• 2020-01-29 03:43:15
  • ភាពយន្ត

ចប់​ការ​ទស្សនា​រឿង "ដើម្បី​កូន" ក្មេង​ប្រុស​ម្នាក់ រត់​មក​ឱប ហ៊ុយ យ៉ាឡេង ទាំង​ទឹក​ភ្នែក

  • 2020-01-29 03:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​ពិត​រឿង "ដើម្បី​កូន" បាន​ដាក់​បញ្ចាំង​លើក​ដំបូង​ក្នុង​ថ្ងៃ​ពិសេស(Premiere Time) ក្នុង​ថ្ងៃ​បើក​សម្ពោធ​នា​ដើម​សប្ដាហ៍​នេះ ស្រប​ពេល​ដែល​ទស្សនា​ចប់ មាន​ក្មេង​ប្រុស​ម្នាក់​រត់​មក​ឱប​លោក ហ៊ុយ យ៉ាឡេង ទាំង​ទឹក​ភ្នែក។

លោក ហ៊ុយ យ៉ា​ឡេង ខ្លួន​ឯង បាន​ឲ្យ​ដឹង​ថា លោក​ហាក់​ស្រឡាំងកាំង​នា​ពេល​នោះ ក្រោយ​ក្មេង​ប្រុស​ម្នាក់​ដែល​លោក​ប៉ាន់​ស្មាន​ថា មាន​អាយុ​ប្រហែល ៨-៩​ឆ្នាំ មក​រត់​មក​ឱប​លោក​ហើយ​យំ​ហូរ​ទឹក​ភ្នែក​សស្រាក់។ "ខ្ញុំ​ចង់​ភាំង និង​គិត​មិន​ដល់...គាត់​ក្មេង អាយុ​ប្រហែល ៨​ឆ្នាំ​អី​ហ្នឹង គាត់​មក​ជាមួយ​ឪពុក​ម្ដាយ​គាត់ ហើយ​ចេញ​មក​វិញ គាត់​រត់​មក​ឱប​ខ្ញុំ​ហើយ​យំ តាម​មើល​គាត់​ប្រហែល​ជា​មើល​យល់​សាច់​រឿង...!”។ យ៉ាឡេង ថ្លែង។

មិន​ត្រឹម​តែ​ក្មេង​ប្រុស​វ័យ​ក្មេង​ខ្ចី​ខាង​លើ​នេះ​ទេ ប៉ុន្តែ​តាម​ផលិតករ​ដដែល បញ្ជាក់​ថា លោក​បាន​កត់​សម្គាល់​ឃើញ​ថា​ទស្សនិកជន​ភាគ​ច្រើន​ដើរ​ចេញ​មក​វិញ​សុទ្ធ​តែ​ភ្ជាប់​ជាមួយ​ស្មារតី​ស្រណោះ​ស្រណោក ព្រម​ទាំង​ទឹក​ភ្នែក​រលីងរលោង ដិត​ដាម​ទៅ​នឹង​សាច់​រឿង "ដើម្បី​កូន" ដែល​ឆ្លុះ​បញ្ចាំង​ពី​ពលិកម្ម​របស់​ឪពុក​ដ៏​ក្រី​ក្រ​មួយ​រូប​ដែល​មាន​ក្នុង​សាច់​រឿង។

រឿង "ដើម្បី​កូន" គឺ​ជា​ភាពយន្ត​ខ្សែ​ជីវិត​ពិត​ដ៏​កម្រ​មួយ​នៅ​ក្នុង​បច្ចុប្បន្នកាល​នៃ​ភាពយន្ត​ខ្មែរ​ដែល​ជន់ជោរ​ដោយ​ភាពយន្ត ខ្មោច និង​កំប្លែង។ រឿង​នេះ តាម​ផលិតករ គឺ​បាន​ដក​ស្រង់​ពី​ជីវិត​ពិត​របស់​អ្នក​ធាក់​ស៊ីក្លូ ជា​ជីវិត​ដែល​រស់​ក្នុង​នៅ​ក្នុង​ស្ថានភាព​លំបាក និង​ប្រថុយប្រថាន កម្រ​មាន​អ្នក​យល់ ពោល​គឺ​រក​ស៊ី​តាម​ផ្លូវ​ថ្នល់ ដេក​សម្រាក​តាម​ចិញ្ចើម​ផ្លូវ ការ​ហូប​ចុក ក៏​មិន​បាន​ដិតដល់។ "ខ្ញុំ​បាន​ចូល​ទៅ​ភ្លក់​ជីវិត​នេះ​ដោយ​ខ្លួន​ឯង​តាម​រយៈ​រឿង​នេះ ទើប​ដឹង​ថា ពួក​គាត់​លំបាក​ណាស់ ខមាទោស ពួក​គាត់​ស្ទើរ​មិន​ខុស​អី​នឹង​ជីវិត​អ្នក​សុំ​ទាន"។ លោក ហ៊ុយ យ៉ាឡេង ថ្លែង។

