• 2020-01-31 08:02:44
  • ព័ត៌មាន

សង្ហា​ដូច​គ្រូ​បង្គោលកីឡាករ ចាន់ រតនា រូប​នេះ ​ចង់​ក្លាយ​ជា​តារា​ម៉ូដែល​ល្បី​មាន​អី​ពិបាក!

  • 2020-01-31 08:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​កូន​ខ្មែរ​កើត​នៅ​បារាំង Sov Men ដែល​មាន​អាជីព​ជា​គ្រូ​បង្គោល ឬ​ក៏​គ្រូ​បណ្ដុះ​ឲ្យ​រាង​កាយ​មាំមួន និង​មាន​ភាព​សាកសម(physical trainer ) បាន​បង្ហើប​ថា លោក​ចង់​ក្លាយ​ជា​តារា​ម៉ូដែល​អាជីព​បន្ថែម​ទៀត​ពី​លើ​អ្វី​ដែល​លោក​កំពុង​មាន។

រូបភាព៖ Smith Portfolio

Sov Men មាន​វ័យ ២៩​ឆ្នាំ ប្រាប់​ថា លោក​មាន​ឪពុក​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ ប៉ុន្តែ​លោក​បាន​ចាប់​កំណើត និង​ធំធាត់​នៅ​លើ​ទឹក​ដី​ប្រទេស​បារាំង ហើយ​លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជិត​៥​ឆ្នាំ​ហើយ ក្នុង​នោះ កីឡា គឺ​ជា​មូលហេតុ​មួយ​ដែល​នាំ​លោក​មក​ទី​នេះ ហើយ​លោក​ចង់​រួម​ចំណែក​ខ្លះ​ដល់​ការ​រីកចម្រើន​នៃ​វិស័យ​កីឡា​របស់​កម្ពុជា ដែល​វា​នឹង​អំណោយ​ផល​ប្រភេទ​កីឡា​អាជីព​នានា។

ជាមួយ​គ្នា លោក​ក៏​មាន​បេសកកម្ម​ខ្លះ​ទៀត ក្នុង​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​ថា "សុខ​ភាព​ល្អ គឺ​ត្រូវ​មាន​កីឡា និង​របប​អាហារ"។ ដូច្នេះ​ហើយ ទើប​លោក​បាន​ចាប់​អាជីព​ជា​គ្រូ​បង្គោល​ផ្នែក​បណ្ដុះបណ្ដាល ជួយ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​រាង​កាយ​មាំមួន។ បន្ថែម​ពី​នេះ នៅ​ពេល​ខាង​មុខ លោក​ក៏​គ្រោង​បើក​សេវាកម្ម​ដឹក​ជញ្ជូន​អាហារ​សម្រាប់​សុខ​ភាព​ទៀត ដើម្បី​ឲ្យ​អ្វី​ដើរ​ទៅ​ស្រប​គ្នា ក្នុង​ការ​ផ្ដល់​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សុខ​ភាព​ល្អ។

រូបភាព៖ Smith Portfolio

ក្នុង​អាជីព​ជា​គ្រូ​បណ្ដុះបណ្ដាល​រាង​កាយ​មាំមួន​នេះ Sov ប្រាប់​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​បាន​មក​រក​លោក ហើយ​នៅ​ក្នុង​ចំណោម​នោះ ក៏​មាន​កីឡាករ​ក្បាច់​គុន​បុរាណ​ខ្មែរ ចាន់ រតនា និង​កីឡាករ​បាល់​ទាត់​អាជីព កុក បូរីស ក៏​បាន​មក​ទទួល​យក​ការ​បណ្ដុះបណ្ដាល​ផ្នែក​រាង​កាយ​មាំ​មួន​ពី​លោក​ដែរ តែ​ជាមួយ​គ្នា លោក​ក៏​បាន​រៀន​គុន​ខ្មែរ​ពី​កីឡាករ​ជើង​ខ្លាំង ចាន់ រតនា របស់​កម្ពុជា​ដែរ​អស់​រយៈ​ពេល​ប្រមាណ​១​ឆ្នាំ​ហើយ រហូត​លោក​បាន​យល់​ពី​ភាព​អស្ចារ្យ​របស់​ក្បាច់​គុន​បុរាណ​ខ្មែរ​មួយ​នេះ។

