• 2020-05-08 07:56:40
  • ជីវិតតារា

រំលឹក​អតីតកាល ដែល សោម ដូរ៉េ មិន​នឹក​ស្មាន​អាច​ក្លាយ​ជា​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ដូច​សព្វ​ថ្ងៃ

  • 2020-05-08 07:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សោម ដូរ៉េ បាន​វិវត្ត​ខ្លួន​ពី​អ្នក​ចូល​ចិត្ត​ស្ដាប់​បទ​ចម្រៀង​មក​ជា​អ្នក​និពន្ធ និង​ដឹកនាំ​ល្បី​ឈ្មោះ​ក្នុង​ចង្កោម​យុវវ័យ​នា​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​ក្រឡេក​ទៅ​មើល​អតីត​កាល ពិត​ជា​រឿង​ហួស​ចិត្ត​ដែល​លោក​បាន​មក​កាន់​ចំណុច​នេះ​បាន។

ស្ថានភាព​នា​ពេល​នោះ សូម្បី​តែ​សាមី​ខ្លួន​ក៏​ប្រាប់​ថា ហួស​ចិត្ត​ដែរ។ លោក ថ្លែង​ថា "និយាយ​ទៅ​វា​ជា​រឿង​អស់​សំណើច​ណាស់​បង ហើយ​ក៏​ហួស​ចិត្ត​ហ្មង!”។ លោក ដូរ៉េ ប្រាប់​ថា ដើម​ឡើយ​លោក​គ្រាន់​ជា​បុគ្គល​ដែល​ស្រឡាញ់ និង​ចូល​ចិត្ត​ស្ដាប់​បទ​ចម្រៀង ពិសេស​គឺ​បទ​ចម្រៀង​របស់​ហង្សមាស។ លោក​តែង​តែ​ទិញ​ស្ទើរ​រាល់​ឌីសចម្រៀង​របស់​ផលិតកម្ម​នេះ​ដែល​ចេញ​ថ្មី​ៗ។

អ្នកនិពន្ធ​ល្បី​ឈ្មោះ​ក្នុង​ចង្កោម​យុវវ័យ រៀបរាប់​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ ២០០៩ ដែល​ពេល​នោះ​លោក​មិន​ទាន់​ទាំង​បាន​រៀន​ចប់​ផង ប៉ុន្តែ​អាស្រ័យ​ថា ឱកាស​បាន​មក​ដល់​ទៅ​ហើយ លោក​ក៏​បាន​ក្លាយ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ឲ្យ​ហង្សមាស​តែ​ម្ដង។ ជា​អ្នក​ចូល​ចិត្ត​ស្ដាប់​បទ​ចម្រៀង​ហង្សមាស មាន​ពេល​មួយ​លោក​ស្រាប់តែ​បាន​ជួប និង​ស្គាល់​គ្នា​ជាមួយ​តារា​ចម្រៀង ពេជ្រ សោភា។

ដោយ​មើល​ឃើញ​ពី​និស្ស័យ និង​ទេពកោសល្យ​របស់​លោក តារា​ចម្រៀង​ស្រី​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ទៅ​ជួប​ជាមួយ​ថៅកែ​ហង្សមាស​លោក អ៊ឹង សុខលាភ។ លោក​ថៅកែ​ក៏បាន​ផ្ដល់​ឱកាស​ឲ្យ​លោក​សាក​ល្បង​សមត្ថភាព​និពន្ធ​បទ​ចម្រៀង ហើយ​ក្រោយ​មក​ថៅកែ​ក៏​ពេញ​ចិត្ត​ដោយ​សារ​លោក​មាន​សមត្ថភាព​ពិសេស​មួយ។

"កាល​ហ្នឹង ដោយ​សារ​ខ្ញុំ​ចេះ​គូរ Story Board ទើប​ខ្ញុំ​អាច​ជ្រែក​ឱកាស​បាន ដោយ​បាន​គូរ Story Board ស្ប៉ត​ពាណិជ្ជកម្ម​ជា​ច្រើន ហើយ​ក្រោយ​មក​ខ្ញុំ​ក៏​ជ្រៀត​ទៅ​ផ្នែក​និពន្ធ​ទៀត និយាយ​ទៅ​ខំ​ណាស់​បង តែ​ថៅកែ​គាត់​អ្នក​សាង​ខ្ញុំ​មក បើ​គាត់​មិន​ឲ្យ​ខ្ញុំ​សាក​ថ្ងៃ​នោះ ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​នេះ​​ដែរ"។