ដូច្នេះ​ហើយ នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ លោក ពូ លោក​អ៊ុំ ជា​អ្នក​រស់​អាស្រ័យ​នឹង​របរ​ធាក់​ស៊ីក្លូ ប្រមាណ​ជា ២០នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី ព្រម​ទាំង​ទស្សនា​ដោយ​អត់​គិត​ថ្លៃ​នូវ​ខ្សែ​រឿង​ដែល​មាន​ភាព​ជិត​ដិត​នឹង​ស្ថានភាព​ជីវិត​ពិត​របស់​ពួក​គាត់។ មិន​ខុស​ពី​ក្មេង​ប្រុស​តូច​ខាង​លើ លោក យ៉ាឡេង បង្ហើប​ថា លោក ពូ លោក​អ៊ុំ​អ្នក​ធាក់​ស៊ីក្លូ​ទាំង​នោះ បាន​មក​ឱប​លោក​ដូច​គ្នា។

“ពួក​គាត់​សរសើរ​ខ្ញុំ​ថា ខ្ញុំ​លេង​រឿង​នេះ​បាន​ល្អ...គាត់​ឃើញ​ខ្ញុំ​ទៅ​ធាក់​ស៊ីក្លូ តែ​មិន​គិត​ថា យើង​អាច​លេង​បាន​ល្អ​អីចឹង ដល់​ពេល​ពួក​គាត់​មក​មើល​រឿង គាត់​ថា ខ្ញុំ​មើល​ទៅ ដូច​ពួក​គាត់​មែន​អីចឹង...ហើយ​ពួក​គាត់​បាន​អរគុណ ដែល​យើង​បាន​ជួយ​លើក​តម្កើង​ពួក​គាត់​អីចឹង​ណា!”។

ក្រោយ​ពី​បើក​សម្ពោធ ភាពយន្ត​រឿង "ដើម្បី​កូន" នឹង​ឡើង​រោងកុន​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ចាប់​ពី​ថ្ងៃ​ស្អែក​ទី ៣០ មករា ២០២០ នេះ​ត​ទៅ​ហើយ នៅ​គ្រប់​រោងកុន​ទំនើប​នៅ​រាជធានី និង​នៅ​រោងភាពយន្ត​ក្រុង​ប៉ោយប៉ែត សៀមរាប ជា​ដើម។ រឿង​នេះ ផលិតករ អ្នកនិពន្ធ និង​ដឹកនាំ ព្រម​ជា​តួសម្ដែង​ដដែល បញ្ជាក់​ថា លោក​ធ្វើ​ដើម្បី​បន្ថែម​ពណ៌​សម្បុរ​ដល់​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក និង​ប្រាថ្នា​ឃើញ​ទិដ្ឋភាព​ខ្លះ ដែល​លោក​ធ្លាប់​ឃើញ​ក្នុង​ទសវត្ស​ទី​៦០ កើត​មាន​ក្នុង​បច្ចុប្បន្ន​កាល​ផង។

លោក​ថា សម័យ​កាល​នោះ បើ​តាម​ការ​ចង​ចាំ​របស់​លោក គឺ​លោក​ឃើញ​មាន​បង​ប្អូន​ទស្សនិកជន​ដឹក​ដៃ ម្ដាយ​កូន ទៅ​មើល​ភាពយន្ត​ហូរហែ ដែល​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ និង​ភាព​ស្និទ្ធស្នាល​ក្នុង​ក្រុម​គ្រួសារ។ ដូច្នេះ​ហើយ លោក​ធ្វើ​វា​ជា​កាដូ​លោក​ពូ អ៊ុំ មាមីង ជា​ម្ដាយ​ឪពុក​គ្រប់​រូប​ដែល​គាត់​នៅ​ខ្វះ​ប្រភេទ​ភាពយន្ត​ដែល​ពួក​គាត់​អាច​ទស្សនា​បាន​នា​ពេល​បច្ចុប្បន្ន។

"ខ្ញុំ​សង្ឃឹម​ថា យុវវ័យ​អាច​នាំ​ឪពុក​ម្ដាយ​គាត់​មក​ទស្សនា​រឿង​ "ដើម្បី​កូន​" នេះ ទុក​ជា​អំណោយ​ពួក​​គាត់...ព្រោះ​ខ្ញុំ​ជឿ​ថា ពួក​គាត់​ក៏​ចង់​មាន​ពេល​បែប​នេះ​ដែរ...ហើយ​ក្រោយ​ពី​មើល​ហើយ ខ្ញុំ​ជឿ​ទៀត​ថា កូន​ៗ​នឹង​កាន់​តែ​ស្រឡាញ់​ឪពុក​ម្ដាយ ហើយ​ឪពុក​ម្ដាយ​ក៏​រឹត​តែ​ស្រឡាញ់​កូន​វិញ​ដូច​គ្នា!”៕

អត្ថបទ៖ ទារិកា

មតិយោបល់