• 2020-03-05 09:29:40
  • ភាពយន្ត

មហោស្រព​ភាព​អន្តរជាតិ-កម្ពុជា ឆ្នាំ​នេះ មាន​រឿង​ច្រើន​ណាស់​សម្រាប់​ទស្សនា រឿង​ខ្លះ​ល្បី​ខ្លាំង​នៅ​អន្តរជាតិ​ថែម​ទៀត

  • 2020-03-05 09:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cambodia Film Commision និង​មជ្ឈមណ្ឌល​បុប្ផាណា បាន​ប្រកាស​ពី​មហោស្រព​ភាពយន្ត​​អន្តរជាតិ​កម្ពុជា លើក​ទី​១០ ដែល​គ្រោង​នឹង​បើក​នៅ​សប្ដាហ៍​ក្រោយ ដោយ​អ្នក​​រៀប​ចំ​បាន​អះអាង​ថា ឆ្នាំ​នេះ កើន​ចំនួន​ភាពយន្ត​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ហើយ​ភាពយន្ត​ទាំង​នោះ ខ្លះ​ជា​រឿង​ដែល​ល្បី​ខ្លាំង​នៅ​បរទេស​ថែម​ទៀត

តាម​តួលេខ​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​មិញ មហោស្រព​នេះ នឹង​ដាក់​បង្ហាញ​ភាពយន្ត​ដល់​ទៅ ១៥៧ ចំណង​ជើង មក​ពី​៤៤​ប្រទេស និង​ត្រូវ​បាន​បែង​ចែក​ជា​ភាពយន្ត​ខ្នាត​ធំ ខ្នាត​ខ្លី ភាពយន្ត​ឯកសារ និង​ភាពយន្ត​ជីវចល។ តួលេខ​នេះ លោក Cedric Eloy ប្រធាន​មហោស្រព​ភាពយន្ត​អន្តរជាតិ-កម្ពុជា បាន​ឲ្យ​ដឹង​ថា បាន​កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​បណ្ដា​ឆ្នាំ​ចាស់ ក្នុង​កើន​ទាំង​ភាពយន្ត​បរទេស ទាំង​ភាពយន្ត​ក្នុង​ស្រុក។

ប្រធាន​មហោស្រព​ជនជាតិ​បារាំង បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​១៥៧​ចំណង​ជើង​នោះ ភាពយន្ត​មក​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ចំនួន​សរុប ៤៧​ចំណង​ជើង ក្នុង​នោះ​សម្រាប់​តែ​ភាពយន្ត​ក្នុង​ស្រុក​មាន​ចំនួន ២៦​ចំណង​ជើង កើន​ប្រមាណ ២០​%ធៀប​នឹង​ឆ្នាំ​ចាស់។ នេះ​ជា​សញ្ញាណ​ល្អ ដែល​លោក​ថា មហោស្រព​ភាពយន្ត​អន្តរជាតិ កម្ពុជា បាន​ជួយ​មួយ​ផ្នែក​ដល់​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក ទៅ​តាម​ផែនការ​វែង​ឆ្ងាយ​ដើម្បី​លើក​កម្ពស់​ឧស្សាហកម្ម​ភាពយន្ត​ជាតិ។

“និយាយ​តែ​រឿង​រោងកុន កាល​ពី​ការ​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ ២០១០ យើង​ពិបាក​នឹង​រក​កន្លែង​សម្រាប់​ដាក់​បញ្ចាំង​ភាពយន្ត​របស់​មហោស្រព ប៉ុន្តែ​ឥឡូវ​យើង​មាន​រោងភាពយន្ត​ជា​ច្រើន ក្នុង​តាម​តួលេខ​គឺ​មាន​ប្រមាណ​ជាង ១០០​អេក្រង់​ទៅ​ហើយ ហើយ​បើ​គិត​ពី​ផលិតផល​ភាពយន្ត​វិញ ឆ្នាំ​ដំបូង​យើង​រក​ភាពយន្ត​សម្រាប់​ដាក់​ក្នុង​មហោស្រព​ស្ទើរ​មិនបាន ប៉ុន្តែ​សម្រាប់​ឆ្នាំ​ទី​១០​នេះ ចំនួន​ភាពយន្ត​មាន​ច្រើន​ហួស រហូត​ដល់​យើង​ពិបាក​ក្នុង​ការ​សម្រេច​ជ្រើសរើស​ថា​ភាពយន្ត​គួរ​ត្រូវ​យក​មក​ដាក់​ក្នុង​មហោស្រព​ថែម​ទៀត។"។

លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​ដែល​ថា មហោស្រព​ភាពយន្ត គឺ​ចំណែក​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​លើក​កម្ពស់​ឧស្សាហកម្ម​ភាពយន្ត​ជាតិ។ ដូច្នេះ​ហើយ ទើប​ក្រសួង​វប្បធម៌​តែង​តែ​ជួយ​គាំទ្រ​មហោស្រព​ទាំង​ឡាយ​រហូត​មក​។ ជាក់​ស្ដែង​មិន​ត្រឹម​តែ​ជួយ​គាំទ្រ​ផ្នែក​ស្មារតី ប៉ុន្តែ​ក្រសួង​នៅ​បាន​ជួយ​ជា​ថវិកា​ថែម​ទៀត​សម្រាប់​មហោស្រព​ភាពយន្ត​អន្តរជាតិ កម្ពុជា​លើក​ទី​១០​នេះ។

