• 2020-06-09 10:21:52
  • ព័ត៌មាន

ក្ដៅ​ៗ មាស សុខសោភា ប្រកាស​ដើរ​ចេញ​ពី​ផលិតកម្ម ថោន នៅ​រសៀល​នេះ

  • 2020-06-09 10:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ចចាមអារ៉ាម​ជា​យូរ​មក​ហើយ រឿង​ផែន​ការ​ចាក​ចេញ​ពី​ផលិតកម្ម​ថោន ឥឡូវ​គិត​ត្រឹម​រសៀល​នេះ អ្វី​ៗ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ ដោយ​នាង​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​នាង​ប្រមាណ​១ម៉ោង​មុន​នេះ។

សោភា បាន​បញ្ចេញ​សារ​ប្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​នាង ដោយ​នាង​បាន​បញ្ជាក់​ថា នេះ​ជា​វេលា​ដ៏​តានតឹង​បំផុត​របស់​នាង។ " ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​តានតឹង​មួយ​របស់​នាង​ខ្ញុំ ដែល​នាង​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​ផលិតកម្ម Town។ អរគុណ​ដល់​បងប្រុស បង​ស្រី​ដែល​បាន​មើល​ថែ​ប្អូន​រយៈ​ពេល ៩​ឆ្នាំ​នេះ អនុស្សាវរីយ៍ និង​អំពើ​ល្អ​របស់​បង​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​បេះដូង​របស់​ប្អូន​ជានិច្ច"។

បន្ថែម​ពី​លើ​នេះ សោភា បាន​ថ្លែង​អរគុណ​ដល់​បណ្តា​ផលិតកម្ម​ទាំង​អស់ ដែល​បាន​ផ្តល់​ឱកាស​ដល់​នាង​នា​ពេល​កន្លងមក ហើយ​បន្ទាប់​ពី​ប្រកាស​ដើរ​ចេញ​ពី​ថោន​នេះ នាង​ក៏​បាន​ប្រកាស​បើក​ចំហ​សម្រាប់​ការ​សហការ​ផលិត​បទ​ចម្រៀង ពី​បណ្តា​ផលិតកម្ម​ទាំង​អស់​ដូច​គ្នា ជាមួយ​នឹង​ការ​តាំង​ចិត្ត​ថា នឹង​ខិត​ខំ​ប្រឹង​ប្រែង​ផលិត​នូវ​បទ​ចម្រៀង​ថ្មីៗ ដើម្បី​បងប្អូន​ទាំង​អស់​គ្នា​ជានិច្ច។

ដំណឹង​នេះ បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​រំជើប​រំជួល​ក្នុង​ចង្កោម​អ្នក​គាំទ្រ​របស់​នាង ខណៈ​ដំណឹង​ចង់​ចាក​ចេញ​ពី​ថោន​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ ខណៈ​នាង​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ផលិតកម្ម​មួយ​ផ្សេង​ទៀត។ យ៉ាង​ណា​ក៏​ដោយ​គិត​នៅ​ត្រឹម​រសៀល​ថ្ងៃ​ដដែល​នេះ sabay នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​សាមី​ខ្លួន​បន្ថែម​លើ​រឿង​ដែល​កើត​ឡើង​នៅ​ឡើយ។

បែប​នេះ​ក្ដី តាម​ប្រភព​មួយ​ពី​ក្នុង​ផលិតកម្ម​ថោន បាន​បង្ហើប​ថា អ្វី​ៗ​មិន​ទាន់​ផ្លូវ​ការ​នៅ​ឡើយ ហើយ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ដែរ ដែល​តារា​ចម្រៀង​ស្រី បាន​ប្រកាស​ដូច្នេះ ពោល​គឺ​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​បន្ទាប់​ពី​ការ​សម្រុះសម្រួល​គ្នា​រវាង​ភាគី​តារា​ចម្រៀង និង​ផលិតផល​ឈាន​ដល់​ព្រមព្រៀង​គ្នា នាង​​បន្ត​នៅ​ដដែល។ ទោះ​យ៉ាង​ណា គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា លើក​នេះ​នឹង​ចេញ​លទ្ធផល​ដូច​មុន​ៗ​ឬ​យ៉ាង​ណា៕

អត្ថបទ៖ ទារិកា

មតិយោបល់