• 2020-02-12 03:40:09
  • ព័ត៌មាន

ឡើង​មក​ភ្នំពេញ​ដំបូង​រៀន​រស់​ខ្លួន​ឯង តន់ ច័ន្ទ​សីម៉ា កាត់​ព្យុះ​កាត់​ភ្លៀង ពេល​មួយ​ជួប​ចោរ​កណ្ដាល​អាធ្រាត្រ​ទៀត

  • 2020-02-12 03:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តន់ ច័ន្ទ​សីម៉ា បាន​វិវត្ត​ខ្លួន​មក​ជា​តារា​ចម្រៀង​អាជីព​ពេញ​លេញ ក្រោយ​បាន​ចុះ​កុងត្រា​រយៈ​ពេល ៥​ឆ្នាំ​ជាមួយ​ផលិតកម្ម Galaxy Navatra។ ជីវិត​ថ្មី​នេះ ក្រោយ​ពី​នាង​បាន​តស៊ូ​រស់​ដោយ​ខ្លួន​ឯង​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ ក្រោយ​សម្រេច​ចិត្ត​ចេញ​ពី​ទីកន្លែង​កំណើត​មក​ផ្សង​ព្រេង​នៅ​ដីក្រុង។

កញ្ញា តន់ ច័ន្ទសីម៉ា គឺ​ជា​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​តាកែវ ដែល​មាន​ឪពុក​ជា​មន្ត្រី​រាជការ ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។ នាង​ជា​កូន​ទី​៣ ក្នុង​ចំណោម​៤​នាក់​សុទ្ធ​តែ​ស្រី។ សីម៉ា មាន​និស្ស័យ​លើ​សិល្បៈ​តន្ត្រី​តាំង​ពី​តូច​ៗ​មក ពោល​គឺ​តាំង​ពី​នាង​ទើប​មាន​អាយុ ៥​ឆ្នាំ​ម្ល៉េះ។ នាង​ថា "ខ្ញុំ​ចេះ​ច្រៀង​តាំង​ពី​អាយុ ៥​ឆ្នាំ​ម៉េស​បង និយាយ​ទៅ​ស្រឡាញ់​ខ្លាំង​ហ្មង​អា​រឿង​ច្រៀង​រាំ​អី ហ្នឹង!”។

ដោយ​សារ​និស្ស័យ​សិល្បៈ​ដុះដាល​ក្នុង​ចិត្ត​តាំង​ពី​នាយ​បែប​នេះ ផ្សំ​នឹង​ការ​សិក្សា​បញ្ចប់​ថ្នាក់​ទី​១២​ផង សីម៉ា ក៏​បាន​សម្រេច​ចិត្ត​ចាក​ចោល​ភូមិ​ស្រុក​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​នា​ដើម​ឆ្នាំ ២០១៧ ក្នុង​ដែល​ពេល​នោះ នាង​ទើប​មាន​អាយុ ១៧​ឆ្នាំ​។ តារា​ចម្រៀង​តូច​ច្រឡឹង ប្រាប់​ថា​នៅ​លើ​ដី​ក្រុង គឺ​មាន​តែ​នាង​ម្នាក់​ឯង គ្មាន​គ្រួសារ សាច់​ញាតិ​អ្វី​ដែល​អាច​ពឹង​ពាក់​បាន​ឡើយ។

ដូច្នេះ​ហើយ រឿង​ត្រូវ​ធ្វើ​គឺ​ត្រូវ​ខំ​រស់​ដោយ​ខ្លួន​ឯង ព្រោះ​ស្ថានភាព​គ្រួសារ​របស់​នាង ក៏​មិន​ជា​ធូរធារ​ដែរ។ ស្ថានភាព​នេះ សីម៉ា ប្រាប់​ថា សំអាង​លើ​ទេពកោសល្យ​សិល្បៈ​ចម្រៀង​របស់​នាង នាង​ក៏​ចេញ​រក​ការងារ​ធ្វើ ហើយ​ចាត់​ជា​ភ័ព្វ​ល្អ នៅ​ខ្ទង់​ពាក់​កណ្ដាល​ឆ្នាំ ២០១៧ នាង​ត្រូវ​បាន​ថៅកែ​ហាង​មួយ ព្រម​ទទួល​យក​នាង​ធ្វើ​ជា​តារា​ចម្រៀង​ក្នុង​ហាង​របស់​ខ្លួន ហើយ​ពេល​នោះ ជីវិត​តស៊ូ ជា​អ្នក​រៀន​ផង ធ្វើ​ការ​ផង ក៏​បាន​ចាប់​ផ្ដើម។

"ពេល​នោះ ស្រី​តែ​ម្នាក់​ឯង គ្មាន​បង​ប្អូន​ឯណា អាច​ជួយ​បាន​ទេ គឺ​មាន​តែ​ខ្លួន​ឯង អីចឹង​ហើយ ថ្ងៃ​រៀន យប់​ទៅ​ច្រៀង ជិះ​ម៉ូតូ​តែ​ម្នាក់​ៗ​ឯង ថ្ងៃ​ខ្លះ​ភ្លៀង​ជិះ​ហាល​ភ្លៀង​តែ​ម្នាក់​ឯង ថ្ងៃ​ខ្លះ​ឈឺ ក៏​តែ​ម្នាក់​ឯង...និយាយ​ទៅ​សរសើរ​ខ្លួន​ឯង​ដែរ ក្មេង​ស្រី​ម្នាក់​អាយុ​ទើប ១៧​ឆ្នាំ រស់​តែ​ម្នាក់​ឯង​នៅ​ទីក្រុង ធ្វើ​អ្វី​ៗ​ក៏​តែ​ម្នាក់​ឯង"។

វេលា​មួយ​នោះ​ដែល​នាង​ចាំ​មិន​ភ្លេច គឺ​ក្រោយ​ចេញ​ពី​ច្រៀង​ត្រឡប់​មក​ផ្ទះ​វិញ នាង​ត្រូវ​ចោរ​ជិះ​ម៉ូតូ​ដេញ​តាម ហើយ​ឆក់​ទូរសព្ទ​នាង​បាន​សម្រេច ធ្វើ​ឲ្យ​នាង​ដួល​ម៉ូតូ​រហូត​ដល់​មាន​របួស​ហូរ​ឈាម​ជោគ​ខ្លួន​ថែម​ទៀត។ នាង​ថា ក្រោយ​ហេតុការណ៍​នោះ នាង​បាន​ដិតដាម​អារម្មណ៍​ភិតភ័យ​យ៉ាង​ខ្លាំង។

ចូល​ច្រៀង​ក្នុង​ហាង​ខាង​លើ​នោះ សីម៉ា ត្រូវ​បាន​ថៅកែ​ផ្ដល់​ប្រាក់​ខែ ៤៥០​ដុល្លារ​ក្នុង​១​ខែ។ ចំនួន​នេះ តារា​ស្រី​លើក​ឡើង​ថា សម​ល្មម​នឹង​អាច​ឲ្យ​នាង​រស់​បាន​ណាស់​ទៅ​ហើយ ហើយ​រឹត​តែ​សប្បាយ​ចិត្ត​ទៅ​ទៀត​ព្រោះ នាង​មិន​ដែល​សង្ឃឹម​ថា សមត្ថភាព​ច្រៀង​របស់​នាង​ដែល​ធ្វើ​ទៅ​តាម​និស្ស័យ​សោះ អាច​ឲ្យ​នាង​រក​ចំណូល​បាន​គួរ​សម​សម្រាប់​ផ្គត់ផ្គង់​ខ្លួន​ឯង និង​ផ្គត់ផ្គង់​ការ​សិក្សា​ថែម​ទៀត។

ក្រោយ​ពី​ច្រៀង​នៅ​ក្នុង​ហាង​បាន​មួយ​រយៈ​ធំ នាង​ក៏​បាន​ឈប់​វិញ ហើយ​ក៏​បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ពិភព​លោក​រៀប​ចំ​ដោយ​ទូរទស្សន៍​មួយ​ក្នុង​ស្រុក​នៅ​ឆ្នាំ ២០១៨។ សីម៉ា មិន​ទទួល​បាន​ជយលាភី​ទេ...ប៉ុន្តែ​ទេពកោសល្យ​របស់​នាង ក៏​បាន​គេ​ស្គាល់​កាន់​តែ​ច្រើន។ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​នាង​កាន់​តែ​ល្បី ក្រោយ​ពី​នាង​បាន​បញ្ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ជា​ច្រើន​បទ ពិសេស​បទ "មនុស្ស​ដូច​ខ្ញុំ"។

ចុង​ក្រោយ​បំផុត នាង​ក៏​ត្រូវ​បាន​ផលិតកម្ម Galaxy ហៅ​ចូល ធ្វើ​ជា​តារា​ចម្រៀង​កុងត្រា​កាល​ពី​ដើម​ឆ្នាំ ២០១៩។ នៅ​ក្នុង​ផលិតកម្ម​នេះ តារា​ចម្រៀង​វ័យ ២២​ឆ្នាំ មាន​បទ​ជា​ច្រើន​បាន​ចេញ​លើ​ទីផ្សារ សុទ្ធ​ជា​បទ ពេញ​និយម​ដូច​ជា​បទ "មិន​ស្មោះ ស្រឡាញ់​រក​ងាប់​អី" “យល់​ច្រឡំ​គេ​ស្រឡាញ់​យើង" “គេ​នោះ​ជា​ស្រី​កាប់​ដាវ" និង​បទ "ឡាន​ស៊ីរ៉ែន" ជា​ដើម។ សីម៉ា ប្រាប់​ថា ២០២០​នេះ ផលិតកម្ម​ក៏​ត្រៀម​បទ​ឲ្យ​នាង​ជា​ច្រើន​ទៀត​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់