ក្រៅ​ពី​នេះ ប្រធាន​នាយកដ្ឋាន​វ័យ​ក្មេង បញ្ជាក់​ថា ក្រសួង​នៅ​មាន​ផែន​ការ​រៀប​ចំ និង​គាំទ្រ​មហោស្រព​ភាពយន្ត​មួយ​ចំនួន​ទៀត ដែល​នឹង​មាន​ជា​ហូរហែ​ពី​ពេល​នេះ រហូត​ដល់​ចុង​ឆ្នាំ ២០២០​នេះ​ទៀត។ លោក​លើក​ឡើង​ថា មហោស្រព​ភាព​ទាំងឡាយ គឺ​ជា​កន្លែង​កៀរគរ និង​បញ្ជូន​មនុស្ស​បន្ថែម​ទៅ​កាន់​រោងកុន ហើយ​ក៏​កន្លែង​សម្រាប់​ផលិតករ​បង្កើត​ទំនាក់ទំនង​ជាមួយ​ផលិតករ​បរទេស ដែល​យក​ភាពយន្ត​របស់​គេ​មក​ចូល​មហោស្រព​ដែរ។

ដូច្នេះ​ហើយ លោក​ថា ត្បិត​តែ​ចំនួន​រោងកុន​កើន​ឡើង ជា​សញ្ញាណ​ល្អ​សម្រាប់​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក ប៉ុន្តែ​លោក​នៅ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ផលិតករ​ខ្មែរ បង្កើន​ការ​ទំនាក់ទំនង ក៏​ដូច​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ផលិតករ​បរទេស​ទៀត តាម​រយៈ​មហោស្រព ប្រយោជន៍​ដើម្បី​បើក​ទីផ្សារ​ឲ្យ​ភាពយន្ត​បន្ថែម​ពី​លើ​ទីផ្សារ​ក្នុង​ស្រុក។ ដូច្នេះ​ហើយ ជា​គោលការណ៍ គឺ​ក្រសួង​គាំទ្រ​រាល់​មហោស្រព​ភាពយន្ត​ទាំង​អស់​គ្នា​នៅ​ក្នុង​ស្រុក។

ដូច​បាន​បញ្ជាក់​ពី​ខាង​លើ ភាពយន្ត​ទាំង ១៥៧ ចំណង​ជើង ដែល​មាន​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ កម្ពុជា ត្រូវ​បាន​ចែក​ទៅ​តាម​ប្រភេទ​ភាពយន្ត​ដូច​ជា ប្រភេទ​ភាពយន្ត​ឆ្លុះ​បង្ហាញ​ពី​បម្រែបម្រួល​អាកាស​ធាតុ បរិស្ថាន(Beautiful Planet) ភាពយន្ត​បែប​ភ័យ​រន្ធត់ (Scary World) បង្ហាញ​ពី​ភាពយន្ត​បង្កប់​រឿង​រ៉ាវ​អាថ៌កំបាំង និង​រន្ធត់​ផុត​លេខ​នៅ​អាស៊ី។ ប្រភេទ​ពិភព​ពណ៌​ចម្រុះ(Colorful World) ភាពយន្ត​បង្ហាញ​ពី​ទស្សនវិស័យ​ប្លែក​ៗ​គ្នា​ជុំ​វិញ​បញ្ហា​យេនឌ័រ។

និយាយ​ពី​ភាពយន្ត​ក្នុង​ស្រុក​ដែល​មាន​ក្នុង​មហោស្រព​មាន ភាពយន្ត​រឿង "រសាត់​អណ្ដែត" “នាឡិកា​ដាស់​វិញ្ញាណ" “ស្លាប​ប្រផេះ" និង​រឿង “សុបិន​កាលីហ្វ័ញ៉ា" ជា​ដើម។ ដោយ​ឡែក​ភាពយន្ត​អន្តរជាតិ​មាន​ដូច​ជា​រឿង "Parasite” ដ៏​ល្បី​របស់​កូរ៉េ រឿង "រូង​ភ្នំ​អាថ៌​កំបាំង" របស់​ថៃ និង​រឿង "កាល​ពី​ព្រេង​នាយ​នៅ​ហូលីវូដ" ជា​ដើម។

មហោស្រព​ទាំង​មូល​ដែល​ឧបត្ថម្ភ​ដោយ​សែលកាត នឹង​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី ១៣ មីនា ២០២០ ក្នុង​នោះ​ទី​កន្លែង​សម្រាប់​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​មាន​ដូច​ជា រោងភាពយន្ត Major Cineplex(Sorya, AEON Mall) Legend (Exchange Square Eden, City Mall, TK Avenue) សណ្ឋាគារ Rosewood និង​សាល​មហោស្រព​ចតុមុខ។ ដោយ​ឡែក​ការ​ចូល​ទស្សនា នឹង​មិន​មាន​ការ​គិត​ថ្លៃ​ឡើយ។ ទន្ទឹម​នឹង​ដំណើរ​ការ​មហោស្រព​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត និង​មាន​ការ​ចូល​ដោយ​សិល្បករ​ល្បី​ៗ​របស់​កម្ពុជា៕

អត្ថបទ៖ ទារិកា

មតិយោបល់