• 2020-07-04 02:41:27
  • ភាពយន្ត

លេង​មែន​ទែន ស្រី​អូន ដែល​ល្បី​លើ​ហ្វេសប៊ុក ហក់​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ហើយ!

  • 2020-07-04 02:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី នួន ស៊ុន្ទរី ហៅ "ស្រីអូន" ដែល​ស្គាល់​ថា​ជា​ថៅកែ​ផលិតផល​ថែរក្សា​សម្ភស្ស "សម្រស់​ធម្មជាតិ" និង​ជា​បុគ្គល​ល្បី​លើ​បណ្ដាញ​សង្គម​ដោយ​សារ​សកម្មភាព​សប្បុរស​នានា​នោះ ពេល​នេះ បាន​ហក់​ចូល​មក​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

នៅ​ក្នុង​វេលា​បើក​ពិធី​ក្រុងពាលី​ត្រៀម​ចេញ​នៅ​ម្សិលមិញ​នេះ ថៅកែ​ហាង ដ៏​ស្រស់​ស្អាត ត្រូវ​បាន​គេ​ដឹង​ថា ការ​ហក់​ចូល​មក​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​នា​ពេល​នេះ គឺ​ក្នុង​នាម​ជា​ចាងហ្វាង​ផលិតកម្ម​ផង និង​ជា​តួ​សម្តែង​ផង ដោយ​ផលិតកម្ម​របស់​អ្នក​ស្រី​មាន​ឈ្មោះ​ថា "ផលិតកម្ម រាម" ឬ "Ream Production"។

ដោយ​ឡែក​រឿង​ដំបូង​របស់​ផលិតកម្ម​ថ្មី​ថ្មោង ដែល​ទើប​ក្រុងពាលី​នៅ​ពេល​នេះ មាន​ចំណង​ជើង​ថា "កម្ម" ឬ "Karma" ជា​ប្រភេទ​រឿង​បែប​រន្ធត់​ខ្នាត​ធំ ប្រមូល​ផ្តុំ​ដោយ​តារា​សម្តែង​អាជីព​ស្អាត​ៗ​ជា​ច្រើន។ ចំណុច​គួរ​ចាប់​អារម្មណ៍​តាម​ការ​បញ្ជាក់​របស់​ចាងហ្វាង​ដ៏​ស្រស់​ស្អាត ផលិតកម្ម​អ្នក​ស្រី​បាន​ចំណាយ​ថវិកា​មហាសាល​វិនិយោគ​លើ​ឧបករណ៍​ថត​ទំនើប មិន​ឲ្យ​ចាញ់​ផលិតកម្ម​ក្រៅ​ស្រុក​ឡើយ។

ស្រី​អូន បាន​ពន្យល់​ថា មូលហេតុ​ដែល​អ្នក​ស្រី ហក់​ចូល​មក​ក្នុង​វិស័យ​ភាពយន្ត ក៏​ព្រោះ​ដោយ​សារ​ទឹក​ចិត្ត​ខ្ញុំ​ស្រលាញ់​ហើយ​ចិត្ត​ស្រឡាញ់​នេះ បាន​នាំ​អ្នក​ស្រី ឲ្យ​ចង់​រួម​ចំណែក អភិវឌ្ឍន​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​ថែម​ទៀត​ក្នុង​ទិសដៅ​ច្បាស់​លាស់​មួយ។

"ក្រុមហ៊ុន​បាន​កំណត់​ទស្សន:វិស័យ​យ៉ាង​ច្បាស់​លាស់​ថា "នាំ​ភាពយន្ត​ខ្មែរ ទៅ​កាន់​ពិភពលោក"។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​យើង​សម្រេច​វិនិយោគ ៥០​ម៉ឺន​ដុល្លារ ជា​ការ​ដាក់​ទុន​ដំបូង ដោយ​៣០ម៉ឺន​ដុល្លារ លើ​កាមេរ៉ា​ថត​លំដាប់​ហូលីវូដ​ម៉ាក ARRI កុំព្យូទ័រ​កាត់​ត​រូបភាព ឧបករណ៍​ច្នៃ​សម្លេង និង​សម្ភារៈ ទំនើបផ្សេងៗទៀត និង​ចំណាយ​២០​ម៉ឺន​ដុល្លារ​ទៀត លើ​ការ​ផលិត​រឿង​ទី​១​រឿង "កម្ម" រឺ​ហៅ​ជា ភាសា​អង់គ្លេស​ថា “Karma” នេះ"។ ស្រី​អូន ថ្លែង។

ក្រុម​ការងារ​ផលិត​រឿង "កម្ម" របស់ ស្រី​អូន ត្រៀម​នឹង​ចេញ​ថត​ឆាប់​ៗ​នេះ​ហើយ ក្រោយ​ពី​ធ្វើ​ពិធី​ប្រពៃណី​ចប់​សព្វ​គ្រប់។ រឿង​នេះ ប្រមូល​ផ្ដុំ​ដោយ​តារា​ប្រុស​ស្រី​អាជីព​ជា​ច្រើន​រូប ដូច​ជា​លោក ឃឹម ហ្សានីត កញ្ញា Bella និង​តារា​វ័យ​ក្មេង​ស្រស់​ស្អាត​ជា​ច្រើន​ទៀត។ តួឯក​ប្រុស ស្រី ទាំង​ពីរ បាន​ពោល​ដូច​ៗ​គ្នា​ថា ពួក​គេ​មាន​មោទកភាព​ណាស់​ដែល​បាន​ចូល​រួម​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​របស់​ចាងហ្វាង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​នៅ​លើ​បណ្ដាញ​សង្គម។ ពិសេស គឺ​ពេញ​ចិត្ត​សាច់​រឿង​តែ​ម្ដង ដូច្នេះ​ហើយ​ពួក​គេ​នឹង​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព។

លោក ឃឹម ហ្សានីត និង Bella

លោក ភិជិត ឬទ្ធា ដែល​ជា​អ្នក​ដឹកនាំ​រឿង បញ្ជាក់​ថា ដំណើរ​ការ​ផលិត​នៃ​រឿង "កម្ម" ប្រព្រឹត្ត​ដោយ​មាន​ការ​សម្អិតសម្អាង​ពិសេស ទាំង​លើ​ការ​តុប​តែង​ឆាក ការ​រចនា​សម្លៀកបំពាក់ ការ​ផាត់​មុខ ពិសេស​គឺ​បច្ចេកទេស​ថត និង រចនា​សម្លេង និង​បច្ចេកទេស​ផ្សេង​ៗ​ទៀត សុទ្ធ​តែ​គាំទ្រ​ដោយ​ឧបករណ៍ ក៏​ដូច​ជា​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ។ ដូច្នេះ​ហើយ លោក​អះអាង​ថា រឿង​នេះ​នឹង​ចេញ​មក​ជាមួយ​គុណភាព​ស្តង់ដារ​ខ្ពស់​មួយ។

តាម​ផែន​ការ​រឿង "កម្ម" របស់ "ផលិតកម្ម រាម" គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​គ្រប់​រោងភាពយន្ត​ក្នុង​ស្រុក​នា​ដើម​ឆ្នាំ ២០២១ នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់