• 2020-04-22 04:34:39
  • ព័ត៌មាន

ផ្ទះ​ចម្រើន! ផ្ទះ​មួយ​នៅ​តំបន់​បាសិត ម្ចាស់​រក​លុយ​ស្រួលណាស់ ព្រោះ​ត្រូវ​ប៉ាន់​ផលិតកម្ម​ធំ​ៗ​!

  • 2020-04-22 04:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​និយាយ​ផ្ទះ គ្រូរ៉ា នៅ​បាសិត អ្នក​ដឹក​នាំសម្ដែង​ឲ្យ​ផលិតកម្ម​ធំ​ៗ​ ក៏​ដូច​ជា​តារា​សម្ដែង​ល្បី​ៗ​ស្ទើរតែ​ទាំង​អស់ ច្បាស់​ជា​ស្គាល់​ជាក់​ជា​មិន​ខាន ព្រោះ​ផ្ទះ​មួយ​នេះ​ត្រូវ​បាន​ផលិតកម្ម​ធំៗ​ស្ទើរ​តែ​ទាំង​អស់​បាន​ទៅ​ជួល​ថត ជា​ច្រើន​រឿង និង​ជា​ច្រើន​បទ​ចម្រៀង​មក​ហើយ។

ផ្ទះ​មួយ​នោះ​ស្ថិត​ក្នុង​ភូមិ តា​ពេជ្រ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្ដាល ជិត​​ភ្នំ​បាសិត​តែ​ម្ដង ដែល​ជា​កម្មសិទ្ធិ របស់ លោក គង់ រ៉ា ហៅ​គ្រូ​រ៉ា។ ផ្ទះ​មួយ​នេះ​ជា​ប្រភេទ​ផ្ទះ​ប៉ិត សាងសង់​កាល​​ពី​ឆ្នាំ ១៩៩៣។

ដំបូង​ឡើយ​មាន​ផលិតកម្ម​មួយ​បាន​ចុះ​មក​ថត​រឿង "ចៅ​ស្រទប​ចេក" ក្នុង​អំឡុង​ឆ្នាំ ១៩៩៨។ ដោយ​​មើល​ឃើញ​ទេស​ភាព​ល្អ ចាប់​ផ្ដើម​មាន​មាន​ផលិតកម្ម​ផ្សេង​ទៀត​ បាន​មក​ទាក់​ទង​ថត​ជា​បន្តបន្ទាប់ ស្ទើរ​តែ​គ្រប់​ផលិតកម្ម​ធំ​ៗ​ទាំង​អស់​​តែ​ម្ដង។

ម្ចាស់​ផ្ទះ​ខាង​លើ​បាន​បន្ត​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ផលិតកម្ម​​ដែល​ថត​បាន​ឲ្យ​ថ្លៃ​ផ្ទះ​​លោក​តែ​២០ ទៅ ៣០ ដុល្លារ​ប៉ុណ្ណោះ ក្រោយ​មក​ក៏​ចាប់​ផ្ដើម​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់។ ជា​​ធម្មតា​បើ​ថត​១ថ្ងៃ មាន​ផលិតកម្ម​ខ្លះ​ឲ្យ​ ១០០ ដុល្លារ ខ្លះ​ថត​ ១រឿង​ ៣០០-៥០០ ដុល្លារ​ជា​​ដើម។

ទន្ទឹមនឹងគ្នា​នេះ ខាង​ផលិតកម្ម​ក៏​​បាន​​ឲ្យ​លោក​ជួយ​ធ្វើ​បាយ​ទឹក​ ក្នុង​នោះ​តួភាគ​ច្រើន​ចូល​ចិត្ត​ស្នាដៃ​ធ្វើ​ម្ហូប​របស់​លោក។ ឆា​ក្ដៅ​ គឺ​ជា​​​ជំនាញ របស់​លោក​គ្រូ​រ៉ា តួ​ភាគ​ច្រើន​កុម្ម៉ង់​ឲ្យ​ធ្វើ ជា​ពិសេស​ក្រុម​កំប្លែង​មក​ពី​ CTN​ តែ​ម្ដង​ដូច​​ជា BIG ពែកមី ខ្ញុង​ ជា​ដើម។

ដោយសារតែ​មាន​ការ​សំណូមពរ​ ពី​បណ្ដា​ផលិតកម្ម​ជា​ច្រើន​ លោក គង់ រ៉ា ហៅ​គ្រូ​រ៉ា មិន​មាន​គម្រោង​​រុះរើ​ផ្ទះ​នេះ ឬ​លក់​ចេញ​ឡើយ គឺ​នៅ​រក្សា​បន្ត​ទៀត។ ប្រសិន​បើ​ថ្ងៃ​ក្រោយ​ខ្លួន​មាន​លទ្ធភាព លោក​ចង់​ធ្វើ​ផ្ទះ​មួយ​កន្លែង​ទៀត ពី​ថ្ម​ នៅ​ផ្នែក​ខាង​ក្រោយ​ផ្ទះ​នោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់