• 2020-04-03 08:15:19
  • ព័ត៌មាន

សូដា នីតា ក្ដៅ​ស្លឹក​ត្រចៀក គំរាម​ប្ដឹង Rith Omega ផ្អើល​ហ្វេសប៊ុក​រសៀល​នេះ!

  • 2020-04-03 08:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​នេះ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ថ្មី​ទៀត បន្ទាប់​ពី​អ្នក​នាង សំ ប៉ូលីដា មាន​ជម្លោះ​ហែកហួរ​ជាមួយ​មិត្ត​រួម​អាជីព​ម្នាក់ ហើយ​ឥឡូវ​នេះ សូដា នីតា ដែល​ទើប​បាត់​បង់​ម្ដាយ​ថ្មី​ៗ បាន​ប្រកាស​គំរាម​ប្ដឹង​មិត្ត​រួម​អាជីព​ម្នាក់​ដែរ ដែល​ជំពាក់​ប្រាក់មិន​សង។

តាម​ការ​បញ្ជាក់​របស់ តារា​ស្រី គឺ​លោក Rith Omega ដែល​ជា​អតីត​អ្នក​ដឹកនាំ​សម្ដែង​ផលិតកម្ម​ក្នុង​ស្រុក​មួយ​នោះ បាន​ជំពាក់​ប្រាក់​នាង​ចំនួន ៦៥០០ ដុល្លារ​អាមេរិក ហើយ​មិន​ព្រម​សង ដោយ​បាន​ត្រឹម​សន្យា​ចោល​ៗ​ជា​ច្រើន​លើក។ ដូច្នេះ​ហើយ នាង​បាន​ស្នើ​ឲ្យ​ភាគី​កូន​បំណុល​របស់​នាង ចេញ​មក​ជួប​ដោះស្រាយ​ជាមួយ​នាង​ម្ដង​ទៀត

សូដា នីតា សរសេរ​លើ​ហ្វេសប៊ុក​នាង​រសៀល​នេះ​ថា "នាងខ្ញុំ សូ ដានីតា សូម​ប្រកាស​រក ឈ្មោះ (Rith Omega) ចេញ​មុខ​មក​ដក​ដោះស្រាយ​លុយ​ចំនួន 6500$ ព្រោះ​បំពាន​សន្យា ដែល​មាន​ស្នាម​មេដៃ​ជា​ច្រើន​ដង​ហើយ!"។ តាម​សំណេរ​នោះ​ដដែល តារា​ម៉ូដែល​បញ្ជាក់​ថា លោក Rith Omega មិន​លើក​ទូរស័ព្ទ​របស់​នាង។ ដូច្នេះ​ហើយ នាង​ថា បើ​លោក ធារិទ្ធ ចេញ​មក​ដោះ​ស្រាយ​ជាមួយ​នាង នាង​នឹង​ដាក់​បណ្ដឹង ឡើង​ដល់​តុលាការ។

មិន​យូរ​ប៉ុន្មាន ក្រោយ​ពី សូដា នីតា បង្ហោះ​សារ​ខាង​លើ គេ​បាន​ឃើញ​លោក Rith Omega បាន​ចូល​ខ្លួន​មក​ឆ្លើយ​តប។ តាម​សារ​របស់​ភាគី​ខាង​ប្រុស បាន​ឲ្យ​ដឹង​ថា ចំពោះ​លុយ​ដែល​លោក​ជំពាក់ គឺ​ជា​លុយ​ដែល​ភាគី​ខាង​ស្រី ជា​អ្នក​កក់​លើ​ការ​ទិញ​ម៉ាស់ ១ម៉ឺន​ដុល្លារ​អាមេរិក(សង​បាន ៣៥០០​ហើយ)​របស់ ហើយ​ហេតុ​ដែល​លោក​ភ្លាត់​ធ្លាក់​ជា​កូន​បំណុល គឺ​ដោយ​សារ​តែ​លោក​ចាញ់​បោក​គេ​បន្ត​ដែរ យ៉ាង​លោក​នៅ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​លុយ​នោះ ជាក់​ស្ដែង​លោក​ក៏​បាន​សង​ខ្លះ​ហើយ។

តប​នឹង​ការ​ប្រកាស​របស់ សូដា នីតា លោក ឃុន ធារិទ្ធ បាន​បញ្ជាក់​ថា លោក​មិន​បាន​គេច​វេស ឬ​រត់​ទៅ​ណា​ទេ ពេល​ខ្លះ​លោកមិន​បាន​លើក​ទូរស័ព្ទ​ព្រោះ​តែ​លោក​រវល់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​នៅ​តែ​ព្យាយាម​តប​ទៅ​ភាគី​តារា​ស្រី​ជា​រហូត​មក មិន​បាន​គេច​វេស​នោះ​ទេ។

បញ្ហា​នេះ​ដដែល តាម​តារា​ស្រី​ដែល​ទើប​ជួប​ទុក្ខ​ដោយ​សារ​ម្ដាយ​ចែកឋាន បាន​ឲ្យ​ដឹង​ថា នាង​ប្រកាន់​ត្រង់​ថា លោក ធារិទ្ធ បាន​ខក​ខាន​ក្នុង​ការ​សង​ប្រាក់​នាង​ត្រឡប់​មក​វិញ​ម្ដង​ហើយ​ម្ដង​ទៀត ពោល​គឺ​បាន​ត្រឹម​តែ​សន្យា​ៗ ប៉ុន្តែ​មិន​សង ក្នុង​នោះ នាង​បញ្ជាក់​ទៀត​ថា ភាគី​កូន​បំណុល​មាន​ទាំង​ផ្ដិត​មេដៃ​ធានា​សង​ប្រាក់​នាង​ម្ដង​ជា​ពីរ​ដង​ទៀត ប៉ុន្តែ​នៅ​តែ​មិន​ឃើញ​លោក​សង​ដដែល។

ភាគី​ទាំង​ពីរ​នៅ​តែ​ឆ្លើយឆ្លង​គ្នា​បន្ត​បន្ទាប់ ក្នុង​នោះ គេ​ឃើញ​លោក Rith Omega ឬ ឃុន ធារិទ្ធ បញ្ជាក់​ថា ល្ងាច​នេះ មេធាវី​លោក នឹង​ទាក់​ទង​ទៅ​ភាគី សូដា នីតា វិញ៕

អត្ថបទ៖ ទារិកា

មតិយោបល់