• 2020-02-27 02:20:42
  • ភាពយន្ត

តារាសម្ដែងជើងចាស់ លោក ម៉េង សាវុធ អន្ទះសាចង់ថតរឿងសំខាន់មួយនៅក្នុងឆ្នាំ២០២០ នេះ

  • 2020-02-27 02:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើងចាស់ បាន​ប្រឡូក​ក្នុង​វិស័យភាពយន្ដ​តាំង​ឆ្នាំ​១៩៨៧។ លោក ម៉េង សាវុធ ទន្ទឹង​រង់ចាំ​ថត​រឿង"មរណៈ​មាតា” ដែល​អគ្គនាយកដ្ឋាន​ស្ថានីយ៍​ទូរទស្សន៍​ជាតិកម្ពុជា និង​ផលិតកម្ម​មហាហង្ស សហការ​គ្នា​ផលិត​ខ្សែភាព​នេះ​ឡើង​វិញ ដើម្បីទាក់ទាញទស្សនិកជន។

លោក ម៉េង សាវុធ៖"យើង​ងាក​មក​ជួយ​ជាតិ​តាម​រយៈ​ផលិត​រឿង​ភាគ​ទៅ​ចាក់​នៅ ទ ទ ក ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ឡើង​វិញ។ រឿង​នេះ​មិន​យក​លំនាំ​តាម​ណាគេ​ទាំង​អស់ តែ​យើង​សង្ខេប​យក​សាច់​រឿង​មរណៈ​មាតា​ខ្មែរ​យើង​ពីដើមទៅ​ដាក់​ដែរ ហើយ​បញ្ចូល​នូវ​សាច់​រឿង​ពិត​ក្នុង​សង្គម​បច្ចុប្បន្ន"។

លោក ម៉េង សាវុធ នឹង​សម្ដែង​ជា​តួ​អង្គ​សំខាន់​ម្នាក់​ក្នុង​រឿង​នេះ គឺ​ជា​តួ​អង្គ​សេដ្ឋី​មាន​ប្រពន្ធ​ពីរ​ដោយ​ប្រពន្ធ​ដើម​ស្លាប់ ហើយ​យក​ប្រពន្ធ​ចុង​មួយ​ទៀត។ ប្រពន្ធ និង​កូន​ចុង​សេដ្ឋី បាន​តាម​ឈ្នានីស​កូន​ដើម ឬ​នាង​មរណៈ​មាតា និង​ម្ដាយ​ដែល​ស្លាប់​កើត​ទៅ​ជា​ត្រី​ដំរី​ហើយ​នោះ​ក៏​នៅ​តែ​តាម​ឈ្នានីសទៀត។ ប៉ុន្ដែលោក​​ម៉េង សាវុធ ថា​ឈុតឆាក​ខ្លះ​អ្នក​និពន្ធ​នឹង​ប្ដូរ​វាឲ្យ​ស៊ី​ទៅ​នឹង​សាច់រឿងសង្គមខ្មែរយើងជាក់ស្ដែងដែរ។

រូបភាព៖ ហ្វេសប៊ុក ម៉េង សាវុធ

បើ​តាម​លោក ម៉េង សាវុធ។ រឿង"មរណៈ​មាតា"​ថ្មី​នេះ នឹង​ចាប់​ផ្ដើម​ថត​នៅ​ក្នុង​ខែ​មេសា  ឆ្នាំ​២០២០ ពោល​គឺ​នៅ​ក្រោយ​ថ្ងៃ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណីជាតិ​។ ការ​សម្រេច​ថត​រឿងនេះនៅ​ក្នុង​ខែ​មេសា គឺ​បន្ទាប់ពី​អ្នក​និពន្ធ បាន​ដក​ស្រង់​សាច់​រឿង​ដើម​របស់​ខ្មែរ​ទាក់ទង​នឹងរឿង​មរណៈ​មាតា ហើយបានសរសេរ​បន្ថែម​លើ​ចំណុច​ខ្លះ ដើម្បី​តម្រូវ​ទៅ​តាម​ស្ថានភាព​សង្គម និង​តម្រូវចិត្ដ​របស់ទូរទស្សនិកជន៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់