• 2020-02-25 02:39:04
  • ភាពយន្ត

ព្រឹទ្ធបុរស អន សុភៈ៖​ ទោះ​បី​ចាស់​ទ្រុឌទ្រោម ឬ​ជិះ​រទេះ​រុញ​ក៏​ខ្ញុំ​នៅ​ជួយ​សិល្បៈ

  • 2020-02-25 02:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹទ្ធបុរស​ផ្នែក​ល្ខោន​និយាយ និង​ជា​សិល្បករ​ជើង​ចាស់ លោក អន សុភៈ ចង់​ប្រើ​ពេល​វេលា​ដែល​នៅ​សល់​ក្នុង​ជីវិត​របស់​លោក ដើម្បី​បង្កើត​ស្នាដៃ​តែងនិពន្ធ​បន្ថែម និង​ចងក្រង​ឯកសារ​ស្ដីពី​សិល្បៈ​នាដកម្ម ឬល្ខោន​និយាយ សម្រាប់​កូន​ចៅ​ខ្មែរ។

លោក អន សុភ៖ "ខ្ញុំ​នៅ​តែ​មាន​ឆន្ទៈ​បណ្ដុះបណ្ដាល​ឲ្យ​កូន​ខ្មែរ​យើង​បាន​ចេះ​ដឹង​ពី​សិល្បៈនាដកម្ម ឬ​ល្ខោន។ មួយ​ទៀត​ខ្ញុំ​ក៏​នឹង​ស្រាវ​ជ្រាវ​ចងក្រង​ជា​សៀវភៅ​មួយ​ដែល​បង្ហាញ​ពី​ក្បួន​ខ្នាត​ក្នុង​ការ​សម្ដែង និង​តែងនិពន្ធ​សម្រាប់​ក្មេង​ៗ​ជំនាន់​ក្រោយ"។

ក្រឡេក​មក​មើល​ពី​ប្រវត្ដិ​តស៊ូ​របស់​តារា​ជើង​ចាស់​ម្នាក់​នេះ​វិញ​ក៏​កំសត់​ណាស់​ដែរ។ ក្នុង​សម័យ​ខ្មែរ​ក្រហម លោក អន សុភៈ ប្រឈម​នឹង​ការ​បាត់បង់​ជីវិត​ជា​ច្រើន​ដង ដោយ​សារ​បញ្ហា​សុខភាព និង​ការ​ស្រេកឃ្លាន។ ក្រោយ​រំដោះ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ រូប​លោក រស់នៅ​ដោយ​គ្មាន​ទីពឹង ព្រោះ​ឪពុក-ម្ដាយ និង​សមាជិក​គ្រួសារ​របស់​លោក​បាន​ស្លាប់​អស់​ក្នុង​ខ្មែរ​ក្រហម។

​ដោយ​មើល​ឃើញ​ថា​លោក អន សុភៈ ធ្លាប់​រៀន​សិល្បៈ​នាដកម្ម ឬ​ល្ខោន​និយាយ ព្រម​ទាំង​មាន​ទេពកោសល្យ​ផ្នែក​នេះ​ផង បាន​ធ្វើ​ឲ្យ​លោក​ព្រឹទ្ធាចារ្យ ឆេង ផុន ដែល​ជា​អតីត​រដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចាប់​អារម្មរណ៍ ហើយ​យក​រូប​លោក​ទៅ​ចិញ្ចឹម​បីបាច់​ដូច​ជា​កូន​បង្កើត។

ចាប់​តាំង​ពី​ពេល​នោះ​ហើយ ដែល​រូប​លោក​អន សុភៈ ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​យ៉ាង​យកចិត្ដ​ទុក​ដាក់​រហូត​ដល់​ជាសៈស្បើយ ហើយ​លោក​ក៏​មាន​ឱកាស​ចូល​បង្រៀន​សិស្ស និង​បញ្ចេញ​ស្នាដៃ​ជា​បន្ដ​បន្ទាប់​រហូត​មក​ដល់សព្វថ្ងៃ។

លោក អន សុភៈ៖​ "បើ​ទោះ​បី​ជា​ខ្ញុំ​ចាស់​ទ្រុឌទ្រោម​នៅ​លើ​រទេះ​រុញ ក៏​ខ្ញុំ​នៅ​អាច​បម្រើ​ជាតិ និង​ជួយ​កូន​ខ្មែរ​បាន ព្រោះ​យើង​ចាស់​តែ​រូប​កាយ​តើ តែ​ប្រាជ្ញា​ស្មារតី​យើង​នៅ​មាន ដូច្នេះ​ពី​ពេល​នេះ​ទៅ​មុខ​ខ្ញុំ​នៅ​តែ​ប្រឹងប្រែង​ក្នុង​វិស័យ​សិល្បៈ​នេះ​ដដែល"។

ព្រឹទ្ធបុរស អន សុភៈ បាន​បញ្ចេញ​សមត្ថភាព​តែងនិពន្ធ និង​ដឹកនាំ​រឿង ព្រម​ទាំង​បាន​សម្ដែង​ក្នុង​តួអង្គ​សំខាន់​ចំនួន​ពីរ គឺ​ទី​១ រឿង"ថៅកែ​ចិត្ដ​ចោរ" និង​ទី២ រឿង​"​អន្ទាក់​ស្នេហ៍"។ ស្នាដៃ​ទាំង​ពីរ​បរស់​លោក​ចុង​ក្រោយ​នេះ ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់ និង​ចាប់​អារម្មរណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​ដែល​ធ្លាប់​បាន​ទស្សនា ហើយ​រឿង​អន្ទាក់​ស្នេហ៍​ក៏​កំពុង​បញ្ចាំង​តាម​រោងភាពយន្ដ​ដែរ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់