- 2020-06-04 03:38:33
- ព័ត៌មាន
ទង្វើទាំង ៥ កើតមានក្នុងពិភព K-Pop ដែលគួរតែបញ្ឈប់ពីពេលនេះទៅ
- 2020-06-04 03:38:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង្វើទាំង ៥ កើតមានក្នុងពិភព K-Pop ដែលគួរតែបញ្ឈប់ពីពេលនេះទៅ
ចន្លោះមិនឃើញ
ស្របពេលមានចំណុចវិជ្ជមានជាច្រើនកើតមានក្នុងពិភព K-Pop វាក៏នៅមានរឿងអវិជ្ជមានអមមកជាមួយជាបន្តបន្ទាប់ដែរ។ គំនិត និងទង្វើអវិជ្ជមានទាំងនោះអាចកើតមានឡើងចេញពីផលិតកម្មដែលជាជម្រក អ្នកប្រើអ៊ីនធើណិត ពិសេសអ្នកគាំទ្រដែលមិនទាន់មានភាពចាស់ទុំ។
ខាងក្រោមនេះ ជារឿងទាំង ៥ កើតឡើងឥតល្ហែក្នុងពិភព K-Pop កន្លងមកនេះ ដែលគួរតែដល់ពេលនាំគ្នាបញ្ឈប់កុំឲ្យកើតមានតទៀត បើអាច៖
១. សង្គ្រាមអ្នកគាំទ្រ
Fanwars ឬសង្គ្រាមពាក្យសម្ដីរបស់អ្នកគាំទ្រ បានក្លាយជារឿងដ៏អាម៉ាសបំផុតប្រចាំពិភព K-Pop។ វាកើតឡើងនៅពេលដែលអ្នកគាំទ្រមួយចំនួនដែលមិនទាន់ចេះអត់ធ្មត់នាំគ្នាលើកយកបញ្ហានេះនោះមកឈ្លោះគ្នាទៅវិញទៅមក ការពារ Idol រៀងខ្លួន។
ប៉ុន្តែធាតុពិតនោះ តារារបស់ពួកគេពិតជារាប់អានគ្នាទៅវិញទៅមក ប្រៀបដូចបងប្អូន ថែមទាំងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក ហើយក៏មិនដែលបង្កជម្លោះ ឬប្រកាន់គ្នាដែរ។ ជាឧទាហរណ៍មានម្ដងនោះ BamBam (ក្រុម GOT7) បាននិយាយថា៖ «K-Pop មិនមែនសំដៅតែ GOT7 ទេ ពួកយើងប្រៀបដូចជាគ្រួសារតែមួយទោះបីនៅក្រុមខុសគ្នា ផលិតកម្មផ្សេងគ្នាក៏ដោយ។ យើងគួរចាប់ផ្ដើមពីពេលនេះ ហើយក្រុមផ្សងៗអាចមកចូលរួម និងសម្ដែងជាមួយគ្នានៅទីនេះបានដូចគ្នា "ត្រូវចេះគោរពគ្នា»។
២. ពេលចេញមុខ តារាត្រូវតែល្អឥតខ្ចោះគ្រប់យ៉ាង
ផលិតកម្មនីមួយៗអាចនឹងមានគោលការណ៍តឹងរឹង ចំពោះតារារបស់ពួកគេម្នាក់ៗ នេះក៏ព្រោះតែពួកគេចង់ឲ្យតារាទាំងនោះ បង្ហាញអ្វីចេញមកមានលក្ខណៈពិសេស និងច្បាស់លាស់។ មានរឿងមួយដែលតារាគ្រប់គ្នាត្រូវឆ្លងកាត់នោះគឺ ការបង្អត់ ឬតមអាហារខុសគេខុសឯង ដើម្បីបានរាងស្លីម។ តារាជាច្រើនបានទម្លាយពីទម្លាប់តមអាហារដ៏គ្រោះថ្នាក់ដែលពួកគេបានឆ្លងកាត់កាលពីមុន។ តួយ៉ាងដូច MOMO (ក្រុម TWICE) បានប្រាប់ថានាងធ្លាប់បង្អត់អាហារមិនញ៉ាំអ្វីសោះ ក្រៅពីទំពារដុំទឹកកករាល់ថ្ងៃរយៈ ១សប្ដាហ៍ពេញទៀតផង។
៣. ក្រុមហ៊ុន ឬផលិតកម្មដាក់កម្រិតលើ Idol ជ្រុល
ផលិតកម្មខ្លះមានវិន័យតឹងរឹងខ្លាំងជាមួយនឹងតារារបស់ខ្លួន។ ថ្មីៗដូច Denise (ក្រុម Secret Number) បានបង្ហាញការគាំទ្ររបស់ខ្លួនក្នុងយុទ្ធនាការរកយុត្តិធម៌ឲ្យជនស្បែកខ្មៅ ប៉ុន្តែក្រោយមកភ្លាមៗ ផលិតកម្មរបស់នាងក៏បានសម្រេចផ្អាកដំណើរការ (Deactivate) គណនី Instagram របស់នាង ជាហេតុធ្វើឲ្យអ្នកគាំទ្រមានការខឹងសម្បារជាខ្លាំង។
ដោយឡែកក៏មានតារាមួយចំនួន សម្ដែងការមិនពេញចិត្តដែលមកត្រូវរងសម្ពាធក្រោមការគ្រប់គ្រងជ្រុលហួសហេតុរបស់ផលិតកម្មរបស់ពួកគេដែរ។ តួយ៉ាងដូច Bobby (ក្រុម iKON) ជាដើម ក៏ធ្លាប់និយាយពីវិន័យរបស់ផលិតកម្ម YG ដែលធ្វើមកលើលោកដែរ ដូចជាពេលចេញទៅណាមកណា ដាច់ខាតត្រូវសុំអនុញាតិពីពួកគេសិនទើបចេញបាន។
៤. តារា K-Pop ត្រូវក្លាយជាផ្ទាំងស៊ីបរងការរិះគន់មិនចេះស្វាងពីអ្នកប្រើអ៊ីនធើណិត
មហាជនមួយចំនួន តែងរង់ចាំចាប់កំហុសគ្រប់យ៉ាងដែលតារាទាំងនោះធ្វើ ទាំងរឿងល្អ និងមិនល្អ។ ជាក់ស្ដែង ដូចព័ត៌មានស្នេហាជាដើម ក្លាយជាប្រធានបទធំដែរសម្រាប់សង្គមមួយនេះ។ អ្នកប្រើអ៊ីនធើណិត ឬអ្នកគាំទ្រជ្រុលនិយមមួយចំនួនតែងបញ្ចេញការយល់ឃើញលឿនដូចព្យុះបង្ហាញការមិនពេញចិត្ត និងលើកឡើងថាតារាទាំងនោះធ្វើឲ្យពួកគេឈឺចាប់ ដោយសារលួចទាក់ទងមានស្នេហាស្ងាត់ៗ។
៥. តារាៗខំប្រឹងប្រែងធ្វើការជ្រុលកម្លាំងខ្លាំង
មុនបង្ហាញភាពស្រស់ស្រាយ កាយវិការស្វាហាប់លើឆាកសម្ដែង តារា K-Pop គ្រប់គ្នាត្រូវប្រឹងហ្វឹកហាត់ ស្ទើរមិនស្គាល់យប់ថ្ងៃ និងគ្មានពេលសម្រាកឡើយ។ គោលបំណងក៏ដើម្បីអ្នកគាំទ្រ បានរីករាយ និងរំភើបនឹងការសម្ដែងទាំងនោះ ប៉ុន្តែពេលខ្លះអ្វីដែលក្រុមហ៊ុនធ្វើដាក់តារាទាំងនោះ វាក្លាយជារឿងដែលលើសកម្លាំង។ តារាជាច្រើនខំប្រឹងអត់ធ្មត់មិនបង្ហាញអាការៈទន់ជ្រាយទេ ប៉ុន្តែខ្លះទៀតដល់ថ្នាក់ទ្រាំទប់ខ្លួនលែងជាប់ និងត្រូវសន្លប់លើឆាកក៏មាន។
ពិតណាស់វាមិនមែនជាការដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែរាល់ទង្វើដែលផលិតកម្ម ឬក្រុមហ៊ុនទាំងនោះដាក់កម្រិតឲ្យតារារបស់ពួកគេ ដូចជាធ្ងន់ធ្ងរខ្លាំងណាស់។ ករណីដដែល ដូចក្រុមចម្រៀង B.A.P ដែលជាអ្នកជួបរឿងបែបនេះផ្ទាល់ បានដាក់ពាក្យប្ដឹងផលិតកម្ម TS របស់ខ្លួនដែលបានប្រព្រឹត្តិអំពើអយុត្តិធម៌ដាក់ក្រុម មានដូចជាមិនផ្ដល់ប្រាក់ឲ្យក្រុម ឲ្យបានត្រឹមត្រូវតាមអ្វីដែលពួកគេខិតខំជាដើម៕