បុរស​វ័យ ២៩ ឆ្នាំ​ប្រាប់​ទៀត​ថា "គុន​ខ្មែរ" ជា​កេរ​ដំណែល​របស់​ខ្មែរ​គ្រប់​រូប ហើយ​គ្រប់​គ្នា​ចូល​ចិត្ត​ទស្សនា​ ហើយ​មាន​មោទកភាព​ជាមួយ​វា ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ លោក​មើល​ឃើញ សិល្បៈ​ក្បាច់​គុន​ខ្មែរ​មួយ​នេះ ហាក់​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ទូលំទូលាយ បើ​ធៀប​នឹង Muy Thai របស់​ថៃ និង Lethwei របស់ ភូមា។ ក្រៅ​ពី​នេះ នៅ​ក្នុង​ស្រុក​ក៏​មិន​សូវ​មាន​កន្លែង​សម្រាប់​ហាត់​ច្រើន​ដែរ។

រូបភាព៖ Sopheak Khiev of The Krama

ទាំង​នេះ គ្រូ​បង្គោល​ដដែល ប្រាប់​ថា ទំនង​ជា​មូលហេតុ​ដែល​លោក​នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​កម្ពុជា ព្រោះ​លោក​ស្រឡាញ់​អ្វី​គ្រប់​យ៉ាង​នៅ​ទី​នេះ។ មួយ​វិញ​ទៀត ដូច​ប្រាប់​ពី​ខាង​លើ លោក​ចង់​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​វិស័យ​កីឡា​របស់​កម្ពុជា​មាន​ការ​ទទួល​ស្គាល់​កាន់​តែ​ច្រើន ទាំង​នៅ​អាស៊ី និង​ពិភព​លោក។ ប៉ុន្តែ​ក៏​មិន​អាច​ទាត់​ចោល​ដែរ​ថា កីឡា ក៏​ជា​អ្នក​រុញ​ឲ្យ​លោក​ឈាន​ទៅ​ស្រឡាញ់​អាជីព​ជា​តារា​ម៉ូដែល​មួយ​បន្ថែម​ទៀត។

លោក​ថា ជា​គ្រូ​បង្គោល​នៅ​កន្លែង​ហ្វឹកហាត់​កីឡា ធ្វើ​ឲ្យ​លោក​មាន​ឱកាស​ថត​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​មួយ​ចំនួន។ យ៉ាង​ណា Sov ប្រាប់​ថា ដើម​ឡើយ​លោក​គ្មាន​ចិត្ត​ចង់​លើ​អាជីព​នេះ​ទេ បើ​ទោះ​លោក​មាន​ឱកាស​នឹង​ធ្វើ​ជា​ច្រើន​ក៏​ដោយ ហេតុផល គឺ​ព្រោះ​តែ​លោក​មិន​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ប៉ុន្តែ​ក្រោយ​មក លោក​បាន​ចាប់​កែ​ប្រែ​ខ្លួន​ឯង និង​ព្រម​ទទួល​យក​ការ​ប្រកួត​ប្រជែង​ថ្មី​ក្នុង​ជីវិត ជាមួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ពី​មិត្តភ័ក្ដិ​ជា​ច្រើន​ផង។

រូបភាព៖ Sopheak Khiev of The Krama

ថ្ងៃ​មួយ លោក​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​ជ្រើសរើស​តារា​ម៉ូដែល​សម្រាប់​ក្រុម "Perfect 10”។ "ពេល​នោះ ខ្ញុំ​ក៏​ចាប់​អារម្មណ៍ ហើយ​សួរ​ខ្លួន​ឯង ហេតុ​អី​ខ្ញុំ​មិន​អាច និង​ចាប់​ផ្ដើម​បង្កើត​ក្ដី​ស្រមៃ ថា​បើ​ឃើញ​មុខ​ខ្លួន​ឯង​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ ឬ​ស្ប៉ត​ពាណិជ្ជកម្ម​នានា ​វា​យ៉ាង​ណា​ដែរ...ដូច្នេះ​ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទាក់​ទង​ពួក​គេ ហើយ​ចុង​ក្រោយ​គឺ​ខ្ញុំ​បាន​មក​ដល់​ទី​នេះ គឺ Perfect 10”។

លោក បន្ត​ថា មក​ដល់​ពេល​នេះ លោក​ដឹង​ថា អាជីព​ជា​តារា​ម៉ូដែល គឺ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ទៀត​ ហើយ​លោក​នឹង​ចាប់​យក​ឱកាស​នេះ ហើយ​ច្បាស់​ណាស់​ថា លោក​ពិត​ជា​ចង់​ក្លាយ​ជា​តារា​ម៉ូដែល​អាជីព​ដ៏​ជោគជ័យ​ម្នាក់​នា​ពេល​ខាង​មុខ ជាមួយ Perfect 10៕

អត្ថបទ៖ ទារិកា

មតិយោបល់