• 2020-07-02 03:27:00
  • ចម្រៀង

Galaxy ជាប់គាំងនឹងការផលិតបទចម្រៀងមរតកដើម ក្រោយពីទទួលបានសិទ្ធិស្របច្បាប់ពីម្ចាស់ស្នាដៃ

  • 2020-07-02 03:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy Navatra បង្ហាញ​ការ​អន់ចិត្ត​ចំពោះ​អ្នក​រកស៊ី​ថតចម្លង​បទចម្រៀង​លក់ និង​ម្ចាស់​Chanel Youtube ដែល​យក​បទ​មរតក​ដើម​ទៅ​ធ្វើ​អាជីវកម្ម​ព្រោងព្រាត ដោយ​មិន​បាន​សុំ​សិទ្ធិ​ពី​ម្ចាស់​ស្នាដៃ។

អ្នក​ចាត់ការ​ទូទៅ​របស់​ផលិតកម្ម​នេះ គឺ​លោក យឹម ត្រា​ស្រង់ ឲ្យដឹង​ថា ចាប់​តាំង​ខែ​ឧសភា ឆ្នាំ​២០២០ ដែល​Galaxy ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ពី​ភរិយា​កវី​គង្គ ប៊ុនឈឿន ផលិតកម្ម​មិន​ទាន់​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ ព្រោះ​នៅ​មាន​អ្នក​រកស៊ី​ថតចម្លង និង​ម្ចាស់ Chanel Youtube ច្រើន​ពេក​ដែល​នៅ​រកស៊ី​មិន​គិត​ពី​ច្បាប់​ស្ដីពី​កម្មសិទ្ធិ​បញ្ញា។ បច្ចុប្បន្ន​ផលិតកម្ម គ្មាន​វិធី​អ្វី​ក្រៅ​ពី​រៀបចំ​ឯកសារ​ដើម្បី​ប្ដឹង​ទាស់​ទៅ​នឹង​អ្នក​រកស៊ី​ទាំង​នោះ​ជា​មុន​ឡើយ។

តាស្រង់៖"តាម​ខ្ញុំ​ស៊ើប​មើល​បទ​មរតក​ដើម​ភាគ​ច្រើន​មិន​មែន​ជា​ការ​ផ្ដល់​សិទ្ធិ​ពី​ម្ចាស់​ស្នាដៃ​ទេ តែ​គេ​ Copy right យក​ទៅ​ដាក់​ធ្វើ​អាជីវកម្ម​ហ្មង...ល្មម​ហើយ​កុំ​បំពាន​គាត់(ម្ចាស់​ស្នាដៃ)​ដល់​ថ្នាក់​ហ្នឹង​ពេក"។

ផលិតកម្ម Galaxy Navatra ធ្លាប់​ព្រមាន​ដល់​បណ្ដា​ផលិតកម្ម និង​Chanel Youtube ព្រមទាំង​ប្រព័ន្ធ​Digital ទាំង​អស់​ដែល​បាន​យក​បទ​មរតក​ដើម​ដែល​ជា​ស្នាដៃ​របស់​កវី​គង្គ ប៊ុនឈឿន ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​រួសរាន់​លុប​ចេញ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០២០ ពោល​គឺ​នៅ​មុន​ពេល​ដែល​ផលិតកម្ម​ប្រើ​សិទ្ធ​ស្រប​ច្បាប់​ក្នុង​ការ​លើក​តម្កើង ការពារ និង​ប្រយោជន៍​ម្ចាស់​ស្នាដៃ។

សូម​បញ្ជាក់​ថា ផលិតកម្ម Galaxy Navatra ទទួល​បាន​សិទ្ធ​គ្រប់គ្រង​មរតក​សំនៀង​ដើម​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​កវី គង្គ ប៊ុនឈឿន រយៈ​ពេល​១០​ឆ្នាំ។ បទ​ចម្រៀង​ទាំង​នោះ​ភាគ​ច្រើន ជា​សំនៀង​ដើម​របស់​លោក​តា ស៊ិន ស៊ីសាមុត និង​លោក​យាយ រស់ សេរីសុទ្ធា។ Galaxy នឹង​ផលិត​ឡើង​វិញ​ដោយ​រក្សា​ទម្រង់​ដើម នៃ​បទ​ចម្រៀង​ទាំង​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់