លោក សោម ដូរ៉េ បាន​ចូល​រួម​ជាមួយ​ផលិតកម្ម​ហង្សមាស​នៅ​ឆ្នាំ ២០១០ ហើយ​លោក​បាន​សាង​ស្នាដៃ​តាម​រយៈ​ការ​និពន្ធ​បទ​ចម្រៀង​ជា​ច្រើន​ដែល​ពេញ​និយម​ខ្លាំង​ក្នុង​ចង្កោម​យុវវ័យ ក្នុង​ចំណោម​នោះ មាន​ដូច​ជា​បទ "សង្សារ​លេង​ៗ" “សង្សារ​ផ្ទាល់​ខ្លួន" និង​កូន​ក្រមុំ​បង គ្រាន់​ជា​មនុស្ស​ធម្មតា​ជា​ដើម"។ ក្រោយ​ពី​ស្នាដៃ​ចាប់​ផ្ដើម​មាន​ការ​ទទួល​ស្គាល់ លោក​ក៏​ត្រូវ​បាន​ផលិតកម្ម​ជា​ច្រើន​បាន​ទាក់​ទង ហើយ​ក៏​ជា​ពេល​ដែល​លោក​បាន​សម្រេច​ចិត្ត​មួយ​ធ្វើ​ឲ្យ​លោក​មាន​វិប្បដិសារី​ដល់​សព្វ​ថ្ងៃ។

លោក ថា លោក​បាន​សម្រេច​ចិត្ត​ចេញ​ពី​ហង្សមាស ក្រោយ​ពី​ផលិតកម្ម​នេះ បាន​ផ្ដល់​ឲ្យ​នូវ​អ្វី​គ្រប់​យ៉ាង ពិសេស​ថៅកែ​ដែល​បាន​ផ្ដល់​ឱកាស ផ្ដល់​ការ​អាណិត​ស្រឡាញ់​ដល់​លោក។ ប៉ុន្តែ​ដោយ​សារ​ការ​មោទកភាព​ពេក ទើប​លោក​សម្រេច​ចិត្ត​ខុស។ លោក ដូរ៉េ បាន​ចាក​ចេញ​ពី​ហង្សមាស​នៅ​ឆ្នាំ​ដើម​ឆ្នាំ ២០១៣ ទៅ​ចូល​រួម​ជាមួយ​ផលិតកម្ម​ថោន។ នៅ​ផលិតកម្ម​ថ្មី លោក​ក៏​ទទួល​បាន​ការ​ផ្ដល់​ឱកាស អោយ​សាង​សមត្ថភាព​ថែម​ទៀត។

លោក​ថា ថៅកែ​ផលិតកម្ម​ថោន ក៏​ដូច​ជា​អ្នក​មាន​គុណ​របស់​លោក​ម្នាក់​ទៀត ពី​ព្រោះ​លោក​ថៅកែ​បាន​ផ្ដល់​ឱកាស​លោក​ជា​ច្រើន​ដូច​គ្នា ខណៈ​ស្នាដៃ​របស់​លោក​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដដែល។ បទ​ដែល​ធ្វើ​លោក​ផ្ទុះ​នៅ​ថោន​មាន​ដូច​ជា​បទ "ស្វា​រាំ​គ្រវី​លីអូ" “បោក​ខោអាវ​នឹក​ស្នេហ៍" “រាំ​ជាន់​អាចម៍​គោ" “ស្នេហ៍​អាថ៌កំបាំង" និង​បទ "លើ​លោក​នេះ​ខ្ញុំ​ស្រឡាញ់​ម៉ាក់​ជាង​គេ" ជា​ដើម។

យ៉ាង​ណា នៅ​អំឡុង​ឆ្នាំ ២០១៧ លោក​ក៏​បាន​វិល​មក​កន្លែង​ដើម​ហង្សមាស​វិញ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​លោក​បាន​ធ្វើ​រឿង​ភាគ​សម្រាប់​ហង្សមាស​បាន​២​រឿង លោក​ក៏​ចាក​ចេញ​ម្ដង​ទៀត។ បច្ចុប្បន្ន​លោក បាន​វិល​មក​ផលិតកម្ម​ថោន​ដដែល ជា​ទី​ដែល​លោក​អះអាង​ថា ថៅកែ​ជា​អ្នក​មាន​គុណ​ទី​២​របស់​លោក​ក្នុង​អាជីព​ជា​អ្នក​និពន្ធ។ បច្ចុប្បន្ន លោក សោម ដូរ៉េ គឺ​ជា​អ្នក​និពន្ធ និង​ដឹកនាំ​សម្ដែង​របស់​ផលិតកម្ម​ថោន៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី