• 2020-05-26 08:23:07
  • ព័ត៌មាន

តាម​ដំណឹង មាន​ក្រុម​ផលិត​បរទេស​ប៉ុន្មាន​ក្រុម បាន​ឲ្យ​តម្រុយ​ហើយ!

  • 2020-05-26 08:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន មាន​ក្រុម​ផលិតភាព​យន្ត​បរទេស​ចំនួន ៣-៤ ក្រុម បាន​ឲ្យ​តម្រុយ​ថា​នឹង​មក​បោះ​ទីតាំង​ថត​ភាពយន្ត​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហាក់​ស្ងប់ស្ងាត់​វត្តមាន​របស់​ក្រុម​ផលិត​ភាពយន្ត​ក្រៅ​ស្រុក​ទាំង​នោះ។

ក្រុម​ផលិត​ភាពយន្ត​មក​ពី​បរទេស​ទាំង​នោះ មាន បារាំង អាមេរិក និង​អូស្ត្រាលី​ជា​ដើម។ តាម​លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​នោះ មាន​ក្រុម​ផលិត​ខ្លះ​បាន​ដាក់​ឯកសារ​ផ្លូវ​ការ​មក​កាន់​ភាគី​កម្ពុជា​ហើយ ដើម្បី​បាន​សិទ្ធិ​ធ្វើ​ការងារ​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​ព្រះរាជាណាចក្រ​អច្ឆរិយ​នៃ​យើង។

“ក្នុង​ចំណោម​ហ្នឹង មាន​ពីរ ដូច​ខាង​អូស្ត្រាលី​ជា​ដើម គាត់​បាន​ដាក់ Script ឲ្យ​យើង​រួច​ហើយ ហើយ​យើង​ក៏​បាន​ពិនិត្យ​លើ​ខ្លឹមសារ​រួច​ហើយ ហើយ​ក៏​បាន​អនុញ្ញាត​ហើយ​ដែរ អីចឹង​មាន​២​ហ្នឹង យើង​បាន​មើល Script ហើយ​ៗ ដោយ​ឡែក​២​ទៀត ទើប​ជា​គម្រោង​នៅ​ឡើយ"។

ភាពយន្ត​ទាំង​នោះ ជា​ប្រភេទ​រឿង​ខ្នាត​វែង ហើយ​បើ​តាម​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ដដែល ក្នុង​ចំណោម​២​រឿង មាន​មួយ​រឿង ជា​ប្រភេទ​រឿង​ស្រដៀង​ទៅ​នឹង​ភាពយន្ត "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ារបស់​​ខ្ញុំ" របស់​ផលិតករ អេន​ជូលីណា ជូលី។ ដោយ​ឡែក មួយ​រឿង​ទៀត​ជា​ប្រភេទ​រឿង​និយាយ​ពី​ប្រវត្តិ​របស់​ស្ថាបនិក​អង្គការ CCF គឺ​លោក Scott Nelson ។ ទាំង​ពីរ​រឿង​នេះ គឺ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ថត​ហើយ ដោយ​ឡែក​តែ​ចុះ​មក​ថត​តែ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ អ្វី​ៗ​ត្រូវ​បាន​រាំង​ស្ទះ ដោយ​សារ​មេរោគ​ខូវីដ-១៩ ទៅ​ហើយ បើ​ពុំ​នោះ​ទេ លោក បូរក្ស ថា​ដំណើរ​ថត​ទំនង​អាច​ចាប់​ផ្ដើម​តាំង​ពី​ខែ​មករា​ឆ្នាំ ២០២០ មក​ម្ល៉េះ។ ដូច្នេះ​ហើយ ដោយ​សារ​តែ​បែប​នេះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា ក្រុម​ផលិតករ​បរទេស​អាច​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​នៅ​ពេល​ណា​នៅ​ឡើយ។

រឿង "មុន​ដំបូង​ប៉ា​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" កាល​ពី​ឆ្នាំ ២០១៧

កាល​ពី​ឆ្នាំ ២០១៩ កម្ពុជា​មាន​ភាពយន្ត​បរទេស​ដែល​មក​ថត​នៅ​កម្ពុជា​មាន​សរុប​ទាំង​អស់ ៣៦​ចំណង​ជើង ក្នុង​នោះ​មាន​ទាំង​ប្រភេទ​ភាពយន្ត​ឯកសារ និង​ខ្នាត​វែង។ ដោយ​ឡែក​មក​ដល់​ដើម​ឆ្នាំ ២០២០​នេះ​វិញ តាម​ប្រធាន​នាយកដ្ឋាន​ភាពយន្ត ចំនួន​បាន​ថយ​ចុះ​ច្រើន ពោល​គឺ​ចាប់​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​មក មិន​មាន​ភាពយន្ត​បរទេស​ណា​ក្រៅ​ពី​ក្រុម​ដែល​បាន​លើក​ឡើង​ពី​ខាង​លើ មក​សុំ​សិទ្ធិ​ថត​ឡើយ បញ្ហា​ចម្បង គឺ ខូវីដ ១៩ នេះ​ដែល​ប្រទេស​ជា​ច្រើន​នៅ​បិទ​ប្រទេស​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់