- 2020-04-06 00:45:00
- ព័ត៌មាន
ម្នាក់ៗចង់ក្ស័យធនដោយសារតែ Covid-19 តែ មាន សូនីតា ស្រាប់តែមានលាភធំបានប្រាក់ទាំងម៉ឺន
- 2020-04-06 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្នាក់ៗចង់ក្ស័យធនដោយសារតែ Covid-19 តែ មាន សូនីតា ស្រាប់តែមានលាភធំបានប្រាក់ទាំងម៉ឺន
ចន្លោះមិនឃើញ
បើទោះម្នាក់ៗស្រែកត្អូញពិបាករកប្រាក់ចំណូលដោយសារ Covid-19 ប៉ុន្តែងាកមកតារាស្រីដែលមានរហស្សនាមរាជិនីក្រមាឯណេះវិញ ស្រាប់តែមានលាភធំចូល បានប្រាក់ទាំងម៉ឺនទៅវិញ ដោយក្នុងនោះ គឺដោយសារតែនាងទទួលបានកុងត្រាការងារដ៏ធំមួយនឹកស្មានមិនដល់។
តាម សូនីតា តាមពិតដោយទៅប្រាក់ចំណូលរបស់នាងក៏មានការប៉ះពាល់ខ្លះដែរ តាំងពី Covid-19 បានចូលមកដល់ប្រទេសកម្ពុជា ព្រោះថាការងារសិល្បៈរបស់នាងមួយចំនួនត្រូវបានពន្យារ ឬលើកពេល ហើយមុខជំនួញលើគម្រោង "ស្រឡាញ់" របស់នាងក៏ប៉ះពាល់ដូចគ្នា គ្រាន់តែថា ការប៉ះពាល់នោះ នៅកម្រិតអាចគ្រប់គ្រងបាន។ ម្យ៉ាងទន្ទឹមការប៉ះពាល់លើអាជីព និងអាជីវកម្មដែលដំណើរការរួចហើយនោះ នាងក៏រំលេចបានសមិទ្ធផលថ្មីខ្លះៗដែរ ទើបនាងមិនលំបាកខ្លាំង។ ជាក់ស្ដែងថ្មីនេះ នាង ទើបតែទទួលបានកុងត្រាការងារដ៏ធំមួយ។
តាមព័ត៌មានដែលទទួលបាន មាន សូនីតា ទើបតែត្រូវបានក្រុមហ៊ុនឯកទេសថែរក្សាសម្ផស្សមួយមានឈ្មោះថា “TRE” ជ្រើសរើសធ្វើជាតារាតំណាងផលិតផលរបស់ខ្លួនមានរយៈដល់ទៅ ៣ឆ្នាំឯណោះ។ តាមកុងត្រានេះ មានការប៉ាន់ប្រមាណថា សូនីតា អាចនឹងទទួលបានថ្លៃឈ្នួលហត់នឿយរយៈពេល៣ឆ្នាំ ខ្ទង់ជិត ១០ម៉ឺនដុល្លារអាមេរិកឯណោះ។
សូនីតា បានសុំសិទ្ធិមិនអធិប្បាយលើប្រាក់ថ្លៃពលកម្មរបស់នាង ប៉ុន្តែបានទទួលស្គាល់ថា នាងពិតជាទើបបានកុងត្រាខាងលើរយៈពេល៣ឆ្នាំពិតមែនលើផលិតផលចំនួន២ គឺដំណាប់ និងសំបុកត្រចៀកកាំ។ ការងារនេះ ភាគីទាំងសងខាងទើបតែព្រមព្រៀងគ្នានៅរយៈពេលថ្មីៗនេះប៉ុណ្ណោះ ហើយវាបានក្លាយជាសមិទ្ធផលការងារធំទី១នៅក្នុងឆ្នាំ ២០២០ ពិសេសក្នុងដំណាក់កាលដ៏ពិបាកបណ្ដាលមកពី Covid-19។
រាជិនីក្រមា បញ្ជាក់ថា សមិទ្ធផលនេះ បានប៉ះប៉ូវខ្លះលើការធ្លាក់ចុះចំណូលដោយសារវិបត្តិមេរោគសាហាវដែលបាន និងកំពុងគំរាមកំហែងពិភពលោក។ ដូច្នេះហើយ នាងលើកឡើងថា នាងពិតជារីករាយចំពោះកិច្ចព្រមព្រៀងការងារខាងលើជាមួយ TRE គ្រានេះ។ ប៉ុន្តែជាមួយគ្នា នាងក៏មានការបារម្ភខ្លះដែរ។ "ចាស...បើនិយាយពីអារម្មណ៍វិញ គឺមានទាំងពីរ គឺសប្បាយចិត្តបង...ភ័យផង...ព្រោះជាការងារទី១ជាមួយក្រុមហ៊ុនផ្នែកអនឡាញ មិនដឹងថា អាចធ្វើឲ្យគេបានប៉ុណ្ណា អីប៉ុណ្ណីអីចឹងណាបង ព្រោះជាការងារដំបូង...!”។
តាមពិតទៅ បើតាមកញ្ញា មាន សូនីតា បានឲ្យដឹងថា មានក្រុមហ៊ុនមួយចំនួនទៀតក៏បានមកទំនាក់ទំនងនាង ក្នុងបំណងយកនាងទៅធ្វើការងារក្នុងតំណែងដូចគ្នានេះដែរ។ ប៉ុន្តែចុងក្រោយ នាងក៏បានសម្រេចធ្វើការជាមួយក្រុមហ៊ុនខាងលើ ក្រោយពីបានសិក្សាមើលពីសក្ដានុពលគ្នាទៅវិញទៅមក។ ដូច្នេះហើយ ពួកគេទាំងពីរបានសម្រេចចុះកិច្ចព្រមព្រៀងការងារជាមួយគ្នាឆ្នាំទី១រួចរាល់កាលពីពេលថ្មីៗ។
តាម សូនីតា ពួកគេនឹងបន្តកិច្ចព្រមព្រៀង ១ឆ្នាំម្ដង រហូតដល់គ្រប់ ៣ឆ្នាំនៃការឯកភាពរវាងគ្នា។ នេះជាសមិទ្ធផលការងារធំទី១ ពោលគឺជាតារាតំណាងផលិតផលទី១ដែលនាងសម្រេចបាននាដើមឆ្នាំ ២០២០។ ប៉ុន្តែបើក្រឡេកទៅមើលឆ្នាំចាស់ តារាស្រី ក៏បាន និងបន្តកាន់តួនាទីជាតារាតំណាងផលិតផលឲ្យក្រុមហ៊ុន៣-៤ ក្រុមហ៊ុនរួចទៅហើយដែរ នៅក្នុងនោះ មានទាំងផ្នែកទោចក្រយានយន្ត និងបរិក្ខារអេឡិចត្រូនិក៕