• 2020-07-09 02:46:43
  • ព័ត៌មាន

Dara ហូរទឹកភ្នែកច្រោក ពេល​ Minzy ទម្លាយ​អារម្មណ៍ពិតពេល​សម្រេចចេញពីក្រុម

  • 2020-07-09 02:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gong Minzy បាន​បង្ហាញ​មុខ​ក្នុងកម្មវិធី​ Video Star កាលពីពេល​ថ្មីៗ ដោយ​ថែម​ទាំង​បាន​ទម្លាយ​រឿង​រ៉ាវ​មួយ​ចំនួន​ ទាក់ទង​នឹង​ពេល​វេលា​លំបាក​ និងអារម្មណ៍ពិត​ដែល​នាង​បៀមទុក​ជាប់ ក្រោយ​សម្រេច​ដើរ​ចេញ​ពី​ 2NE1 កាល​ពី​ឆ្នាំ ២០១៦។

ដំបូង​នាង​បាន​លើក​ឡើងពី​ឧបសគ្គ​ជាមួយ​ក្រុម​ កាលពី​ពេល​ដែល​ត្រូវ​រង់ចាំ​យូរ​បំផុត​ ទម្រាំបាន​ចេញ​បទ​ថ្មី​ម្ដងៗ។ ទោះបី​ 2NE1 បាន​បំបែក​កំណត់ត្រា​ច្រើន​ប្រចាំ​ K-Pop ប៉ុន្តែ​បើ​គិត​ឲ្យ​បាន​ដិត​ដល់ ពួកគេ​មាន​អាល់ប៊ុម​ធំ​ត្រឹម​តែ​ ២ ប៉ុណ្ណោះ ក្នុង​រយៈពេល​ ៧​ឆ្នាំរបស់​ក្រុមនេះ។

Minzy ថា៖ «យើង​មាន​ពេល​ច្រើនណាស់លើ​ការ​សម្រាក​ចេញ​អាល់ប៊ុម។ មែនទែនទៅ​ពួកយើង​មានអាល់ប៊ុម​ធំ តែ២ប៉ុណ្ណោះ។ បើ​ Comeback វិញ​ យើង​ធ្វើ​ ១ដង​ក្នុង​រយៈពេល ៤ឆ្នាំ ដូច​ព្រឹត្តិការណ៍អូឡាំពិកអ៊ីចឹង។ ខ្ញុំ​ជួប​រឿង​ច្រើន​អំឡុងពេល​ដកឃ្លា​នោះ។ ខ្ញុំ​ខ្លួន​ឯង​ក៏ជួប​នឹង​វិបត្តិ​ផ្លូវចិត្ត​ និង​ស្ត្រេស​ខ្លាំង​ដែរ»។

បន្ត​ថែម​ នាង​និយាយ​ថា៖ «ពេល​ខ្ញុំ​ចេញពីក្រុម មនុស្សម្នា​នាំ​គ្នា​និយាយ​ថា​ខ្ញុំ​ក្បត់​ក្រុម ហើយ​ចាប់​ផ្ដើមនិយាយ​ពាក្យ​ចចាមអារ៉ាមតៗគ្នារហូត។ ពួកគេលើ​កឡើង​សុទ្ធ​តែ​ជា​ព័ត៌មានមិនពិត។ នោះហើយ​ជា​ពេល​វេលា​ដ៏​លំបាក​លំបិន​បំផុត​សម្រាប់​ខ្ញុំ។ ខ្ញុំ​មាន​អាយុ​ទើប​តែ ២២ឆ្នាំ​ទេពេល​នោះ​ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​មិន​តាមដាន​ខមមិន​ ឬ​ព័ត៌មាន​ទាំង​នោះមួយ​រយៈ ព្រោះថា​វា​លើសពេក​ហើយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​រែកពន់»។

និយាយ​ដល់ Dara វិញ​ Minzy បញ្ជាក់​ថា បងស្រី​ម្នាក់​នេះ​ហើយ​ដែល​ជា​ប្រភព​ថាម​ពល​ផ្លូវចិត្ត​ធំ​សម្រាប់នាង ដែល​តែង​លើក​ទឹក​ចិត្ត​ជានិច្ច អំឡុងពេល​នាង​ដក​ឃ្លា​ពីសិល្បៈនោះ។ នាងតាមដាន​​គ្រប់សកម្មភាព​ការងារ​មមាញឹក​របស់​ Dara ក្នុង​កម្មវិធី​ផ្សេងៗ​ ដែល​ខិតខំ​យក​ឈ្នះ​ខ្លួនឯង និង​សម្ដែង​ចេញ​នូវភាព​រស់រវើកជានិច្ច។ មិនត្រឹម​តែ​ប៉ុណ្ណោះ Minzy ថែម​ទាំង​និយាយ​ទៀត​ថា​ Dara ប្រៀបដូចជា​អ្នកម្ដាយ​ប្រចាំ​ក្រុម នាង​តែង​មើល​ថែ​ និង​ខ្វល់​ខ្វាយ​សមាជិក​រួម​ក្រុម​ជា​និច្ច។

ឮបែប​នេះ Dara ឯណេះ​ស្រាប់​តែ​យំភ្លាមមួយ​រំពេច ហើយ​ក៏​បាន​និយាយ​ដែរ​ថា​ នាង​សោកស្ដាយ​ដែល​មិន​បាន​បំពេញ​តួ​នាទី​ពេញលេញជា​បងស្រី​ល្អ​ចំពោះ​ប្អូន​ស្រី​ពៅ​មួយ​នេះ​ អំឡុងពេល​លំបាក ហើយ​នាង​ពិត​ជា​អាណិត​ប្អូន​ដែល​ត្រូវ​មកជួប​រឿង​បែបនេះ​ ស្របពេល​អាយុ​នៅ​ក្មេង​នៅឡើយ។

យ៉ាង​ណាក៏ដោយ​មក​ទល់ពេល​នេះ​ ទោះ​បី​ Minzy ចាប់ផ្ដើម​វិថី​ថ្មី​ដោយ​ខ្លួន​ឯង​ ហើយ​ Dara ឯណេះ​នៅ​បន្ត​ការងារ​ក្រោម​ផលិតកម្ម YG ក៏ពិត​មែន​ ប៉ុន្តែ​ពួកគេ និង​សមាជិក​ ២​នាក់ទៀត​នៅតែ​ស្រឡាញ់​រាប់អាន​គ្នា​ជា​បងជាប្អូន​ក្នុង​នាម​ជា​ 2NE1 ដដែល៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់