថ្ងៃ វិចិត្រករ​សល់​ពី​សង្គម​រូប​នេះ បាន និង​កំពុង​ប្រកប​អាជីវកម្ម​នេះ​ក្នុង​លក្ខណៈ​តូច​តាច​មួយ​នៅ​ផ្សំ​​ផ្សារ​ថ្មី ដោយ​ក្នុង​នោះ​លោក​មាន​តែ​កូន​តុ​ដ៏​តូច​មួយ​ប៉ុណ្ណោះ សម្រាប់​ដាក់​ជក់ ទឹក​ថ្នាំ ស្ថិត​នៅ​ខាង​កើត​ផ្សារ​ ម្ដុំ​តូប​លក់​ផ្កា។

វិចិត្រ​ករ​ជើង​​ចាស់ មាន​បម្រើ​សេវា​ដូចជា សរសេរ​សារ​ជូនពរ ឬ​សារ​រំលែក​ទុក្ខ ដែល​ខាង​អ្នក​លក់​ផ្កា ឬ​ក៏​អតិថិជន​ចាស់​ៗ​ប្រគល់​អោយ ជាមួយ​កម្រៃ​ដែល​ប្រភព​បញ្ជាក់​ថា កម្រៃ​បាន​ពី​ការងារ​នេះ​របស់ អ៊ុំ​ប្រុស គឺ​មាន​តម្លៃ​ទាប​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ យ៉ាង​ណា ប្រភព​មិន​បាន​បញ្ចេញ​តួលេខ​អំពី​តម្លៃ​សេវា​ខាង​លើ​ឡើយ។

គណនី​ដដែល បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​ទៅ​កន្លែង​វិចិត្រករ​ចំណាស់ ប្រសិន​បើ​បាន​ទៅកាន់ផ្សារធំថ្មី នោះ​ប្រិយមិត្ត​នឹង​កោត​សរសើរ​លើ​ទឹកដៃ​នៃ​ការងារ​វិចិត្រករ​ចំណាស់​រូប​នេះ​ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ ទារិកា

មតិយោបល់