• 2020-05-05 02:54:09
  • ព័ត៌មាន

ឡូយ​ណាស់! ស្ងាត់​ៗ​ម្ចាស់​បទ "ស្រឡាញ់​គ្នា​យូរ​ម៉េច​ស្ទាវ" ក្លាយ​ជា​តារា​ចម្រៀង​អាជីព​របស់​ផលិតកម្ម​ធំ​មួយ​ហើយ

  • 2020-05-05 02:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ "ស្រឡាញ់​គ្នា​យូរ​ម៉េច​ស្ទាវ" លោក ខាន់ ស៊ីអឿន ដែល​បាត់​មុខ​យូរ​នោះ ឥឡូវ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ក្រោយ​ពី​លោក​នា​ពេល​នេះ បាន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​ជាមួយ​ផលិតកម្ម​ធំ​មួយ​ក្នុង​ស្រុក​ទៅ​ហើយ។

តាម​ព័ត៌មាន​ដែល​ទទួល​បាន ស៊ីអឿន បាន​ចូល​រួម​ជាមួយ​ផលិតកម្ម​សាន់ដេ​ក្នុង​នាម​ជា​តារា​ចម្រៀង​កុងត្រា​របស់​ផលិតកម្ម​ទៅ​ហើយ។ សុជាតា អ្នក​តំណាង​របស់​តារា​ចម្រៀង​បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ការ​បោះជំហាន​ថ្មី​របស់​តារា​ចម្រៀង​ខ្មែរ​ក្រោម ក្រោយ​ពី​លោក​បាន​មាន​ឈ្មោះ​បោះ​សំឡេង​តាម​រយៈ​បទ "ស្រឡាញ់​គ្នា​យូរ​ម៉េច​ស្ទាវ" កាល​ពី​ដើម​ឆ្នាំ២០១៩ ដែល​បទ​នេះ ក្រោយ​មក​តារា​ចម្រៀង​រួម​ទ្រនំ​មួយ​រូប ក៏បាន​សុំ​សិទ្ធិ​យក​ទៅ​ច្រៀង​ផង។

បាន​ទុន​ដូច្នេះ លោក ស៊ីអឿន ក៏​បាន​ឈាន​មក​ធ្វើ​បទ​មួយ​ចំនួន​ទៀត ដូច​ជា​បទ "គ្មាន​វាសនា" និង​បទ “អា​ពួក​ម៉ាក​ខ្ញុំ" ជា​ដើម ដោយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​គួរ​សម​ដែរ។ បន្ត​ពី​នោះ​លោក ក៏​បាត់​មុខ​ឈឹង ដោយ​ទើប​តែ​នឹង​លេច​មុខ​ជា​ថ្មី ក្នុង​នាម​ជា​តារា​ចម្រៀង​អាជីព​របស់​ផលិតកម្ម​សាន់ដេរ​តែ​ម្ដង។ មិន​មាន​របាយការណ៍​អំពី​សុពលភាព​កុងត្រា​របស់​តារា​ចម្រៀង​ប្រុស​ជាមួយ​ផលិតកម្ម​ថា ចាប់​ផ្ដើម​ពី​ពេល​ណា ហើយ​ចប់​វិញ​នៅ​ពេល​ណា​នោះ​ទេ។

ប៉ុន្តែ សុជាតា ដែល​ជា​អ្នក​តំណាង​តារា​ចម្រៀង​បាន​បញ្ជាក់​ថា លោក ខាន់ ស៊ីអឿន បាន​ចូល​រួម​ជាមួយ​សាន់ដេរ​មួយ​រយៈ​ធំ​មក​ហើយ ហើយ​ក៏បាន​ចេញ​ជា​បទ​ចម្រៀង​មក​ជា​ហូរហែ​មក​ហើយ​ដែរ ក្នុង​នោះ​បទ​ដំបូង​បំផុត​របស់​លោក​ក្នុង​ផលិតកម្ម​សាន់ដេ គឺ​បទ "ស៊ី​ Brand ចុះអូន"។ ដោយ​ឡែក​បទ​ទី​២ គឺ​ជា​ប្រភេទ​បទ​ចង្វាក់​កន្ទ្រឹម មាន​ចំណង​ជើង​ថា "“ស្រឡាញ់​ក្រមុំ​ខ្មែរ​យើង"។ បទ​ទាំង​ពីរ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អ្នក​ស្ដាប់​ភាគ​ច្រើន​ជា​យុវវ័យ។

ថ្មី​ៗ​នេះ លោក ខាន់ ស៊ីអឿន ទើប​ត្រូវ​ផលិតកម្ម​បញ្ចេញ​បទ​ទី​៣​ឲ្យ​លោក​បន្ត​ទៀត មាន​ចំណង​ជើង​ថា “ Stickerលាក់​ទឹក​ភ្នែក"។ សុជាតា បាន​អះអាង​ថា បទ​ទាំង​៣​ខាង​លើ សុទ្ធ​ប្រភេទ Original Song ដែល​ផលិតកម្ម​បាន​ធ្វើ​សម្រាំង​សម្រាប់​លោក ស៊ីអឿន។ ដូច្នេះ​ហើយ​ម្ចាស់​បទ​មាន​ក្ដី​សង្ឃឹម​ថា បទ​ថ្មី​របស់​លោក​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដូច​គ្នា​ទៀត។

លោក ខាន់ ស៊ីអឿន មាន​វ័យ​ជាង ២០​ឆ្នាំ​រូប​នេះ មាន​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម ប៉ុន្តែ​លោក​​បាន​មក​សិក្សា​រៀន​សូត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជំនាញ "អក្សរ​សាស្ត្រ​ខ្មែរ" និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​កាល​ពី​ឆ្នាំ​ទៅ។ លោក​បាន​ដើរ​ចូល​វិថី​សិល្បៈ​ក្រោយ​ពី​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​បទ "ស្រឡាញ់​គ្នា​យូរ​ម៉េច​ស្ទាវ" ដែល​លោក និង​មិត្តភ័ក្តិ​បាន​ធ្វើ​បង្ហោះ​លើ​យូធូប​លេង។ យ៉ាង​ណា នោះ​ជា​ការ​ចាប់​ផ្ដើម​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​មក​កាន់​វិថី​សិល្បៈ​ពេញ​លេញ​ក្នុង​នាម​ជា​តារា​ចម្រៀង​អាជីព​របស់​សាន់ដេ​នា​ពេល​នេះ។

អ្នក​តំណាង​អះអាង​ថា តារា​ចម្រៀង​ប្រុស ពិត​ជា​មាន​មោទកភាព​ណាស់ ចំពោះ​អ្វី​ដែល​លោក​ទទួល​បាន​នា​ពេល​នេះ។ ដូច្នេះ​ហើយ លោក​នឹង​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ភាព​ល្បី​ល្បាញ​កាន់​តែ​ខ្លាំង ដោយ​មាន​ប្រិយមិត្ត​ស្រឡាញ់​គាំទ្រ និង​ចូល​ចិត្ត​ច្រើន៕

ទស្សនា​បទ​ថ្មី​របស់​លោក ខាន់ ស៊ីអឿន "Sticker ទឹក​ភ្នែក" ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់