• 2020-06-24 04:37:44
  • ព័ត៌មាន

សិល្បការិនី និងឥស្សរជនល្បីឈ្មោះ៣រូប ទទួលការឈឺចាប់ដូចគ្នា នៅចុងខែមិថុនា នេះ

  • 2020-06-24 04:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី២២ និង​ថ្ងៃទី២៣ ខែ​មិថុនា ម្សិលមិញ អាច​និយាយ​បាន​ថា​ជា​ថ្ងៃ​អាក្រក់ ឬ​ជា​ថ្ងៃ​ដែល​មិន​ចង់​ឲ្យ​មាន​ឡើយ សម្រាប់​សិល្ប​ការិនី និង​ឥស្សរជន​ល្បីឈ្មោះ​៣​រូប ព្រោះ​វាជា​ថ្ងៃ​ដែល​បាត់បង់​អ្នក​ជាទី​ស្រលាញ់​របស់​ខ្លួន។

រហូត​មក​ដល់​ថ្ងៃ​ហើយ​ពួកគេ​នៅ​តែ​មាន​ភាព​សោកសៅ​ខ្លាំង ខណៈ​ដែល​គ្រួសារ​ខ្លះ កំពុង​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​សព​ដែលជាសាច់ញាតិជាទីស្រឡាញ់របស់ខ្លួនទើប​ចែកឋានទៅ មិន​ទាន់​ចប់ស្រួលបួល​ផង។

ទី១ គឺឪពុក​របស់​តារា​ចម្រៀង​ប្រពៃណី​អ្នក​នាង ខាត់ សុឃីម គឺ​លោក លាវ ខាត់ បាន​ទទួលអនិច្ចកម្ម នៅ​ផ្ទះ​របស់លោកស្ថិតនៅ​ភ្នំ​បាសិត ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​វេលា​ទៀបភ្លឺ ថ្ងៃទី២២ ខែ​មិថុនា។

លោក លាវ ខាត់ គឺ​ជា​អ្នក​ចម្រៀង​ប្រពៃណី និង​ជា​ជើង​ចាស់​ផ្នែក​លេង​ភ្លេង​ប្រពៃណី។ មុន​នឹង​ចែកឋាន​ទៅលោក​បាន​បណ្ដុះបណ្ដាល​កូន​ប្រុស-ស្រី​ទាំង​៩​នាក់​របស់​លោក​ឲ្យ​ចេះ​លេង និង​ស្គាល់​ពី​តម្លៃ​សិល្បៈ​បុរាណ​ខ្មែរ ជា​ពិសេស​វង់ភ្លេង​ប្រពៃណី​ខ្មែរ រហូត​ដល់​កូន​របស់លោកខ្លះ​បាន​ចាប់​យក​អាជីព​សិល្បៈ​រហូត​មក​ដល់​បច្ចុប្បន្ន។

រូបភាព៖ ហ្វេសប៊ុក ខាត់ សុឃីម

លោកគ្រូ លាវ ខាត់ ដែល​ជា​ឪពុក​បង្កើត​របស់​តារា​ចម្រៀង ខាត់ សុឃីម បាន​ចែកឋាន​នៅ​អាយុ​៦៩ឆ្នាំ។ លោក​ត្រូវ​បាន​គ្រួសារ​សន្និដ្ឋាន​ថា ស្លាប់​ដោយសារ​ជំងឺ​លើស​ឈាម ពី​ព្រោះ​រូប​លោក​ធ្លាប់​មាន​ជំងឺ​លើស​ឈាម ហើយ​គ្រួសារ​ធ្លាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលម៉ែត មុន​ពេល​ដែល​លោក​ដេក​ស្លាប់​នៅ​នឹង​ផ្ទះ​ដោយ​ពុំ​មាន​កូនចៅ​ណា​ម្នាក់​ទាន់​ដង្ហើម​ចុងក្រោយ​របស់​លោក​នោះ។

ទី២ គឺ​ម្ដាយ​បង្កើត​របស់​តារា​សម្ដែង អ៊ុំ សក្ខណា ហៅ​ម៉ែ​នឿន បាន​ទទួល​អនិច្ចកម្ម​នៅ​ក្នុង​ផ្ទះ​ដ៏​កម្សត់​របស់​គាត់ ស្ថិតនៅ​ជិតជ្រោះពេជ្រនិល ក្នុងឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃទី២២ ខែ​មិថុនា។

ម្ដាយ​របស់​តារា​សម្ដែង​អ៊ុំ សក្ខណា មិនមែន​ជា​អ្នក​សិល្បៈ​នោះ​ទេ ប៉ុន្តែ​តារា​សម្ដែង អ៊ុំ សក្ខណា បាន​ទុក​ជីវិត​ម្ដាយ​ដូច​ជា​ជីវិត​របស់​ខ្លួន ដោយ​ពេល​ម្ដាយ​ធ្លាក់​ខ្លួន​ឈឺ គាត់​បានលក់​គ្រប់​ទ្រព្យ​សម្បត្តិ​ដែល​មាន និង​ប្រាក់​បាន​មក​ពី​ការ​សម្ដែង ត្រូវ​ប្រមូល​យក​ទៅ​មើល​ជំងឺ​ម្ដាយ។ តែ​ជា​អកុសល​ម្ដាយ​អ្នក​ស្រី បាន​ចែកឋាន​នៅ​អាយុ​៩៧​ឆ្នាំ ដោយ​ជរាពាធ។

និង​ទី៣ គឺ​បងស្រី​តែ​ម្នាក់​គត់​របស់​ស្ដេច​នំ​ដូណាត់ និង​ជា​បុគ្គល​ដែលសកម្ម​បំផុត​ក្នុង​ការ​រួម​ចំណែក​លើក​កម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ លោក ទិត ង៉ូយ បាន​អនិច្ចកម្ម​កាល​ពី​ថ្ងៃទី២៣ ខែ​មិថុនា ម្សិលមិញ​នេះ។

កាល​ពី​ថ្ងៃទី១១ ខែ​មិថុនា បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់ខ្លួនថា បង​ស្រី​ជាទី​ស្រឡាញ់តែ​ម្នាក់​គត់​របស់​លោក​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​កាន់​តែ​យ៉ាប់​ហើយ ប៉ុន្ដែ​លោក​មិន​បាន​បញ្ជាក់​ថា បង​ស្រី​របស់​លោក​មាន​ឈ្មោះ​អ្វី មាន​ជំងឺ​អី ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ឯណា​នោះ​ទេ។ ប៉ុន្តែ​សភាព​បងស្រី​របស់​លោកដែលឃើញនៅតាមហ្វេសប៊ុកនោះ គឺអាច​ចែកឋាន​ដោយ​ជំងឺ​ចាស់ជរា បណ្ដាល​ឲ្យ​លោក​មាន​ការ​សោកសៅ​ជា​ខ្លាំង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់