• 2020-03-06 09:06:25
  • ភាពយន្ត

មាន​ដំណឹង កញ្ញាឯកដ៏​ស្រស់​ស្អាត​កម្ពុជា ប៉ះជាមួយ​​ប្រុស​សង្ហាមីយ៉ាន់ម៉ា ក្នុង​ភាពយន្ត​ខ្មែរ​មួយ

  • 2020-03-06 09:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​នេះ មាន​ព័ត៌មាន​ថា កញ្ញា​ឯក​អាស៊ីប៉ាស៊ីហ្វិក​កម្ពុជា ឆ្នាំ២០១៩ គឺកញ្ញា ប៉ូ គីមថេង​សុធីតា ត្រូវ​បាន​ចាប់​ឲ្យ​ជួប​គ្នា​ជាមួយ​តួ​ប្រុស​រូប​សង្ហា​របស់​ភូមា Paing Takhon ក្នុង​ខ្សែ​ភាពយន្ត​ខ្មែរ​មួយ​រឿង​របស់​ផលិតកម្ម​អិលឌី។

តាម​ប្រភព​ដែល​ជា​តារា​សម្ដែង​មួយ​រូប តារា​ស្រី ប្រុស ជនជាតិ​ខ្មែរ និង​ភូមា​ខាង​លើ នឹង​ត្រូវ​ចូល​រួម​សម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង​សែ​ស្រឡាយ "នាឡិកា​ដាស់​វិញ្ញាណ" ដែល​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ ២០១៩ ដោយ​ថែម​ទាំង​បាន​ជាប់​ជា​ភាពយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ​ថែម​ទៀត។ ដោយ​ឡែក​វគ្គ​ថ្មី​នៃ​ខ្សែ​រឿង​ខាង​លើ នឹង​ត្រូវ​ដាក់​ចំណង​ជើង​ថា ”The Clock Red Wall” ហើយ​តួឯក​ទាំង​ពីរ​ត្រូវ​បាន​ជ្រើសរើស​ក្រោយ​ពួក​បាន​ជាប់​ក្នុង​ការ​វគ្គ​បញ្ចេញ​សមត្ថភាព(Casting)។

ប្រភព​ដដែល​បញ្ជាក់​ថា ស្ទើរ​ដូច​នឹង​រឿង "នាឡិកា​ដាស់​វិញ្ញាណ" ភាពយន្ត​ថ្មី​នេះ បាន​ចាយ​ទុន​យ៉ាង​សម្បើម ដោយ​ក្នុង​នោះ ក៏​មាន​ព័ត៌មាន​ថា អិល​ឌី បាន និង​កំពុង​សាងសង់ Studio ថត​ផ្ទាល់​ធំ​មួយ​ដើម្បី​ឲ្យ​ទាន់​ការ​ផលិត​ភាពយន្ត​នេះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម នៅ​មិន​ទាន់​អាច​ទំនាក់ទំនង​បាន។ ប៉ុន្តែ​ក្នុង​ថ្ងៃ​ដែល​លោក និង​ក្រុម​ការងារ​មាន​មុខ​ឡើង​ទទួល​ពាន​បន្តបន្ទាប់​ជាមួយ "នាឡិកា​ដាស់​វិញ្ញាណ" កាល​ពី​ចុង​ឆ្នាំ ២០១៩ ក្នុង​កម្មវិធី​មហោស្រព​ថ្នាក់​ជាតិ​លើក​ទី​៦ លោក​ធ្លាប់​បាន​បង្ហើប​ដែរ​ថា លោក​ និង​ក្រុម​ការងារ​បាន និង​កំពុង​គិត​រឿង​សែ​ស្រឡាយ​របស់​ភាពយន្ត​ឈ្នះ​ពាន​ជា​ច្រើន​នេះ ហើយ​ក្នុង​នោះ គឺ​រឿង ”The Clock Red Wall” នេះ​ឯង។

យ៉ាង​ណា ពេល​នោះ លោក​មិន​បាន​បញ្ជាក់​តួអង្គ និង​ពេល​វេលា​ចេញ​ថត​​នៅ​ឡើយ។ និយាយ​ពី​តួឯក​វិញ​ម្ដង​កញ្ញា​ឯក​អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩ កញ្ញា ប៉ូ គីមថេងសុធីតា ដែល​គេ​ស្គាល់​ថា​ជា​តារា​បង្ហាញ​ម៉ូដ មាន​រូប​សម្រស់​ស្រស់​សោភា​នោះ គឺ​ត្រូវ​ជ្រើសរើស​ជា​តួឯក​ហើយ។ ជាមួយ​នឹង​សមិទ្ធផល​ធំ​នេះ មាន​ដំណឹង​ថា​នៅ​ថ្ងៃ​ទី២៦​ខាង​មុខ​នេះ កញ្ញា នឹង​ធ្វើ​ជា​តំណាង​កម្ពុជា ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី កញ្ញា​ឯក​អាស៊ីប៉ាស៊ីហ្វិក​ឆ្នាំ ២០១៩ នៅ​ហ្វីលីពីន​ដែរ។

រូបភាព​សហការី

ដោយ​ឡែក តួឯក​ប្រុស​វ័យ​២៤​ឆ្នាំ លោក Paing Takhon វិញ តាម​ព័ត៌មាន លោក​គឺ​ជា​តារាម៉ូដែល តារា​សម្តែង និង​ជា​អ្នក​ចម្រៀង ជនជាតិ​មីយ៉ាន់ម៉ា។ កាល​ពី​ឆ្នាំ ២០១៨ តារា​រូបនេះ​ត្រូវបាន​ជ្រើស​រើស​ដោយ គេហទំព័រ BuzzFeed ថា​ជា​បុរស​សង្ហា ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​២៣​នាក់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។ ក្រៅ​ពី​នេះ លោក ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​កម្មវិធី “កំពូល​អ្នក​សម្ដែង ១០ នាក់” របស់​កម្មវិធី Myanmar Time កាល​ពី​ពេល​កន្លង​ទៅ​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់