• 2020-02-01 03:26:33
  • ភាពយន្ត

នារី​ម្នាក់​មើល​រឿង​ចប់ យំ​សស្រាក់​រត់​ទៅ​ឱប ហ៊ុយ យ៉ាឡេង ហើយ​លើក​មេដៃ "អស្ចារ្យ​មែន​ទែន!”

  • 2020-02-01 03:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ឆ្លុះ​បង្ហាញ​ពី​ជីវិត​ពិត "ដើម្បី​កូន" បាន និង​កំពុង​ធ្វើ​ឲ្យ​ស្ទើរ​គ្រប់​គ្នា​រំជួល​ចិត្ត ត្បិត​ទស្សនា​ហើយ​ទប់​ទឹក​ភ្នែក​មិន​បាន។ ជាក់​ស្ដែង​នារីវ័យ​កណ្ដាលម្នាក់ បាន​រត់​ទៅ​ឱប ហ៊ុយ យ៉ាឡេង ផលិតករ និង​ជា​តួសម្ដែង​ក្នុង​រឿង ទាំង​យំ​សស្រាក់ និង​បាន​លើក​មេដៃ​ហើយ​ពោល​ពាក្យ​ថា "អស្ចារ​មែន​ទែន"។

“អស្ចារ្យ...អស្ចារ្យ​មែន​ទែន ខ្ញុំ​សូម​សរសើរ​បង!!!”។ នារី​វ័យ​កណ្ដាល​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លើក​សរសើរ​លោក ហ៊ុយ យ៉ាឡេង ក្រោយ​ពី​ស្រាកស្រាន្ត​ពី​អារម្មណ៍​ក្ដុកក្ដួល។នេះ​ជា​ទិដ្ឋភាព​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ថ្ងៃ​ដំបូង កុមារ​វ័យ ៨-៩ ម្នាក់​បាន​រត់​មក​រក​លោក ផលិតករ និង​ជា​តួ​អង្គ​របស់​សាច់​រឿង ក្នុង​រូបភាព​ដូច​គ្នា។

ក្រោយ​មក​ទៀត ក៏​មាន​សិល្បករ និង​ទស្សនិកជន​ជា​ច្រើន​ទៀត​សុទ្ធ​ពោល​សរសើរ​សាច់​រឿង "ដើម្បី​កូន" ជាមួយ​អារម្មណ៍​ដិត​ដាម​ជាមួយ​សាច់​រឿង។ ពួក​គេ​លើក​ឡើង​ថា ទស្សនា​រឿង​នេះ​ហើយ ធ្វើ​ឲ្យ​ពួក​គេ​មាន​មនោសញ្ចេតនា​កាន់​តែ​ច្រើន​ជាមួយ​អ្នក​មាន​គុណ។

គណនី Jee Nith លើក​ឡើង​ថា "រយ​លាន​អត្ថន័យ មាន​ការ​អប់​រំ​ច្រើន"។ Ling Ling “មើល​ហើយ​នឹក​អ្នក​ផ្ទះ​ណាស់ មួយ​រយៈ​ចុង​ក្រោយ​នេះ មិន​សូវ​បាន​សួរ​សុខ​ទុក្ខ​ពួក​គាត់​ទេ...យំ​ក្នុង​រោង​កុន​មិន​អស់ មក​យំ​ក្នុង​បន្ទប់​ម្នាក់​ឯង​ទៀត នឹក​ម៉ាក នឹក​ប៉ា នឹក​យាយ នឹក​តា​ណាស់...”។ លោក យ៉ាឡេង អះអាង​ថា ភាគ​ច្រើន​នៃ​អ្នក​មើល​រឿង​នេះ​ហើយ ពួក​គេ​រលីងរលោង​ទឹក​ភ្នែក។

ងាក​មកប្រតិកម្ម​​នារី​វ័យ​ខាង​លើ ផលិតករ​រឿង "ធ្មប់" ដែល​ឈ្នះ​ពាន​ភាពយន្ត​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ប្រចាំ​ឆ្នាំ ២០១៩ ពី​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦ បាន​ឲ្យ​ដឹង​ថា ភ្លាម​ៗ ក្រោយ​ទទួល​បាន​ប្រតិកម្ម​នេះ លោក​ហាក់​ភាំង។ "បេះដូង​ខ្ញុំ​ភាំង​ញរ័​រំជួល​តាម​គាត់ ខ្សែ​ជីវិត​បង​ស្រី​មិន​ដឹង​ត្រូវ​នឹងរឿង​នេះ​យ៉ាង​ណា​បាន​គាត់​យំដល់​ថ្នាក់​នេះ"។ យ៉ាឡេង ថ្លែង។

អ្នក​និពន្ធ​ដដែល បន្ត​ថា នារី​ខាង​លើ បាន​សរសើរ​ហើយ​សរសើរ​ទៀត​ចំពោះ​លោក។ ចំណុច​មួយ​ដែល​លោក​កត់​សម្គាល់ នារី ប្រហែល​ជា​អាណិត​លោក​មួយ​ផ្នែក​ដែរ ព្រោះ​បាន​ឃើញ​ពី​ការ​លំបាក​របស់​លោក​នាម​ជា​ឪពុក​នៅ​ក្នុង​រឿង។

គិត​មក​ដល់​ពេល​នេះ រឿង "ដើម្បី​កូន" ស្ថិត​​នៅ​លើ​រោង​កុន បាន​ជិត​១​សប្ដាហ៍​ហើយ។ រយៈ​ពេល​នេះ ផលិតករ​អះអាង​ថា ចំនួន​អ្នក​មើល​មាន​ការ​កើន​ឡើង​រៀង​រាល់​ថ្ងៃ។ "ធៀប​នឹង​រឿង "ធ្មប់" ដែល​កញ្ឆក់​បាន​ការ​គាំទ្រ​លឿន តែ​រឿង​នេះ ការ​គាំទ្រ​កើន​ឡើង​សន្សឹម​ៗ​រៀង​រាល់​​ថ្ងៃ ហើយ​មិត្ត​ភ័ក្ដិ​ដែល​ជា​អ្នក​ផលិតភាព​យន្ត​ដូច​គ្នា​បាន​សរសើរ។ ពួក​គេ​បាន​ព្យាករណ៍​ថា រឿង​នេះ​ទំនង​អាចនៅ​អាច​បញ្ចាំង​នៅ​លើ​រោងកុន​បាន​យូរ!”។ ហ៊ុយ យ៉ាឡេង ថ្លែង៕

អត្ថបទ៖ ទារិកា

មតិយោបល់